website_news:2020130504

ចាប់ខ្លួនយុវជនម្នាក់តាមបណ្តឹងម្តាយជនរងគ្រោះករណីធ្វើទារុណកម្មកុមារកាលពី១ឆ្នាំមុន

http://www.freshnewsasia.com/ 2020-05-13

(ឧត្តរមានជ័យ)៖ យុវជនម្នាក់ ដែលគេស្គាល់ថាជាសកម្មជន Facebook ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តឧត្តរមានជ័យឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ក្រោយមានពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ ដែលបានប្តឹងជននេះថា បានធ្វើទារុណកម្មកូនខ្លួន កាលពី១ឆ្នាំ។ យុវជនដែលសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ ធួន ផានណា ហៅហុន អាយុ៣៤ឆ្នាំ រស់នៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ចំណែកម្តាយជនរងគ្រោះ មានឈ្មោះ ខេន ធារី អាយុ២៩ឆ្នាំ ចំណែកជនរងគ្រោះជាកុមារ មានអាយុ ១ឆ្នាំ៧ខែ ឈ្មោះភី វាសនា។ ជនសង្ស័យ គឺជាប្តីក្រោយរបស់ម្តាយជនរងគ្រោះ ហើយកូនក្មេងរងគ្រោះនេះ គឺជាកូនរបស់ប្តីមុន។

បើតាមការអះអាងរបស់សមត្ថកិច្ច តាមបណ្តឹងរបស់ជនរងគ្រោះ គឺករណីធ្វើទារុណកម្មនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅភូមិ ឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជនសង្ស័យបានប្រើប្រាស់អំពើហិង្សា ដោយចាប់កាច់ដៃកាច់ជើងកូនប្រុសរបស់គាត់នឹងអតីតប្ដីមុន ដែលពេលនោះទើបមានអាយុ៧ខែ ឲ្យរងរបួសជាទម្ងន់ ដោយបាក់ដៃ និងបាក់ជើង។

ទោះជារឿងនេះបានកើតឡើងកាលពី១ឆ្នាំមុន ប៉ុន្តែជនរងគ្រោះទើបនឹងដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ច កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ប៉ុណ្ណោះ ដោយមានបង្ហាញភស្តុតាងមួយចំនួន។ ក្រោយមានការដាក់ពាក្យបណ្តឹងនេះ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចុះឃាត់ខ្លួនឈ្មោះ ធួន ផានណា តែម្តង នៅវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ រហូតមកដល់ពេលនេះ ជនសង្ស័យកំពុងស្ថិតនៅក្នុងការសួរនាំរបស់សមត្ថកិច្ចនៅឡើយ៕

website_news/2020130504.txt · Last modified: 2020/05/13 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki