website_news:2020130802

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងារអនុវត្តច្បាប់ នៃគ.ជ.ប.ជ

https://cambodiapolice.com/policekh/ 9:49 pm 12 សីហា 2020

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារអនុវត្តច្បាប់ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងារអនុវត្តច្បាប់ នៃគ.ជ.ប.ជ។ កិច្ចប្រជុំប្រារព្ធធ្វើឡើងនៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក នៃគ.ជ.ប.ជ មកពីស្ថាប័នផ្សេងៗដែលពាក់ព័ន្ធចំនួន៩ផងដែរ។

មានប្រសាសន៍ក្នុងអង្គប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំឲ្យបង្កើតក្រុមប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីចាំទទួលការឆ្លើយតប ទទួលរបាយការណ៍ និងទទួលកិច្ចសហការដើម្បីធ្វើការសម្របសម្រួលទាន់ពេលវេលា។ ឯកឧត្តមបន្តថា ពាក់ព័ន្ធនិងក្រុមការងារអនុវត្តច្បាប់គឺជាកិច្ចការដ៏ធំមួយក្នុងការលើកកិត្តិយសថ្នាក់ជាតិ។ ហើយឯកឧត្តមក៏បានទទូចឲ្យមានការត្រួតពិនិត្យរបាយការណ៍ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ត្រីមាស និងឆមាស ដែលក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងនាមជាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សទាំងអស់ជាអ្នកអនុវត្តច្បាប់ចូលរួមទាំងអស់គ្នា ដើម្បីសហការទទួលបានជោគជ័យ។ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានដាក់ទិសដៅចំនួន៥ សម្រាប់អង្គប្រជុំយកមកធ្វើការអនុវត្តដែលក្នុងនោះរួមមាន៖

ទី១-ត្រូវបង្កើនការផ្សព្វផ្សាយអប់រំឲ្យបានចំគោលដៅ និងចំទីតាំង ត្រូវជូនខ្លឹមសារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យមានការយល់ដឹងសំដៅធ្វើយ៉ាងណាកុំឲ្យពួកគាត់ចាញ់បោកការលួងលោមរបស់ក្រុមមេខ្យល់។ ទី២-ត្រូវបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ដោយកៀងគរឲ្យមានការបណ្តុះបណ្តាលធនធានមន្ត្រី គ្រូបង្គោលនៅនិងកន្លែង។ ទី៣-ត្រូវបង្កើនគំនិតបច្ចេកទេសស៊ើបអង្កេតដល់នគរបាលយុត្តិធម៌ និងមន្ត្រីអាវុធហត្ថ ដែលជារឿងមួយសំខាន់សម្រាប់ការផ្តន្ទាទោស និងកាត់ក្តីឲ្យចំអ្នកប្រព្រឹត្តបទល្មើស។ ទី៤-ត្រូវជំរុញកិច្ចសហការទាំងការសហការផ្ទៃក្នុងរវាងនគរបាលយុត្តិធម៌ និងកងរាជអាវុធហត្ថ សហការជាមួយស្ថាប័នច្បាប់ និងសហការជាមួយស្ថាប័នបរទេសរួមទាំង NGO ផងដែរ។ ទី៥-ជំរុញឲ្យមានការបើកសហប្រតិបត្តការ បើកការស៊ើបអង្កេត ការកាត់ក្តីឲ្យបានច្រើន ដើម្បីកាត់បន្ថយការកកស្ទះសំនុំរឿង នៅមានជនជាប់ឃុំជាច្រើនដែលមិនទាន់កាត់ក្តីនៅឡើយ។

ជាចុងក្រោយ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានសំណូមពរយ៉ាងទទូចឲ្យសមាសភាពក្រុមការងារអនុវត្តច្បាប់ ដែលបានតែងតាំង សូមឲ្យចូលរួមបំពេញការងារ ក៏ដូចជាការចូលរួមប្រជុំឲ្យបានទៀងទាត់ ប្រសិនបើមានការរវល់ចាំបាច់មិនបានចូលរួម សូមឲ្យមានការរៀបចំមន្ត្រីដើម្បីទទួលបន្ទុកការងារ ដើម្បីកុំឲ្យដាច់ចរន្តនៃការងារ។

របាយការណ៍បូកសរុបសភាពការណ៍ និងលទ្ធផលឆមាសទី១ គិតត្រឹមថ្ងៃទី១៩ ឧសភា ឆ្នាំ២០២០ របស់ក្រុមការងារអនុវត្តច្បាប់ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ ជ ប ជ) បានឲ្យដឹងថា ពលករចំណាកស្រុកទៅក្រៅប្រទេសមានចំនួន៣១ម៉ឺន៩ពាន់៥០៦នាក់ (ស្ត្រីចំនួន១៩ម៉ឺន១ពាន់៦១៣នាក់) អនីតិជនមានចំនួន៥២៣៨នាក់ (ស្រី២០៥៧នាក់) ដែលក្នុងនោះ ពលករស្របច្បាប់មានចំនួន២១ម៉ឺន៩ពាន់១៤២នាក់(ស្ត្រី១៤ម៉ឺន២ពាន់៩៩៣នាក់) អនីតិជន ៧០១នាក់(ស្រី២៧៩នាក់) និងពលករចំណាកស្រុកមិនស្របច្បាប់មានចំនួន ១០ម៉ឺន៣៦៤នាក់(ស្ត្រី៤ម៉ឺន ៨ពាន់៦២០នាក់) មានអនីតិជន៤៥៣៧នាក់(ស្រី១៧៧៨នាក់)។ ដោយឡែករយៈពេល២ខែចុងក្រោយនេះ ស្នងការនគរបាលរាជធានី-ខេត្ត បានប្រមូលទិន្នន័យពលករចំណាកស្រុកត្រឡប់មកពីក្រៅប្រទេសវិញទាំងស្របច្បាប់ និងមិនស្របច្បាប់ចំនួន១៥ម៉ឺន៨ពាន់៨៩នាក់ (ស្ត្រី៦ម៉ឺន ៨ពាន់១៩១នាក់) អនីតិជន៣០៥៥នាក់៕

website_news/2020130802.txt · Last modified: 2020/08/13 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki