website_news:2020131001

មន្ត្រីកំពុងស្រាវជ្រាវរកអត្តសញ្ញាណស្ត្រីខ្មែរម្នាក់ នៅប្រទេសចិន ដែលសុំឱ្យនាយករដ្ឋមន្ត្រីជួយ

https://www.postkhmer.com/ សុទ្ធ គឹមសឿន | Publication date 13 October 2020 | 08:00 ICT

ភ្នំពេញៈ មន្ត្រីជំនាញនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិបាននិងកំពុងស្រាវជ្រាវរកទីតាំង និងអត្តសញ្ញាណពលការិនីខ្មែរម្នាក់នៅប្រទេសចិន បន្ទាប់ពីនាងអំពាវនាវតាមបណ្ដាញសង្គមហ្វេសប៊ុកឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍យកនាងត្រឡប់មកកម្ពុជាវិញ ក្រោយពីនាងចាញ់បោកមេខ្យល់ទៅធ្វើការខុសច្បាប់។

លោក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងពីម្សិលមិញថា បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្ត្រីជំនាញនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណស្ត្រីរងគ្រោះ ស៊ើបអង្កេតរកសាច់ញាតិនាងនៅកម្ពុជា។ មន្ត្រីជំនាញក៏កំពុងសហការជាមួយមន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន ប៉ុន្ដែរហូតមកដល់ថ្ងៃទី ១២ ខែតុលា មិនទាន់មានសញ្ញាវិជ្ជមានណាមួយនៅឡើយ។ លោកថា ស្រី្តជនរងគ្រោះគ្រាន់តែអំពាវនាវឱ្យអាជ្ញាធរជួយអន្តរាគមន៍សង្គ្រោះឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ ប៉ុន្ដែនាងមិនបានបង្ហាញពីឈ្មោះនាងផ្ទាល់ ឈ្មោះទីតាំងដែលនាងកំពុងស្នាក់អាស្រ័យ ឬឈ្មោះកន្លែងធ្វើការ។ នាងក៏មិនបានបង្ហាញឈ្មោះទីតាំងស្រុកកំណើតនៅប្រទេសកម្ពុជាដែរ។ ដូច្នេះបញ្ហានេះ ធ្វើឱ្យសមត្ថកិច្ចមានការពិបាកក្នុងការស្រាវជ្រាវរកស្ត្រីជនរងគ្រោះ។ លោក ជីវ ផល្លី បញ្ជាក់ថា៖ «យើងបានទាក់ទងទៅគណនីហ្វេសប៊ុកដែលគាត់បានបង្ហោះមកហ្នឹងជារៀងរាល់ថ្ងៃ ប៉ុន្ដែគាត់មិនបានឆ្លើយតបមកយើងវិញទេ។ កិច្ចការបន្តទៀត គឺខ្ញុំកំពុងស្នើឱ្យមន្ត្រីជំនាញខាងប្រឆាំងបទល្មើសបច្ចេកវិទ្យា ជួយកំណត់ទីតាំងគាត់ហ្នឹង ប៉ុន្ដែមិនមានលទ្ធផលអ្វីទេ ហើយយើងនឹងបន្តសហការជាមួយភាគីចិន ដើម្បីស្រាវជ្រាវបន្តទៀត»។

តាមគណនីហេ្វសប៊ុកមួយឈ្មោះ«រីណា រីណា»បានបង្ហោះវីដេអូកាលពីចុងសប្ដាហ៍មុន បង្ហាញពីស្ត្រីខ្មែរម្នាក់លើកដៃសំពះសុំអង្វរឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ជួយនាងឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ។ ស្ត្រីរូបនេះបានអះអាងថា នាងចាញ់បោកមេខ្យល់មកធ្វើការខុសច្បាប់នៅប្រទេសចិនអស់រយៈពេល ២ ឆ្នាំហើយ។ ថៅកែបានធ្វើទារុណកម្មមកលើនាងស្ទើររាល់ថ្ងៃ។ ស្ត្រីរងគ្រោះនិយាយលើគណនីហេ្វសប៊ុកនោះថា៖ «ខ្ញុំចាញ់បោកគេមកដល់ប្រទេសចិនរយៈពេល ២ ឆ្នាំហើយ។ ខ្ញុំវេទនា ខ្ញុំអត់មានទូរស័ព្ទទាក់ទងម៉ែឪខ្ញុំទេ ទើបតែឥឡូវទេ ខ្ញុំសុំទូរស័ព្ទគេបានវិញ ហើយខ្ញុំចង់ទៅស្រុកខ្មែរវិញ។ ខ្ញុំអត់ចង់នៅកន្លែងហ្នឹងទៀតទេ គេធ្វើបាបខ្ញុំឆ្អែតហើយ»។ តាមហ្វេសប៊ុកដដែលនាងបន្ថែមថា៖ «ខ្ញុំសំណូមពរដល់លោកអ៊ំ ហ៊ុន សែន ជួយខ្ញុំផង និងឯកឧត្តមណាក៏ដោយឱ្យតែជួយខ្ញុំបាន។ ខ្ញុំមានជំងឺក្នុងខ្លួន គេអត់យកខ្ញុំទៅពេទ្យទេ គេទុកខ្ញុំចោល ខ្ញុំសង្ឃឹមថា លោកអ៊ំជួយខ្ញុំឱ្យបានទៅស្រុកកំណើតជួបម៉ែឪខ្ញុំវិញ។ យ៉ាងហោចណាស់ខ្ញុំបានជួបម៉ែឪខ្ញុំ ខ្ញុំស្លាប់ទៅក៏បិទភ្នែកជិតដែរ។ បងប្អូនទាំងអស់គ្នាជួយស៊ែរឱ្យលោកអ៊ំ ហ៊ុន សែន បានឃើញជួយខ្ញុំផង»។

លោកស្រី ខែក កែមាលីស៊ីសីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិន ពីម្សិលមិញមិនទាន់អាចស្វែងរកប្រភពទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ។

លោក មឿន តុលា នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សថ្លែងពីម្សិលមិញថា ករណីនេះមិនមែនជាលើកទី ១ ទេពោលគឺមានច្រើនករណីរួចមកហើយ។ ប៉ុន្ដែអាជ្ញាធរក៏ធ្លាប់បានជួយសង្គ្រោះពួកគាត់ឱ្យមកជួបជុំគ្រួសារវិញដែរ។ លោកជំរុញឱ្យអាជ្ញាធរកម្ពុជាសហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះនាងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះនាងកំពុងតែមានបញ្ហាសុខភាព។ កន្លងមកអាជ្ញាធរ និងសង្គមស៊ីវិលធ្លាប់បានផ្សព្វផ្សាយ អប់រំ និងណែនាំបង្ហាញពីកលល្បិចរបស់ជនខិលខូចមួយចំនួនដែលនាំពលករខុសច្បាប់ទៅធ្វើការនៅបរទេស ប៉ុន្ដែបញ្ហានេះថមថយតិចតួច ពោលគឺនៅតែបន្តកើតមានឡើង។ លោកបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវកុំចាត់ទុកពួកគាត់ជាពលករខុសច្បាប់ គឺយើងត្រូវតែចាត់ទុកគាត់ជនរងគ្រោះដែលត្រូវបានគេជួញដូរកម្លាំងពលកម្មពួកគាត់ ហើយត្រូវតែជួយសង្គ្រោះពួកគាត់ជាបន្ទាន់។ ខ្ញុំសង្កេតឃើញបទល្មើសមួយរយៈចុងក្រោយនេះ គឺជនល្មើសបាននាំជនរងគ្រោះចូលទៅតាមប្រទេសវៀតណាម ហើយនាំពីវៀតណាមទៅកាន់ចិនតែម្ដង។ ដូច្នេះអាជ្ញាធរទាំង ៣ ប្រទេសត្រូវតែពង្រឹងច្បាប់ជួញដូរមនុស្សបន្ថែមទៀត»៕

website_news/2020131001.txt · Last modified: 2020/10/13 13:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki