website_news:2020131105

ពលករខ្មែរជាង៣ពាន់នាក់ នៅក្នុងប្រទេសថៃ ដែលបាត់បង់ផលប្រយោជន៍ បាតុកម្មប្រឆាំងនឹងការរឹតត្បឹតរបស់ថៅកែថៃ

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 12/11/2020 - 07:38 ដោយ៖ញឹម សុផល

ពលករខ្មែរប្រមាណជាង៣ពាន់នាក់ ដែលធ្វើការនៅរោងចក្រ GFN ជារោងចក្រកែច្នៃអាហារសាច់មាន់ នៅតំបន់ណងយ៉ៃ ខេត្តឈុនបុរី ប្រទេសថៃ បានធ្វើការតវ៉ាទៅនឹងវិធានការរបស់ថៅកែរោងចក្រ ដែលធ្វើឲ្យពួកគេបាត់បង់ផលប្រយោជន៍ជាច្រើន អំឡុងពេលនៃការរាតត្បាតនៃវីរុសកូវីដ១៩នេះ។ ពីខេត្តឈុនបុរី ប្រទេសថៃ លោក លឹង សុផុន មន្ត្រីផ្នែកអន្តោប្រវេសន៍ នៃអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានថ្លែងប្រាប់វិទ្យុបារាំង RFI ថា ក្រុមពលករខ្មែរបានតវ៉ាទៅនឹងការតម្រូវឲ្យពួកគេ ចេញថ្លៃបន្ទប់ ថ្លៃទឹក ថ្លៃភ្លើង ខណៈតម្លៃសេវាកម្ម និងប្រាក់ចំណូលរបស់ពលករទាំងនោះមានការធ្លាក់ចុះ។ ហេតុការណ៍នេះ បានកើតឡើងប្រមាណជា៣ខែមកហើយ ហើយទើបតែផ្ទុះការតវ៉ាទ្រង់ទ្រាយធំនៅពេលនេះ។ មួយវិញទៀត រោងចក្រតម្រូវឲ្យពលករទាំងអស់ ទិញអីវ៉ាន់ និងម្ហូបអាហារ តែនៅក្នុងរោងចក្រ ព្រោះខ្លាច ការឆ្លងកូវីដ១៩ មិនអោយចេញក្រៅ ផ្ទុយពីពលករថៃ ដែលអាចចេញចូលទៅខាងក្រៅបាន។ មន្ត្រីអង្គការសង់ត្រាល់រូបនេះ បញ្ជាក់ថាលោកកំពុងតែសហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីចូលរួមដោះស្រាយបញ្ចប់វិវាទមួយនេះជាមួយនឹងក្រុមហ៊ុន និងអាជ្ញាធរថៃ។

website_news/2020131105.txt · Last modified: 2020/11/13 15:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki