website_news:2020140401

ពលករប្រុសស្រីចំនួន៥នាក់ត្រូវបានអាជ្ញាធរខេត្តក្រចេះបញ្ជូនមកឱ្យស្នាក់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃ

http://ppd-news.net/ ថ្ងៃចេញផ្សាយៈ April 13, 2020

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ និងជាអនុប្រធានគណៈកម្មប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ និងលោកអភិបាលក្រុងក្រចេះ លោកចៅសង្កាត់អូឫស្សី រួមនិងមន្ត្រីសុខាភិបាល បានបញ្ជូនពលករប្រុស ស្រីចំនួន៥នាក់ដែលត្រឡប់ពីប្រទេសថៃឲ្យរស់នៅដាច់ដោយឡែកពីសមាជិកក្រុមគ្រួសាររបស់ពួកគាត់រយៈពេល១៤ថ្ងៃសិន ដើម្បីទប់ស្កាត់ ការពារ នូវការឆ្លងវីរុសកូវិដ១៩ ដែលជាគោលការណ៍របស់ក្រសួងសុខាភិបាលតម្រូវឲ្យអ្នកទាំងនោះ ដើម្បីឲ្យគ្រូពេទ្យពិនិត្យតាមដានស្វែងរករោគសញ្ញា។

លោក ឈឺន រិទ្ធ ចៅសង្កាត់អូឬស្សី បានបញ្ជាក់ថា ពលករទាំងនេះ មានស្រុកកំណើតនៅក្នុងស្រុកឆ្លូងចំនួន៣នាក់ នៅស្រុកស្នួលចំនួន២ នាក់ជាប្ដីប្រពន្ធ។ លោកបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ យើងឲ្យពួកគាត់ស្នាក់នៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលស្ថិតនៅក្នុងសង្កាត់អូរឫស្សី២ ក្រុងក្រចេះខេត្តក្រចេះ ដើម្បីតាមដានស្វែងរកនូវរោគសញ្ញាកូវិដ១៩ ប្រសិនជាពួកគាត់មានផ្ទុកនោះ។

សូមបញ្ជាក់ថា នៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ មានគ្រែសម្រាប់ឲ្យពួកគាត់ស្នាក់នៅបានស្រួល ដោយមានទឹក.ភ្លើងប្រើប្រាស់គ្រប់គ្រាន់ មានអាហារហូបចុក និងមានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះផងដែរ។

ចំពោះខេត្តក្រចេះ មកទល់នឹងថ្ងៃនេះ យើងសង្កេតឃើញ អាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់បានរួមសហការគ្នាបានល្អ ហើយកំណត់ យកទីតាំងចំនួន៥កន្លែង ក្នុងទីរួមខេត្តធ្វើជាទីតាំងសម្រាប់ឱ្យពលករ ដែលវិលត្រឡប់មកពីធ្វើការនៅក្រៅប្រទេសបានស្នាក់នៅក្នុងរយៈពេល១៤ថ្ងៃសិន មុននឹងឲ្យពួកគាត់ទៅរស់នៅជាមួយក្រុមគ្រួសារពួកគាត់វិញ ការធ្វើបែបនេះគឺដើម្បីការពារសុវត្ថិភាព និងការទប់ស្កាត់ បញ្ចៀសនូវការឆ្លងរីករាលដាលនៃវីរុសកូវីត១៩។

សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តក្រចេះ មកទល់នឹងថ្ងៃទី១៣ ខែមេសានេះគឺពុំទាន់មានអ្នកឆ្លងវីរុស កូវីត១៩នោះទេ។ ទាំងនេះគឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរខេត្ត ដែលមានលោក វ៉ា ថន ជាអភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាតកូវិដ១៩ ក៏ដូចជាមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលលោកតែងគិតគូរពីសុខទុក្ខ និងសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប មិនឲ្យពលរដ្ឋណាម្នាក់ដែលស្លាប់ដោយជំងឺនេះដោយមិនបានព្យាបាលនោះទេ។ ព្រមទាំងមានបទបញ្ជារដល់កងកម្លាំង សមត្ថកិច្ចដែលពាក់ទាំងអស់ ចូលរួមការពារការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត និងការជួបជុំគ្នាមានច្រើនក៏ត្រូវហាមឃាត់ដែរ។ ការធ្វើបែបនេះ នឹងការពារនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងដើម្បីបញ្ជៀសបាននូវការឆ្លងវីរុសកូរ៉ូណា (កូវីដ១៩) ទាំងអស់គ្នា៕ ដោយ ៖ ស៊ាន ចន្ទ័ដា

website_news/2020140401.txt · Last modified: 2020/04/14 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki