website_news:2020140403

ពលករទើបត្រឡប់មកពីក្រៅប្រទេស ក្នុងខេត្តត្បូងឃ្មុំ ត្រូវដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីខ្លួនឯង និងក្រុមគ្រួសារ

http://kampucheathmey.com/ 13/4/2020 2:33 Pm

ត្បូងឃ្មុំ ៖ លោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយនឹងបងប្អូនប្រជាពលករ២១នាក់បន្ថែមទៀត ដែលទើបវិលត្រឡប់មកពីធ្វើការ នៅប្រទេសថៃ កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នាមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ដែលស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ថា ត្រូវដាក់ខ្លួននៅដាច់ដោយឡែក១៤ថ្ងៃ ដើម្បីខ្លួនឯង និងក្រុមគ្រួសារ ចៀសឆ្ងាយជំងឺកូវីដ-១៩។ ថ្លែងនាឱកាសនោះលោក ចេង ប៊ុណ្ណារ៉ា បានសំណូមពរដល់បងប្អូនប្រជាពលករទាំងអស់ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ ជំងឺកូវីដ-១៩។

ជាងនេះទៅទៀត លោកក៏បានផ្ដាំផ្ញើឲ្យបងប្អូនត្រូវខិតខំអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ដែលបានអប់រំណែនាំ ជាពិសេស គឺសូមបងប្អូនប្រជាពលរដ្ឋឲ្យយល់ពីបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលនេះ ក្នុងគោលបំណងសុខសុវត្ថិភាព សម្រាប់ទាំងអស់គ្នា ដើម្បីចាកឆ្ងាយពីជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនេះ។ ក្នុងឱកាសនោះ លោកបានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ ត្រូវមានវិធានការទប់ស្កាត់ ការរីករាលដាល នៃជំងឺ កូវីដ-១៩ ពីព្រោះថា ការប្រុងប្រយ័ត្ននេះ ជាការឆ្លើយតបនឹងជំងឺឆ្លងថ្មីនេះ ដែលបានកំពុងរីករាលដាលជាសកល បង្កឲ្យមនុស្សឈឺ និងស្លាប់ ជាបន្តបន្ទាប់។ ដោយឡែកប្រទេសកម្ពុជា នៅតែបន្តរកឃើញនូវជំងឺឆ្លងថ្មីជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភផងដែរ៕ អត្ថបទ ៖ ឧត្តរ៉ា

website_news/2020140403.txt · Last modified: 2020/04/14 14:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki