website_news:2020140703

អាជ្ញាធរខេត្តស្វាយរៀង នៅតែយកចិត្តទុកដាក់ធ្វើចត្តាឡីស័កពលករមកពីក្រៅប្រទេស

http://btv.com.kh/ 13/07/2020

ស្វាយរៀង ៖ មកទល់ពេលនេះ មិនមានពលករវិលចូលស្រុកណាម្នាក់ មានសញ្ញាបញ្ជាក់ផ្ទុកកូវីដ១៩នោះទេ តែវិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ របស់អាជ្ញាធរខេត្តស្វាយរៀង នៅតែបន្ត ខណៈដែលពលករ នៅតែបន្តវិលត្រឡប់មកពីប្រទេសក្រៅវិញ ដោយកង្វះទីផ្សារការងារ ព្រោះវិបត្តិកូវីដ–១៩ ។

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក ខេត្តស្វាយរៀង បានប្រាប់BTV នៅថ្ងៃនេះថា នៅទូទាំងស្រុក បន្ទាប់ពីពិភពលោក និងនៅកម្ពុជាបានជួប និងបញ្ហាកូវីដ១៩ រហូតមកដល់ពេលនេះ ស្រុកមានពលករ និងពលរដ្ឋ បានវិលមកពីប្រទេសក្រៅមួយចំនួន និងខេត្តនានា ចូលមករួមជីវភាពជាមួយ គ្រួសារ ចំនួនជាង១ពាន់នាក់។ លោក បានបញ្ជាក់ថា ក្នុងចំណោមពលករ និងពលរដ្ឋ ចំនួនជាង១ពាន់នាក់ ដែលចូលមករួមរស់ ជាមួយគ្រួសារ រដ្ឋបាលឃុំស្រុក និងមន្ទីរសុខាភិបាលខេត្ត ស្រុក បានចុះណែនាំធ្វើចត្តាឡីស័កដោយស្ម័គ្រចិត្ត រួចបញ្ជូនឱ្យទៅរួមជីវភាពជាមួយគ្រួសារ នៅពេលត្រូវបានបញ្ជាក់ថា សុខភាពរបស់ពួកគេ គឺល្អប្រសើរនោះ។

មានពលករវិលចូលស្រុក ស្ទើររៀងរាល់ថ្ងៃ ដោយសារពួកគេប្រឈមនឹងវិបត្តិអត់ការងារធ្វើ ដោយសារបញ្ហាកូវីដ១៩។ លោក បានបញ្ជាក់ទៀតថា អំឡុងពេល នៃវិបត្តិកូវីដ–១៩នេះ រដ្ឋបាលខេត្តស្រុក ក្រុមការងារចុះ ជួយឃុំ ស្រុក និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដើម្បីបំណិនជីវភាព បន្តនិរន្តភាពក្នុងការប្រកបអាជីវកម្មដាំដុះចិញ្ចឹមសត្វ នៅតាមគ្រួសារ ពិសេសក្រុមការងារស្រុក បាននឹងកំពុងសិក្សាស្វែងយល់ពីជីវភាពដើម្បីសុំគោលការណ៍ឧបត្ថម្ភ សាច់ប្រាក់ពីរាជរដ្ឋាភិបាលជូនពួកគេ នៅពេលខាងមុខផងដែរ ។

យោងតាមរបាយការណ៍គណៈកម្មការទប់ស្កាត់ជំងឺកូវីដ–១៩ ខេត្តស្វាយរៀង គិតពីថ្ងៃទី១៥ ខែ មីនា ដល់ដើមខែកក្កដា ឆ្នាំ២០២០ មានពលករ និងពលរដ្ឋ មកពីប្រទេសនានា និងនៅក្នុងខេត្តមួយ ចំនួន ចូលមកខេត្តស្វាយរៀង ចំនួនជាងពីរពាន់នាក់ ក្នុងនោះស្រុករមាសហែក មានចំនួន ជាងមួយពាន់ នាក់៕

website_news/2020140703.txt · Last modified: 2020/07/14 13:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki