website_news:2020140801

អំពាវនាវពលរដ្ឋបញ្ឈប់ធ្វើចំណាកស្រុកឆ្លងដែនដោយប្រថុយប្រថាន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៩:២៥ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបញ្ឈប់សកម្មភាពធ្វើចំណាកស្រុកឆ្លងដែនទៅប្រទេសជិតខាងដោយប្រថុយប្រថាននិងខុសច្បាប់ ដែលអាចប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា ក្នុងវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងយាយីនៅគ្រប់ប្រទេស ។ លោកជំទាវរដ្ឋលេខាធិការ ជូ ប៊ុនអេង បានអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកជំទាវ និងក្រុមការងារចុះជួបសំណេះសំណាល និងនាំយកអំណោយទៅជូនពលការិនីជាង១០០នាក់ ដែលត្រឡប់ពីប្រទេសថៃ ក្នុងវិបត្តិរាតត្បាតនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅភូមិចម្ការត្រដោក ឃុំឫស្សីក្រោកស្រុកមង្គលបុរី ។ នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់បងប្អូនទាំងអស់ត្រូវរកការងារធ្វើក្នុងស្រុក និងបង្កបង្កើនផលដាំដំណាំកសិកម្មសម្រាប់តម្រូវការទីផ្សារក្នុងស្រុក ដើម្បីផ្គត់ផ្គង់ជីវិភាពគ្រួសារ ជាការកាត់បន្ថយការលំបាកក្នុងពេលមានវិបត្តិរាតត្បាតកូវីដ-១៩ នៅពេលរាជរដ្ឋាភិបាលកម្ពុជាទប់ស្កាត់បន្លែផ្លែឈើពីប្រទេសជិតខាង ដែលនេះជាការលើកកម្ពស់ជីវិភាពគ្រួសារ ។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបុរី បានឱ្យដឹងថា ពលការិនីដែលត្រឡប់ពីប្រទេសថៃក្នុងពេលមានវិបត្តិរាតត្បាតជំងឺកូវីដ-១៩ ចំនួន១០០នាក់ នៅក្នុងស្រុកមង្គលបុរីនេះ បានទទួលអំណោយពីលោកជំទាវ ជូ ប៊ុនអេង ដើម្បីសម្រាលការលំបាកបានមួយគ្រាផងដែរ ។

ពលករខ្មែរចំណាកស្រុកចំនួន២០នាក់ ត្រូវយោធាថៃឃាត់ខ្លួនពលករខ្មែរចំណាកស្រុកចំនួន២០នាក់ទៀត បានត្រូវកម្លាំងយោធាថៃឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅក្នុងស្រុកតាប្រយ៉ា ខេត្តស្រះកែវ ។ មន្ត្រីយោធាដែលឈរជើងតាមបន្ទាត់ព្រំដែនបានប្រាប់ថា ពលករខ្មែរចំណាកស្រុកដែលត្រូវទាហានថៃឃាត់ខ្លួនចំនួន២០នាក់នេះ មានប្រុស១៤នាក់ ស្រី៦នាក់ ។ ពួកគាត់បានឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្គ្រស្រុកថ្មពួក ចូលទៅក្នុងទឹកដីថៃ ដើម្បីទៅរកការងារធ្វើនៅក្រុងបាងកក ហើយនៅពេលឆ្លងដែនចូលដល់កណ្តាលព្រៃទឹកដីថៃ ក៏ត្រូវកម្លាំងយោធាថៃឃាត់ខ្លួន ។ មន្ត្រីដដែលឲ្យដឹងទៀតថា ពលករខ្មែរដែលត្រូវបានយោធាថៃឃាត់ខ្លួនតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃនោះ គ្រោងបញ្ជូនមកវិញតាមច្រកព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅ ដែលមានក្រុមគ្រូពេទ្យចត្តាឡីស័កធ្វើការត្រួតពិនិត្យ រួចហើយបញ្ចូនទៅតាមមូលដ្ឋានរបស់ខ្លួនវិញ ។

គួររំឭកថា ស្ទើរតែរៀងរាល់ថ្ងៃដែលកម្លាំងយោធាថៃឃាត់ខ្លួនពលករខ្មែរតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃ ហើយដឹកបញ្ជូនមកវិញតាមច្រកព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅ ។ ពលករខ្មែរភាគច្រើន ឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅទីក្រុងបាងកក ដែលជាការលួចឆ្លងដែនក្រោយពីជំងឺកូវីដ-១៩ កំពុងត្រូវបានរឹតបន្តឹងទាំងនៅថៃនិងនៅកម្ពុជា ។

អភិបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី តែងតែដាក់វិធានការដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវមានវិធានការទប់ស្កាត់ឱ្យបាននូវពលករចំណាកស្រុកដោយខុសច្បាប់ ដើម្បីការពារសុវត្ថិភាពពួកគាត់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅពេលដែលប្រទេសថៃកំពុងទប់ស្កាត់ដូចគ្នា ។ ជាមួយនេះ ត្រូវស្រាវជ្រាវរកមុខសញ្ញាមេខ្យល់ដែលឃុបឃិតគ្នានាំពលករខុសច្បាប់ចេញ គឺត្រូវចាត់វិធានការតាមច្បាប់ ។ ទោះបីជាបែបណា ពលករទាំងនេះនៅតែធ្លាយចេញរាល់ថ្ងៃ ៕

website_news/2020140801.txt · Last modified: 2020/08/24 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki