website_news:2020140802

ផ្សព្វផ្សាយច្បាប់ និងវិធីសាស្រ្តស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ច្បាប់ការទប់ស្កាតអំពើជួញដូរមនុស្ស

http://ppd-news.net/ ថ្ងៃចេញផ្សាយៈ August 14, 2020

ខេត្តក្រចេះ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តក្រចេះបានបើកវគ្គផ្សព្វផ្សាយច្បាប់មួយចំនួនស្តីពី ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ច្បាប់ការទប់ស្កាត់ អំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទរួមនិងច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ និងអន្តរាគមន៍ជួយជនរងគ្រោះស្ត្រីនិងកុមារដោយការបំពានផ្លូវភេទ។ ពិធីរៀបចំឡើងដោយលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តក្រចេះនៅវត្ត (កាបី) ស្ថិតនៅភូមិ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមានលោកជំទាវ ខាំ សុភាព អភិបាលរងខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត និងមានការអញ្ជើញចូលរួមពីលោក លោក ស្រីជាអភិបាលរងស្រុកស្នួល សមាជិកក្រុមលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត មន្ត្រីរាជការរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ លោកមេឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ក្នុងអង្គពីធីនេះដែរ លោកស្រី កុយ សំបូរ អភិបាលរងស្រុកស្នួល និងជាសមាជិកគណៈកម្មាធិការ ប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្សខេត្តក្រចេះ មានប្រសាសន៍ស្វាគមន៍ និងរាយការណ៍ពីវឌ្ឍនភាពនៅក្នុងស្រុកស្នួល ខេត្តក្រចេះ ពិសេសការរីកចំរើនលើវិស័យកិច្ចការនារី ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន តាមផែនការយុទ្ធសាស្រ្តចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ស្តាប់នូវការផ្សព្វផ្សាយច្បាប់ទាំងនេះ ព្រោះវាមានសារៈសំខាន់ណាស់ចំពោះយើងទាំងអស់គ្នា។

លោកជំទាវ ខាំ សុភាព អភិបាលរងខេត្តក្រចេះបានមានប្រសាសន៍លើកឡើងថា កម្មវិធីផ្សព្វផ្សាយច្បាប់ថ្ងៃនេះមានសារៈសំខាន់ណាស់ចំពោះយើងទាំងអស់គ្នា ហើយនេះជាគោលបំណងដើម្បីកសាងសមត្ថភាពដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំ គោលដៅឲ្យមានការយល់ដឹងក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចនានា គ្រប់រូបភាព និងកាត់បន្ថយការធ្វើចំណាកស្រុកប្រកបដោយប្រថុយប្រថាន។ លោកជំទាវថា ប្រជាពលរដ្ឋសព្វថ្ងៃនេះធ្វើការចំណាកស្រុកជាច្រើនដោយមិនស្របច្បាប់ តាមរយៈមេខ្យល់ ធ្វើឲ្យបងប្អូនពិបាកក្នុងការឆ្លងដែន និងរកទីកន្លែងធ្វើការ ក៏ដូចជាកន្លែងស្នាក់នៅជាដើម។ ដូច្នេះប្រសិនបើបងប្អូនចង់ទៅធ្វើការនៅក្រៅប្រទេស គឺត្រូវទៅដោយស្របច្បាប់ រកក្រុមហ៊ុនឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ជាមួយគ្នានោះ លោកជំទាវក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចេះពិចារណាឲ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តធ្វើចំណាកស្រុកទៅរកការងារនៅក្រៅស្រុក ឬក្រៅប្រទេស ហើយត្រូវមានការផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានរបស់ខ្លួន។

ម៉្យាងវិញទៀតសូមបងប្អូនត្រូវបន្តចូលរួមធ្វើអនាម័យឲ្យបានល្អជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺCOVID-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ត្រូវបន្តចូលរួមរិតបន្តឹងបញ្ហាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់សាធារណៈនៅតាម សហគមន៍ ហើយគ្មានល្បែងស៊ីសង បងធំ បងប្អូន និងក្រុមក្មេងទំនើង។ លើសពីនេះ លោកជំទាវ អភិបាលរងខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចបន្តខិតខំលុបបំបាត់បញ្ហាគ្រឿងញៀនឲ្យខានតែបាន និងទប់ស្កាត់នូវបទល្មើសគ្រប់រូបភាព ហើយបន្តគោរពច្បាប់ចរាចរណ៍ឲ្យខ្ចប់ខ្ជួនគ្រប់ៗគ្នា ដើម្បីឲ្យសមតាមពាក្យស្លោករបស់រាជរដ្ឋាភិបាលយើងថា៖ «ថ្ងៃនេះ ថ្ងៃស្អែកសូមកុំឲ្យមានគ្រោះថ្នាក់ចររាចរណ៍»៕ ដោយ ៖ ស៊ាន ចន្ទ័ដា

website_news/2020140802.txt · Last modified: 2020/08/24 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki