website_news:2020140902

កម្ពុជានិងសហការជាមួយប្រទេស៤នៅអាស៊ាន រៀបចំការអនុវត្តរបបសោធននិវត្តន៍សម្រាប់ពលករធ្វើការនៅក្រៅប្រទេស

http://kampucheathmey.com/ 12/9/2020 8:30 Pm

ភ្នំពេញ ៖ កម្ពុជានឹងសហការជាមួយប្រទេសចំនួន៤នៅអាស៊ាន( CLMTV) ដើម្បីរៀបចំឲ្យមានការអនុវត្តរបបសោធននិវត្តន៍ សម្រាប់ពលករធ្វើការនៅបរទេសឲ្យទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ មុនពេលត្រឡប់មកស្រុកកំណើតវិញ។ ការអនុវត្តរបបសោធននិវត្តន៍សម្រាប់ពលករខ្មែរ ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា ដែលធ្វើការនៅក្រៅប្រទេសនេះគឺ ដើម្បីឲ្យពលករប្រទេសនីមួយៗ អាចផ្ទេរសមាជិកភាព អតីតភាពការងារនិងការបង់ភាគទានបេឡាសន្តិសុខសង្គមពីប្រទេសមួយទៅប្រទេសមួយបន្ទាប់ពីចប់កិច្ចសន្យាការងារ។ គម្រោងនេះ ត្រូវបានប្រទេសទាំង៥លើកយកមកពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការងារលើកទី៦ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (6th SLOM CLMTV Meeting) ក្រោមប្រធានបទ “ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម” តាមរយៈប្រព័ន្ធវីដេអូ (Video Conference)ដែល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

តាមរយៈទំព័រហ្វេប៊ុកផ្លូវការរបស់ក្រសួងការងារ លោកសោម ចំណាន អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងប្រធានអង្គប្រជុំបានឲ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ថ្នាក់រដ្ឋមន្ត្រីការងារ ស្ដីពី ចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍ ដើម្បីឈានទៅរកការបង្កើតយន្តការរួមមួយក្នុងការធ្វើចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីប្រទេសមួយ ទៅប្រទេសមួយទៀតក្នុងចំណោមប្រទេស CLMTV និងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ ក៏ដូចជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងប្រទេស CLMTV។ លោកសោម ចំណាន បានថ្លែងអំណរគុណចំពោះគណៈប្រតិភូនៃប្រទេសទាំងបួន និងដៃគូពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការព្រាងសេចក្តីថ្លែងការណ៍ខាងលើ ដែលជាយន្តការរួមមួយដើម្បីលើកកម្ពស់កិច្ចគាំពារសង្គម និងជួយសម្រួលដល់ចល័តភាពអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដែលផ្តោតលើប្រាក់សោធន និងតាវកាលិករយៈពេលវែងនៃរបបហានិភ័យការងារសម្រាប់ពលករទេសន្តរប្រវេសក៍ក្នុងប្រទេស CLMTV។

ជាលទ្ធផល កិច្ចប្រជុំបានពិនិត្យ ផ្លាស់ប្តូរយោបល់លើខ្លឹមសារសេចក្តីព្រាងសេចក្ដីថ្លែងការណ៍នេះ និងដាក់ឲ្យក្រុមការងារបច្ចេកទេសនៃប្រទេសទាំង៥ ពិនិត្យ និងកែសម្រួលនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។ សេចក្តីព្រាងសេចក្តីថ្លែងការណ៍នេះនឹងត្រូវពិនិត្យជាចុងក្រោយនៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការងារលើកទី៧ មុននឹងត្រូវដាក់ឲ្យពិនិត្យ និងអនុម័តក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារនៃប្រទេស CLMTV លើកទី៤ ដែលគ្រោងនឹងរៀបចំនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាខែឧសភា ឆ្នាំ២០២១ ដូចដែលបានកំណត់ក្នុង “ផែនទីបង្ហាញផ្លូវសៀមរាបឆ្ពោះទៅកាន់សេចក្តីថ្លែងការណ៍ថ្នាក់រដ្ឋមន្ត្រីការងារនៃប្រទេស CLMTV ស្តីពីចល័តភាពនៃរបបសន្តិសុខសង្គម” ដែលត្រូវបានអនុម័តនិងប្រកាសក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារនៃប្រទេស CLMTV លើកទី៣ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា កម្ពុជាបានបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេសប្រមាណ១លាន២សែននាក់ ក្នុងនោះប្រទេសថៃមានជាង១លាននាក់និងក្រៅពីនេះបញ្ជូនទៅប្រទេសម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន និងតំបន់រដ្ឋបាលពិសេសហុងកុង ដោយបានផ្ញើថវិកាមកក្រុមគ្រួសារប្រមាណជាង ២ ពាន់៣រយលានដុល្លារក្នុង១ឆ្នាំៗដែលជួយលើកស្ទួយដល់ក្រុមគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិរីកចម្រើន៕ សំអឿន

website_news/2020140902.txt · Last modified: 2020/09/14 12:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki