website_news:2020141003

សហរដ្ឋអាមេរិកនឹងបើកការិយាល័យ FBI នៅប្រទេសកម្ពុជា

https://khmer.voanews.com/ 13 តុលា 2020

ភ្នំពេញ៖ ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិកនឹងបើកការិយាល័យរបស់ខ្លួននៅអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដើម្បីជួយតាមដានរកឧក្រិដ្ឋជនអាមេរិក ស្របពេលដែលសហរដ្ឋអាមេរិកកំពុងស្វះស្វែងស្ដារឡើងវិញនូវទំនាក់ទំនងដ៏រកាំរកូសជាមួយប្រទេសកម្ពុជា។ ការិយាល័យនេះនឹងត្រូវប្រើដើម្បីជួយដល់ប៉ូលិសកម្ពុជា ក្នុងកិច្ចប្រឹងប្រែងតាមចាប់ខ្លួនឧក្រិដ្ឋជនអាមេរិកដែលរត់គេចខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យនគរបាលជាតិកម្ពុជា នៅថ្ងៃអង្គារនេះ។ លោក ឆាយ គឹមឃឿន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា កាលពីមុន នគរបាលជាតិកម្ពុជាបានសហការក្នុងមួយករណីម្ដងមួយករណីម្ដង ហើយឥឡូវនេះ វត្តមានរបស់ការិយាល័យ [FBI] នេះអាចជួយពន្លឿនការងារ។ លោក ឆាយ គឹមឃឿន បានបន្ថែមថា លោកមិនបានដឹងអំពីពេលវេលាជាក់ស្ដែងថាតើពេលណាការិយាល័យនេះនឹងបើកដំណើរការនោះទេ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយផ្ញើតាមអ៊ីមែលទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ បដិសេធមិនបញ្ជាក់អំពីការិយាល័យ FBI នេះ តែថាស្ថាប័នទាំងពីរបានបង្កើតទំនាក់ទំនងជាមួយគ្នា។ សេចក្ដីថ្លែងការណ៍នេះបានឲ្យដឹងថា៖ «ក្រុមការងាររួមរបស់ទីភ្នាក់ងារ FBI និងនគរបាលជាតិកម្ពុជាដែលត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋលើកុមារ ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មហិរញ្ញាវត្ថុ កំពុងដំណើរការនៅពេលបច្ចុប្បន្ននេះ។ កិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់របស់យើងធ្វើឲ្យប្រទេសយើងទាំងពីរកាន់តែមានសុវត្ថិភាព»។ ស្ថានទូតអាមេរិកប្រចំាទីក្រុងភ្នំពេញបានឲ្យដឹងថា កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងកាលពីឆ្នាំមុនដើម្បីបង្កើតក្រុមការងារនេះ ដែលក្រុមការងារនេះក៏នឹងដោះស្រាយបញ្ហាឧក្រិដ្ឋកម្មរៀបចំទុកជាមុន និងដើម្បីតាមរកចាប់ខ្លួនឧក្រិដ្ឋជនអន្តរជាតិផងដែរ៕

website_news/2020141003.txt · Last modified: 2020/10/14 13:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki