website_news:2020141201

កម្មវិធីទប់ស្កាត់ការជួញដូរមនុស្ស នឹងត្រូវបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ

http://btv.com.kh/ 11/12/2020

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិទប់ស្កាត់ការជួញដូរមនុស្ស បានឱ្យដឹងថា ក្រសួងមហាផ្ទៃ និងក្រសួងអប់រំ កំពុងរៀបចំឯកសារ ស្តីពីការទប់ស្កាត់ការជួញដូរមនុស្ស ដើម្បីបញ្ចូលទៅក្នុងកម្មវិធីសិក្សា ខណៈបញ្ហាការជួញដូរមនុស្សនេះ នៅមានការព្រួយបារម្ភនៅឡើយចំពោះរាជរដ្ឋាភិបាល។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយBTV កាលពីថ្ងៃទី១០ ខែធ្នូ ម្សិលមិញ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិទប់ស្កាត់ការជួញដូរមនុស្ស បានឱ្យដឹងថា ការជួញដូរមនុស្សនៅតែបន្តកើតមាន ទោះបីឋិតក្នុងអំឡុងពេល នៃការរាតត្បាតនៃកូវីដ–១៩ ដែលបណ្តាប្រទេស ជិតខាងកម្ពុជា បានបិទច្រកចេញចូលក៏ដោយ។ ពួកឱកាសនិយម បានលួងលោមប្រជាពលរដ្ឋតាមរួប ភាពផ្សេងៗ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយនាំទៅ ធ្វើការនៅក្រៅប្រទេសតាមផ្លូវកាត់ប្រកបដោយ គ្រោះថ្នាក់ និងតាមរយៈអាពាហ៍ពិពាហ៍ជាមួយប្តីបរទេស ជាដើម។ លោកជំទាវ បានអំពាវនាវជាថ្មីម្តងទៀតដល់ជនរួមជាតិទាំងអស់ កុំឱ្យចាញ់បោកមេខ្យល់ ដែលនាំទៅធ្វើការដោយខុសច្បាប់ ដែលអាចនឹងធ្វើឱ្យជួបនូវបញ្ហាច្រើន ពិសេសគ្រោះថ្នាក់ដោយសារការឆ្លងមេរោគកូវីដ–១៩ អំឡុងពេលនេះ ។

លោក ឯក សំអុល តំណាងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា បានឱ្យដឹងថា អង្គការនេះ តែងតែធ្វើការគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាលជានិច្ច ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស ព្រោះបញ្ហានេះ គឺតម្រូវឱ្យមានការរួមគ្នាពីគ្រប់ភាគីទាំងអស់ ដោយមិនត្រូវទម្លាក់ដៃចោលនោះឡើយ ខណៈរាជរដ្ឋាភិបាល បាននឹងកំពុងបន្តស្វែងរកចាប់ខ្លួនមេខ្យល់ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់។

រហូតមកដល់ថ្ងៃទី១០ ខែធ្នូ នេះ មានពលករខ្មែរចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ ចំនួន ជាង១២ម៉ឺននាក់ បានវិលមកវិញ ហើយពួកគេទាំងនោះ ពុំត្រូវបានរកឃើញថាមានករណីកូវីដ–១៩ដែរ តែទោះជាយ៉ាងណា រាជរដ្ឋាភិបាល នៅតែមានការព្រួយបារម្ភចំពោះពួកគេនៅឡើយ ដោយសារតែពួកគេ ងាយត្រូវបានបោកប្រាស់ដោយពួកឱកាសនិយម ឱ្យវិលត្រឡប់ទៅធ្វើការនៅក្រៅប្រទេសវិញ ដោយផ្សង នឹងគ្រោះថ្នាក់ជាច្រើន៕ អត្ថបទ៖ បាន ចក់

website_news/2020141201.txt · Last modified: 2020/12/14 11:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki