website_news:2020141202

លីកាដូរកឃើញថា ការរំលោភសេពសន្ថវៈលើស្ត្រីនិងកុមារី ដោយសាច់ញាតិកើនឡើង និងគ្មានយុត្តិធម៌ពេញលេញ

https://www.rfa.org/khmer/ ដោយ សន ចាន់រដ្ឋា 2020-12-12

អង្គការការពារសិទ្ធិមនុស្សលីកាដូ(Licadho) រកឃើញថា ករណីរំលោភសេពសន្ថវៈលើស្ត្រី និងកុមារី ប្រព្រឹត្តដោយសាច់ញាតិ កើនឡើងគួរឲ្យព្រួយបារម្ភ ហើយជនរងគ្រោះនៅតែជួបឧបសគ្គក្នុងការទទួលបានយុត្តិធម៌ ដោយសារការអនុវត្តច្បាប់របស់អាជ្ញាធរធូររលុង។ អង្គការលីកាដូ និងជនរងគ្រោះ ជំរុញឲ្យអាជ្ញាធរពង្រឹងការអនុវត្តច្បាប់ដើម្បីលុបបំបាត់ អំពើរំលោភសេពសន្ថវៈលើស្ត្រីនិងកុមារី។ របាយការណ៍អង្គការលីកាដូរកឃើញថា ជិតមួយភាគបីនៃករណីរំលោភលើស្ត្រី និងកុមារី គឺជនសង្ស័យ ជាសាច់ញាតិរបស់ជនរងគ្រោះ ហើយជារឿយៗជនរងគ្រោះតែងជួបផលលំបាក ទទួលបានតម្រូវការសុវត្ថិភាព និងយុត្តិធម៌។ របាយការណ៍ដែលអង្គការលីកាដូចេញផ្សាយនៅក្នុងខែធ្នូនេះ មានចំណងជើងថា “ទម្លាយភាពស្ងៀមស្ងាត់៖ ការរំលោភសេពសន្ថវៈដោយសាច់ញាតិ និងឧបសគ្គក្នុងការទទួលបានយុត្តិធម៌” ។របាយការណ៍កម្រាស់២៥ទំព័រនេះ បង្ហាញថា នៅក្នុងករណីរំលោភសេពសន្ថវៈ ឬប៉ុនប៉ងរំលោភសេពសន្ថវៈទាំងអស់ដែលអង្គការលីកាដូបានធ្វើអន្តរាគមន៍ចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ ខែធ្នូ ឆ្នាំ២០១៩ រកឃើញថា មានចំនួន១៣៧ករណី គឺជនសង្ស័យជាសាច់ញាតិរបស់ជនរងគ្រោះ ដូចជាឪពុក ពូ ឬជីតាបង្កើត៤៦ភាគរយ និងពីអំពើហិង្សាផ្លូវភេទប្រព្រឹត្តដោយឪពុកចុង ឬសាច់ញាតិឪពុកចុង និងសាច់ថ្លៃ មាន៥៤ភាគរយ។

ចាប់តាំងពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២០ អង្គការលីកាដូ បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាព ឬលទ្ធផលរបស់ករណីនីមួយៗទាំង១៣៧ ឡើងវិញ ដោយទទួលបានព័ត៌មានថ្មីបំផុតនៃករណីចំនួន១៣៥។ ក្នុងនោះមានករណីចំនួនលើសពីពាក់កណ្ដាលបន្តិចប៉ុណ្ណោះ ឬស្មើនឹង៥៣ភាគរយ បានឈានដល់ការជំនុំជម្រះក្ដី ដោយជនល្មើសត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពេញលេញតាម ច្បាប់ពាក់ព័ន្ធ ។ ចំណែកចំនួនករណីតិចជាងមួយភាគប្រាំ ឬស្មើនឹង១៩ភាគរយ គឺជនល្មើសត្រូវបានផ្ដន្ទាទោសក្នុងកម្រិតស្រាលដោយជាប់ពន្ធនាគាររយៈពេលខ្លី និងការកាត់ទោសកំបាំងមុខ និងមិនត្រូវបានចាប់ខ្លួន។ ក្រៅពីនេះ ករណីខ្លះ រកឃើញថា មានការដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធតុលាការ និងពន្យារពេលកាត់ក្តី ហើយជនរងគ្រោះមានសង្ឃឹមតិចតួចទទួលបានយុត្តិធម៌។ អង្គការលីកាដូបន្តថា ឧបសគ្គក្នុងការទទួលបានយុត្តិធម៌សម្រាប់ជនរងគ្រោះទាំងនេះដោយសារមានកត្តាជាច្រើន ដូចជាអំពើពុករលួយ កង្វះការការពារជនរងគ្រោះ សម្ពាធពីសមាជិកគ្រួសារ និងប៉ូលិសមិនឲ្យរាយការណ៍ទៅខាងក្រៅ ដើម្បីការពារកិត្តិយស អាជ្ញាធរមួយចំនួនជួយជ្រោមជ្រែងឲ្យបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ ការធ្វើដំណើរវែងឆ្ងាយ និងចំណាយប្រាក់ច្រើនក្នុងដំណើរការរឿងក្តីនៅតុលាការ។ ករណីខ្លះទៀត ជនរងគ្រោះសម្រេចដកបណ្ដឹងវិញ ដោយសារតែជនល្មើសជាអ្នករកស៊ីផ្គត់ផ្គងជីវភាពគ្រួសារ។

ករណីមួយដែលបានលើកឡើងក្នុងរបាយការណ៍ គឺក្មេងស្រីម្នាក់ត្រូវបានដាក់ឈ្មោះឲ្យថា សីហា ។ នាងត្រូវបានជីតា គំរាមសម្លាប់ និងចាប់រំលោភ។ ឪពុកម្ដាយរបស់កុមារីសីហា រៀបរាប់ប្រាប់លីកាដូថា ក្រោយកើតហេតុ គឺពួកគាត់ បាននាំកូនស្រីដាក់បណ្ដឹងនៅប៉ុស្តិ៍ប៉ូលិស ប៉ុន្តែពេលនោះ ប៉ូលិស បានណែនាំឲ្យពួកគាត់រក្សាភាពស្ងៀមស្ងាត់សិន រហូតដល់ជនសង្ស័យរត់គេចខ្លួនបាត់៖ «ប៉ូលិសកាលណោះអត់សូវខ្នះខ្នែង។ ខ្នះខ្នែងបានតែមួយពេលកើតហេតុដំបូង ក្រោយពេលនោះមកអត់មានរវល់ជាមួយអីទៀតផង។ ប៉ូលិសថា រឿងនេះកុំឲ្យបែកខ្ចាត់ខ្ចាយធ្វើការដោយដោយស្ងប់ស្ងាត់។ខ្ញុំថា រឿងប៉ុណ្ណឹងហើយកូនខ្ញុំប៉ុណ្ណឹងហើយ ចង់ឲ្យស្ងប់ស្ងាត់អីទៀត។ ប៉ូលិសថា តើខ្ញុំចង់ទាមទារជាសំណងអីអត់? ។ខ្ញុំ ថាអត់ចង់ទាមទារជាសំណងអីទេ គឺចង់ឲ្យខាងលោក និងតុលាការ ស៊ើបអង្កេតរកមនុស្សឲ្យបាននិងដាក់ទោសតាមច្បាប់។ខ្ញុំនៅតែខឹង។ នឹកឃើញរឿងហ្នឹងចង់តែ..ក្តៅតែម្តង។ ចង់ឲ្យ ប៉ូលិសចាប់ឲ្យបានភ្លាមៗ។

អង្គការលីកាដូ កត់សម្គាល់ថា ហានិភ័យនៃការរំលោភសេពសន្ថវៈក្នុងរង្វង់គ្រួសារទំនងជាកើនឡើងច្រើនកាលពីឆ្នាំមុន ខណៈដែលសាលារៀនបានបិទ ហើយកត្តាអ្នកគ្មានការងារធ្វើគឺកើនឡើងជាមួយនឹងការរីករាលដាលនៃជំងឺកូវីត១៩ ដែលនាំឱ្យមនុស្សជាច្រើនត្រូវចំណាយពេលនៅផ្ទះច្រើន និងស្ថិតនៅក្បែរជនល្មើស។ កត្តាគួបផ្សំមួយចំនួនទៀត ដែលនាំឲ្យមានការកើនឡើងនៃករណីចាប់រំលោភផ្លូវភេទលើស្ត្រី និងកុមារី ក៏បណ្ដាលមកពីការធ្លាក់ចុះសីលធម៌សង្គម ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង ការខ្វះចន្លោះនៃការត្រួតពិនិត្យវីដេអូអាសអាភាស និងបញ្ហាក្រីក្រ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចេញរបាយការណ៍នេះ ដោយសារថា គ្រោះថ្នាក់នៃអំពើរំលោភសេពសន្ថវៈក្នុងរង្វង់គ្រួសារ គឺកើតមានឡើងច្រើន និងគួរឲ្យព្រួយបារម្ភ ប៉ុន្តែអាជ្ញាធរនៅតែមិនទាន់ចាត់វិធានការគ្រប់គ្រាន់ដើម្បីធ្វើឱ្យប្រាកដថា ជនល្មើសត្រូវបានយកមកផ្ដន្ទាទោស។ លោកបន្តថា សិទ្ធិរបស់ស្ត្រី និងក្មេងស្រី មិនត្រូវមើលរំលងឡើយ ហើយអំពើរំលោភសេពសន្ថវៈគឺជាបទល្មើសព្រហ្មទណ្ឌដែលអាចអត់ឱនឱ្យបាននោះទេ៖ «ប៉ះពាល់ទី១ គឺបាត់យុត្តិធម៌សម្រាប់ជនរងគ្រោះ ដែលជាការរំលោភដោយសាច់ញាតិនេះ បញ្ហាទី២ វាបង្កឲ្យមាននិទ្ទណ្ឌភាពកើតឡើងចំពោះករណីនេះ ហើយទី៣ ស្ត្រីនិងកុមាររងគ្រោះ ត្រូវបានមើលរំលងហើយបទល្មើសព្រហ្មទណ្ឌ មិនត្រូវបានដំណើរការទៅតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ ហើយគំរូអាក្រក់នេះ វាអាចកើតមានបន្តទៀត ប្រសិនបើយើងមិនបានចាត់វិធានការតឹងរ៉ឹងទប់ស្កាត់ និងដាក់ទោសទណ្ឌឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់»។ អង្គការមួយនេះ លើកឡើងថា ឧបសគ្គដែលចាក់ឬស និងមានជាយូរណាស់មកហើយក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ ដោយបានបណ្ដាលឲ្យអំពើរំលោភសេពសន្ថវៈចំពោះស្ត្រីនិងកុមារី កានតែមានស្ថានភាពអាក្រក់ខ្លាំងឡើង។

ទាក់ទងករណីនេះរដ្ឋលេខាធិការក្រសួងមហាផ្ទៃទទួលបន្ទុកការប្រឆាំងការជួញដូរមនុស្សអ្នកស្រី ជូ ប៊ុនអេង ទទួលស្គាល់អំពីការកើនឡើង នៃអំពើរំលោភសេពសន្ថវៈលើស្ត្រី និងកុមារីដែលប្រព្រឹត្តដោយសាច់ញាតិរបស់ខ្លួន ដោយសារតែការផ្សព្វផ្សាយរូបភាព និងវីដេអូអាសអាភាសនៅលើប្រព័ន្ធអ៊ីនធឺណិត (Internet) ឬអនឡាញ(Online)។ ទោះយ៉ាងណា អ្នកស្រីអះអាងថា អាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋាភិបាល មិនបានព្រងើយកន្តើយចំពោះបញ្ហាទាំងនេះទេ។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់ថា រដ្ឋាភិបាល បានបង្កើតទាំងគោលនយោបាយ និងច្បាប់ជាច្រើន ហើយពេលនេះ រដ្ឋាភិបាលកំពុងបង្កើតច្បាប់មួយទៀត ស្ដីពីការគ្រប់គ្រងប្រព័ន្ធអនឡាញជាដើម។ លើសពីនេះ អាជ្ញាធរ កំពុងបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំដល់ពលរដ្ឋ ខណៈក្រសួងយុត្តិធម៌ ក៏បានប្ដេជ្ញាធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ផងដែរ៖ «សមត្ថកិច្ច និងរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយ ឬហៅថា អូសបន្លាយការងារនេះឲ្យរំលងផុតទេ បើសិនជាយើងបានដឹង គឺយើងតែងមានវិធានការ ហើយនៅពេលដែលគេរំលោភ ឬគេធ្វើការបំពានហ្នឹង គេមិនដែលឲ្យដឹងទេ ប៉ុន្តែការរំលោភបំពានហើយឬមួយមានភាពរងគ្រោះហើយទើបបានយើងដឹងទើបបានយើងចាត់វិធានការ។ នេះគឺជា រឿងដែលយើងសោកស្ដាយ បានមានន័យថា វិធានការដែលយើងចាត់ គឺនៅក្រោយពេលដែលរឿងហ្នឹងវាបានកើតឡើងរួចហើយ។ ចំពោះការអប់រំយើងបានធ្វើជាប្រចាំ»។

អង្គការលីកាដូ ផ្ដល់អនុសាសន៍ថា ការទប់ស្កាត់ និងលុបបំបាត់អំពើរំលោភសេពសន្ថវៈគឺនៅតែអាចធ្វើទៅបាន ប៉ុន្តែទាមទារឱ្យមានការចាត់វិធានការជាបន្ទាន់។ ការលុបបំបាត់ទំនៀមទម្លាប់យេនឌ័រគ្រោះថ្នាក់ ការបញ្ចប់វប្បធម៌ស្ដីបន្ទោសជនរងគ្រោះ ការធានាអំពីការប្រើប្រាស់ច្បាប់ឱ្យបានពេញលេញនិងត្រឹមត្រូវនិងការបង្កើនកិច្ចការពារជនរងគ្រោះ ការទទួលបានសេវាកម្ម និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកដែលរាយការណ៍ពីអំពើរំលោភសេពសន្ថវៈ គឺជាជំហានដ៏មានសារៈសំខាន់ខ្លាំងដើម្បីធានាថា គ្រប់គ្នាអាចរស់នៅដោយគ្មានអំពើហិង្សាផ្លូវភេទ៕

website_news/2020141202.txt · Last modified: 2020/12/14 11:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki