website_news:2020141203

លោក រ៉ាត់ រត្នមុនី ត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាព ក្រោយពីអនុវត្តទោសក្នុងពន្ធនាគាររួច

https://www.cen.com.kh/archives/ December 12, 2020

លោក រ៉ាត់ រត្នមុនី ត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពឡើងវិញហើយ នៅរសៀលថ្ងៃទី១១ ធ្នូនេះ បន្ទាប់ពីលោកអនុវត្តទោសអស់រយៈពេល២ ឆ្នាំ។ ផលិតកររឿង «ម្ដាយខ្ញុំលក់ខ្ញុំ» របស់ទូរទស្សន៍រុស្ស៊ី RT គឺ លោក រ៉ាត់ រត្នមុនី ត្រូវតុលាការផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគារ២ ឆ្នាំ ពីបទ “ញុះញង់ឱ្យមានការរើសអើង” ដោយសារលោកជួយផលិតភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។ លោក រ៉ាត់ រត្នមុនី ត្រូវសមត្ថកិច្ចថៃចាប់ឃាត់ខ្លួននៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ខណៈលោកព្យាយាមសុំសិទ្ធិជ្រកកោននៅឯការិយាល័យសុំទិដ្ឋាការទៅប្រទេសហូឡង់ នៅប្រទេសថៃ។

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យមានការរើសអើង» កាលពីថ្ងៃទី២៦ ខែមិថុនា តាមការចោទប្រកាន់របស់ដើមបណ្តឹងចំនួន៥នាក់ គឺលោក នាក់ សុទ្ធា នាយកសាលាឥន្ទ្រទេវី, កញ្ញា គៀង ស្រីម៉េច, កញ្ញា លឹម ស្រីទី, អ្នកស្រី ទេព សាលីម និងអ្នកស្រី កែវ ម៉ាឡៃ។

លោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្ទ្រទេវី បានបញ្ជាក់ជូនអង្គសវនាការនាពេលកន្លងមកថា លោក រ៉ាត់ រត្នមុនី បានស្នើសុំទីតាំងសាលារបស់លោក ថតវីដេអូ រឿងជីវភាពប្រជាពលរដ្ឋខ្មែរក្រោយរបបប៉ុលពត។ ផ្ទុយពីការស្នើសុំ លោក រ៉ាត់ រត្នមុនី បែរជាផលិតវីដេអូ ពាក់ព័ន្ធម្តាយលក់កូន ឲ្យទៅបម្រើសេវាផ្លូវភេទ ដែលជាការប៉ះពាល់ដល់កិត្តិយសរបស់សាលា រហូតថ្នាក់ដឹកនាំហៅលោកទៅសាកសួរ និងស្តីបន្ទោស ហើយតួអង្គ និងជាជនរងគ្រោះ នៃសំណុំរឿងនេះ ក៏បានអះអាងដូចៗគ្នាថា មុនពេលថតវីដេអូ លោក រ៉ាត់ រត្នមុនី បានសន្យានឹងរកជំនួយជួយពួកគេឲ្យបើកមុខរបរ តាមរយៈជំនួយដែលបានពីការចាក់ផ្សាយវីដេអូនេះ។

សូមរំលឹកថា នៅក្នុងសវនាការកន្លងទៅ ជនត្រូវចោទ រ៉ាត់ រត្នមុនី បានអះអាងថា «ខ្ញុំគ្រាន់តែជាអ្នកបកប្រែឲ្យគេ ចំណែករឿងថត និងកាត់តវីដេអូ យកទៅផ្សាយ ខ្ញុំអត់បានដឹងទេ»។ ជនជាប់ចោទ បានបញ្ជាក់ទៀតថា «ហើយខ្ញុំ ក៏មិនបានស្គាល់តួអង្គក្នុងរឿងនោះដែរ គឺក្រុមអ្នកកាសែតរុស្ស៊ីទាំងអស់នោះ ជាអ្នកស្វែងរកដោយខ្លួនពួកគេ គឺក្រុមអ្នកសារព័ត៌ RT (Russia Today) របស់ប្រទេសរុស្ស៊ីទេ ដែលផលិតវីដេអូរឿង ម្តាយខ្ញុំលក់ខ្ញុំ ដោយសន្យាជាមួយតួអង្គថា នឹងផ្តល់លុយកាក់ខ្លះ ដើម្បីចាយវាយ និងផ្តល់លុយឲ្យបើកមុខរបរតូចៗ តាមចិត្តរបស់ពួកគេប៉ងប្រាថ្នាផងដែរ»។

លើសំណុំរឿងដដែលនេះ កន្លងមក លោក សេង ប្ញទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុគ្គលឈ្មោះ រ៉ាត់ រត្នមុនី មានមុខងារជាទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី (RT) គឺបន្ទាប់ពីសមត្ថកិច្ចថៃ បានចាប់ខ្លួន រួចបញ្ជូនមកឱ្យរដ្ឋាភិបាលកម្ពុជាវិញ តាមការស្នើសុំរបស់ភាគីកម្ពុជា ពាក់ព័ន្ធករណីផលិតខ្សែវីដេអូរឿង «ម្ដាយខ្ញុំលក់ខ្ញុំ» ដែលជាទម្រង់ នៃការផ្សាយព័ត៌មានមិនពិត ដែលនាំដល់ការអាប់ឱនកិត្តិយសប្រទេសកម្ពុជា។ លោក សេង ប្ញទ្ធី បានសម្រេចបង្គាប់ឱ្យយកជនត្រូវចោទរូបនេះ ទៅដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំការជំនុំជម្រះទោស នៅពេលក្រោយតាមកំណត់ច្បាប់។

សូមបញ្ជាក់ថា ខ្សែរវីដេអូ «ម្តាយខ្ញុំលក់ខ្ញុំ» បាននិយាយពីស្ត្រីខ្មែរ ដែលលក់កូនស្រីខ្លួនឯងដោយសារតែជីវភាពខ្វះខាត និងរៀបរាប់ពីស្ថានភាព នៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជា។ ខ្សែរវីដេអូនេះ បានធ្វើឱ្យរាជរដ្ឋាភិបាល យល់ឃើញថា ជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2020141203.txt · Last modified: 2020/12/14 11:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki