website_news:2020141212

ពលករខ្មែរ ២ នាក់ ប្តី ប្រពន្ធ ត្រូវថៅកែថៃ ប្រើកាំភ្លើងបាញ់គំរាម

http://kampucheathmey.com/ December 11, 2020 By Bo Doula

ប្រទសថៃ ៖ ថ្មីៗនេះមានឃ្លីបវីដេអូមួយ ត្រូវបានគេបង្ហោះឡើងនៅក្នុងប្រទេសថៃ ដែលឃ្លីបនេះបាននិយាយអំពីថៅកែថៃម្នាក់ បានប្រើប្រាស់កាំភ្លើងខ្លី ធ្វើការបាញ់គំរាម ចំនួន ១ គ្រាប់ ទៅលើពលករខ្មែរ ២នាក់ ប្តី ប្រពន្ធ ដែលកំពុងធ្វើការនៅក្នុងចម្ការដំឡូងមួយកន្លែង នៅក្នុងប្រទេសថៃ ព្រមទាំងមានការប្រកែកគ្នា និងទាស់ពាក្យសម្តីគ្នាផងដែរ ។ លុះនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ទើបរឿងនេះ ត្រូវបានបែកធ្លាយដោយជនរងគ្រោះមានឈ្មោះ រេត កញ្ញា អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ ឈឿម សាវី អាយុ៣៥ ឆ្នាំ អ្នកទាំង ២ មានស្រុកកំណើតនៅឃុំតាលាស់ ស្រុកមោង ឬស្សី ហើយបច្ចុប្បន្នក៏បានផ្លាស់ប្តូរទីលំនៅ ទៅរស់នៅភូមិឈទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

តាមការរៀបរាប់នៅលើខ្សែអាត់សម្លេងបានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០ នៅលើដីចម្ការមួយកន្លែង ស្ថិតក្នុងស្រុក ខៅសឺនសន លើព្រំប្រទល់តំបន់ត្រីកោណ រវាងខេត្ត ស្រះកែវ ខេត្តប្រាជីនបុរី និងខេត្តឆៈឈើងសៅ។ នៅក្នុងខ្សែអាត់ដដែលបានបញ្ជាក់ថា ជនរងគ្រោះទាំង២ នាក់ដែលមានកូនតូចផង បានសុំថៅកែវិលត្រឡប់ទៅស្រុកកំណើតមួយរយៈ ដោយសារតែឪពុកមានជំងឺ ប៉ុន្តែត្រូវបានថៅកែ មិនឲ្យត្រឡប់ឡើយ ដោយចោទប្រកាន់ថា ពួកគេនៅជំពាក់លុយ៥ ពាន់បាតទៀតថ្លែរត់ការតប៉ាស្ព័រ ។

ជនរងគ្រោះបានអះអាងថា ខ្លួនមិនបានជំពាក់មួយបាតនោះឡើយ ហើយប៉ាស្ព័ររបស់ខ្លួនត្រូវបានថៅកែដកទុក មិនព្រមប្រគល់ឲ្យវិញទេ ហើយប្រាប់ថា នឹងយកទៅរត់ការ តប៉ាស្ព័រ ថ្មីឲ្យ ប៉ុន្តែរាប់ខែមកហើយ ប៉ាស្ព័រថ្មី ក៏មិនឃើញ ឯប៉ាស្ព័រចាស់ ខ្លួនទាមទាយកមកវិញក៏មិនបានដែរ ។ ខណៈដែលកំពុងប្រកែកគ្នាបានបន្តិច ថៅកែថៃ បានបើកទ្វាររថយន្តទាញយកកាំភ្លើងខ្លួន បាញ់ ១ គ្រាប់ ទៅលើដី ខាងមុខជើងបុរសជាប្តីតែម្តង ទើបធ្វើឲ្យស្ត្រីជាភរិយាទាញទូរស័ព្ទដៃ ថតផ្តិតយករូបភាពតែម្តងដើម្បីទុកជាភស្តុតាង ព្រោះខ្លាចប្តីរបស់ខ្លួនស្លាប់ដោយសារថៃបាញ់ ។

តាមការស្រាវជ្រាវរបស់អង្គការ ខ្មែរជួយខ្មែរ ប្រចាំប្រទេសថៃ ដែលមានស្នាក់ការនៅក្បែស្ថានទូតខ្មែរ បានចុះទៅជួបនឹងជនរងគ្រោះហើយ ដើម្បីជួយអន្តរាគមន៍ ៕ អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2020141212.txt · Last modified: 2020/12/14 12:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki