website_news:2020150106

អ្នកនាំពាក្យ៖ នៅមជ្ឈិមបូព៌ា មានពលករ និងនិស្សិតខ្មែរជាង២០០នាក់

https://thmeythmey.com/ 14, Jan 2020 , 9:39 pm ដោយ: ឡាយ សុភាវតី

ភ្នំពេញ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ថា បច្ចុប្បន្នពលករខ្មែរ មាន៦៨នាក់ ចំណែកលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា ផ្តល់ព័ត៌មានថា និស្សិតខ្មែរនៅទីនោះ មាន១៤៩នាក់ ដែលកំពុងធ្វើការនិងសិក្សា តាមបណ្តាប្រទេសនានា នៅតំបន់មជ្ឈិមបូព៌ា ដូចជា អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និង រដ្ឋកូវ៉ែត ជាដើម។ អ្នកពាក្យទាំងពីរ សុទ្ធតែអះអាងថា កម្ពុជា មិនទាន់មានគម្រោងជម្លៀសពលករនិងនិស្សិតខ្មែរទាំងនោះចេញពីតំបន់បជ្ឈិមបូព៌ាទេ ដោយគ្រាន់តែបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា កំពុងតាមដានស្ថានភាពជម្លោះរវាងអាមេរិកនិងអឺរ៉ង់នៅតំបន់បជ្ឈិមបូព៌ានេះយ៉ាងយកចិត្តទុកដាក់។

លោក រស់ សុវាចា ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ថា ក្រសួងអប់រំ បានបញ្ជូននិស្សិតខ្មែរ១១៦នាក់ ទៅសិក្សានៅប្រទេសអេហ្ស៊ីប និង៣៣នាក់ទៀត ទៅសិក្សានៅរដ្ឋកូវ៉ែត។ លោក បញ្ជាក់ដូច្នេះថា៖«ក្រសួងកំពុងបន្តយកចិត្តទុកដាក់កម្រិតខ្ពស់តាមដានស្ថានការណ៍ [នៅមជ្ឈិមបូព៌ា] នេះ»។

ចំណែកលោក ហេង សួរ ថ្លែងថា បច្ចុប្បន្ន ស្ថានការណ៍នៅមជ្ឈិមបូព៌ា មិនទាន់ឈានដល់ចំណុច ដែលត្រូវជម្លៀសពលករខ្មែរឡើយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងការងារ និយាយបែបនេះថា៖ «ពលរដ្ឋកម្ពុជាទាំង៦៨នាក់នោះ ក្រសួងបានទាក់ទងជាមួយជាប្រចាំ តាមរយៈស្ថានអគ្គរាជទូតនៅទីនោះ ដោយឃើញថា មិនទាន់ដល់ចំណុចមួយ ដែលត្រូវជម្លៀសនៅឡើយទេ ព្រោះអារ៉ាប៊ីសាអូឌីតនៅឆ្ងាយពីចំណុចហានិភ័យមួយចំនួន។ ប៉ុន្តែក្រសួង និងរដ្ឋាភិបាល ជាពិសេសស្ថានទូតប្រចាំនៅតំបន់នោះ កំពុងតាមដានលើសភាពការនេះ»។ លោក បន្ថែមថា ពលករខ្មែរទាំង៦៨នាក់នោះ គឺជាអ្នកបំពេញការងារបម្រើការតាមផ្ទះ។

ជុំវិញរឿងនេះ សារព័ត៌មានថ្មីៗមិនអាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឡើយ ដោយសារតែលោក មិនលើកទូរស័ព្ទ។ យ៉ាងណា លោក ធ្លាប់លើកឡើងដូចអ្នកនាំពាក្យទាំងពីរខាងលើដែរថា រដ្ឋាភិបាល មិនទាន់មានគម្រោងជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់មជ្ឈិមបូព៌ានោះទេ។ថ្លែងប្រាប់សារព័ត៌មានថ្មីៗកាលពីថ្ងៃទី៧ ខែមករា អ្នកនាំពាក្យការបរទេស និយាយដូច្នេះថា៖«យើងមិនមានពលរដ្ឋច្រើនទេ ហើយក៏មិនមានផែនការជម្លៀសពលរដ្ឋចេញពីកន្លែងនោះដែរ ព្រោះយើងមានស្ថានទូតយើងប្រចាំប្រទេសកូវ៉ែត និងស្ថានទូតខ្មែរប្រចាំអេហ្ស៊ីប កំពុងយកចិត្តទុកដាក់តាមដានបញ្ហានេះ ដើម្បីដោះស្រាយឱ្យទាន់សភាពការណ៍»។

ស្របពេលដែលជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែអាក្រក់ ប្រទេសនៅតំបន់អាស៊ានមួយចំនួន ដូចជា ថៃ និងហ្វីលីពីន ជាដើម បានចេញមកប្រកាសពីគម្រោងជម្លៀសពលរដ្ឋពួកគេ ចេញពីតំបន់មជ្ឈិមបូព៌ា។ ប្រជាជនហ្វីលីពីនប្រមាណ៦ពាន់នាក់ មានវត្តមាននៅក្នុងអ៊ីរ៉ាក់ និង១,៦ពាន់នាក់នៅក្នុងអ៊ីរ៉ង់។ ពួកគេភាគច្រើន ជាអ្នកបម្រើការតាមផ្ទះ និងជាបុគ្គលិករបស់ក្រុមហ៊ុនអន្តរជាតិនានា។

ចំណែកប្រជាជនថៃ មាន២៥៧នាក់ ដែលកំពុងបម្រើការងារក្នុងប្រទេសអ៊ីរ៉ង់ និង ២៥នាក់ផ្សេងទៀត នៅក្នុងប្រទេសអ៊ីរ៉ាក់ ។ ភាគច្រើននៃពលករថៃទាំងនោះ បម្រើការងារក្នុងភោជនីយដ្ឋាន កន្លែងម៉ាស្សា និងអាជីវកម្មលក់សាច់ត្រី ជាដើម។ មេដឹកនាំប្រទេសទាំងពីរ កំពុងព្រួយបារម្ភពីសុវត្ថិភាពពលរដ្ឋខ្លួន និងស្នើឲ្យភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះអាមេរិក និងអ៊ីរ៉ង់ មានអត់ធ្មត់ខ្ពស់ និងបញ្ចៀសការប្រើកម្លាំងក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹង ព្រមទាំងរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ជម្លោះនៅមជ្ឈិមបូព៌ា មានភាពសភាពកាត់តែធ្ងន់ធ្ងរ បន្ទាប់ពីអាមេរិក ធ្វើឃាតឧត្តមសេនីយ៍ Qasem Soleimani មេទ័ពរបស់អ៊ីរ៉ង់។ ជាការសងសឹក អឺរ៉ង់ បានបាញ់មីស៊ីលបាលីស្ទិកជាង១០គ្រាប់ ទៅលើបន្ទាយឈរជើងអាមេរិកចំនួនពីរ ដែលតាំងនៅលើទឹកដីអ៊ីរ៉ាក់។ តែការបាញ់មីស៊ីលនេះ ពុំបានបង្កឲ្យទ័ពអាមេរិកណាម្នាក់ បាត់បង់ជីវិតឡើយ៕

website_news/2020150106.txt · Last modified: 2020/01/15 15:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki