website_news:2020150403

តើនៅតែមានពលករខ្មែរនៅថៃវិលមកស្រុកកំណើតតាមច្រករបៀងតូចៗ ក្រោយពេលបិទច្រកធំៗ?

https://crosscheckwmc.com/ Keo Sokha 15 April 2020

បន្ទាយមានជ័យ៖ ទំព័រហ្វេសប៊ុកព័ត៌មានពលករឆ្លងដែនបានបង្ហោះរូបភាព និងឃ្លីបវីដេអូ ពលករខ្មែរ សម្រុកចេញពីប្រទេសថៃ តាមច្រករបៀបព្រៃភ្នំតូចៗជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។រូបភាពបានបង្ហាញឱ្យឃើញសកម្មភាពពលករខ្មែរវិចស្ពាយបង្វេចខោអាវ និងសម្ភារៈប្រើប្រាស់ខ្លះៗ ព្រមជាមួយកូនតូចៗដើរកាត់ព្រៃសំដៅចូលមកស្រុកកំណើត ខណៈរោងចក្រ ក្រុមហ៊ុន ឬហាងនានាក្នុងប្រទេសថៃជាទីដែលកម្មករខ្មែរធ្លាប់ធ្វើការត្រូវបានបិទជាបណ្តុះអាសន្នព្រោះបញ្ហាជំងឺ Covid-19។ រូបភាពពលករខ្មែររត់មកកម្ពុជាវិញតាមច្រករបៀងដែលបានបង្ហោះលើទំព័រហ្វេសប៊ុកព័ត៌មានឈ្មោះថា ទឹកចិត្តពលករឆ្លងដែន តែរូបភាពនេះត្រូវបានរដ្ឋបាលខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យច្រានចោលថា ជាព័ត៌មានមិនពិត។ រូបភាពពីហ្វេសប៊ុកទឹកចិត្តពលករឆ្លងដែន។

លោក ស៊ុំ ចាន់គា មន្រ្តីអង្គការអាដហុកប្រចាំខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ខណៈប្រទេសថៃ បានបិទទ្វារព្រំដែនជាមួយកម្ពុជា ពលករខ្មែរដែលចង់មកស្រុកកំណើតវិញពេលនេះ គឺគ្មានជម្រើសអ្វី ត្រឡប់ចូលស្រុកខ្មែរតាមច្រករបៀងតូចៗនេះទេ។ លោកបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះ មានពលករខ្មែរជា ច្រើន ចូលមកកម្ពុជាដោយដើរកាត់ព្រៃភ្នំព្រោះក្នុងប្រទេសថៃអត់មានការងារឱ្យពួកគេធ្វើការទៀត នោះទេ។ ទាក់ទងករណីនេះលោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាល និងជាអ្នកនាំពាក្យសាលាខេត្ត បន្ទាយមាន ជ័យ ច្រានចេញករណីនេះ ដោយថាជាព័ត៌មានមិនពិត។ លោកបញ្ជាក់ថា នៅតាមច្រកទ្វារព្រំដែនមួយ ចំនួនក្នុងខេត្តបន្ទាយមានជ័យ នៅតែចំហរឱ្យពលករខ្មែរចូលមកជាធម្មតា ប៉ុន្តែពួកគេត្រូវបានត្រួតពិនិត្យ សុខភាព និងឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ អាជ្ញាធរកំពុងពិនិត្យសុខភាពពលករដែលទើបត្រឡប់ចូលមកកម្ពុជានិងបានដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ។

អ្នកស្រី ហៀប នីភា ជាពលករធ្វើការក្នុងរោងចក្រសាច់មាន់ក្នុងប្រទេសជាង ៥ឆ្នាំ បច្ចុប្បន្នក្នុងកំពុងស្នាក់ ដាក់ដោយឡែកក្នុងផ្ទះរបស់ខ្លះក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ អ្នកស្រីឱ្យដឹងថា អ្នកស្រីមកស្រុក កំណើតវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រោះអ្នកស្រីជាពលករស្របច្បាប់មានលិខិតឆ្លងដែន ត្រឹមត្រូវ។ យ៉ាងណាអ្នកស្រី ហាក់ពុំដឹងថា មានករណីពលករខ្មែរចូលមកកម្ពុជាតាមច្រករបៀងព្រៃភ្នំ នេះទេ។ ដោយឡែកលោក ជា ពិសិដ្ឋ នាយករដ្ឋបាល និងជាអ្នកនាពាក្យសាលាខេត្តឧត្តរមានជ័យ គូសបញ្ជាក់ថា នាពេលថ្មីៗនេះមានពលករខ្មែរដែលធ្វើការក្នុងប្រទេសថៃទាំងស្របច្បាប់ និងមិនស្របច្បាប់ បានសម្រុកចូលមកកម្ពុជាតាមច្រកព្រំដែនផ្លូវការ ពុំមានមកតាមច្រករបៀងហើយខេត្តឧត្តរមានជ័យ ក៏គ្មានច្រករបៀងដែរ។ លោកបន្ថែមថា អាជ្ញាធរប្រទេសទាំងពីរកម្ពុជា-ថៃ បានសហការគ្នាប្រើគោល ការណ៍យោគយល់ដោយឱ្យពលករខ្មែរចូលមកប្រទេសវិញតាមសន្តិវិធីមិនចាំបាច់រត់គេងពីអាជ្ញាធរនោះឡើយ។

ជាការកត់សម្គាល់ ប្រទេសថៃបានដាក់ខេត្តក្រុងមួយចំនួនក្នុងគ្រាអាសន្ន ផ្អាករាល់សកម្ម ភាពការងារ ការដើរហើរដោយសេរី ពិសេសបិទទ្វារព្រំដែន ដើម្បីជាវិធានការការពារការចម្លងរាលដាលជំងឺ Covid-19 ។ ការណ៍នេះ បានធ្វើឱ្យពលករបរទេសដូចជា កម្ពុជា ឡាវ និងមាភូ សម្រុកមកស្រុកកំណើតវិញយ៉ាង ច្រើនកុះករ។

នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១០ មេសា បានចេញបញ្ជាឱ្យថ្នាក់ដឹកនាំក្រសួងការ ពារជាតិ ប្រើរថយន្តកងទ័ពមកពីកងពលលេខ៩០ និងកងពលតូច ដឹកជញ្ជូនលេខ ៩៩ ដើម្បីដឹកជញ្ជូន ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ហើយត្រូវដាក់ឲ្យដាក់ដោយឡែករយៈពេល១៤ថ្ងៃ៕

website_news/2020150403.txt · Last modified: 2020/04/15 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki