website_news:2020150501

លោក ស ខេង បញ្ជាឲ្យអាជ្ញាធរខេត្តនៅជាប់ព្រំដែន ទប់ស្កាត់កុំឲ្យពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅប្រទេសជិតខាង

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 15 May 2020 | 09:12 ICT

ភ្នំពេញ៖ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៣ ខែឧសភា បានចេញបញ្ជាឲ្យអាជ្ញាធរខេត្តនៅជាប់ព្រំដែនទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ទៅប្រទេសជិតខាង ខណៈប្រទេសទាំងនោះកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។ ការដាក់ចេញនូវបទបញ្ជាថ្មីរបស់លោក ស ខេង នេះ បានធ្វើឡើងតាមរយៈលិខិតផ្ញើជូន អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងកម្ពុជាស្ដីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានាកាលពីថ្ងៃពុធទី ១៣ ខែឧសភា។ លោក ស ខេង ថ្លែងថា៖ «ខ្ញុំសូមជម្រាបជូនឯកឧត្ដម លោកជំទាវ (អភិបាលខេត្ដជាប់ព្រំដែន) ជ្រាបថា នាពេលថ្មីៗនេះ មានប្រជាពលរដ្ឋខ្មែរមួយចំនួន ត្រូវបានមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសជិតខាង ខណៈពេលដែលប្រទេសជិតខាងទាំងនោះកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩»។ លោកបញ្ជាក់ថា វិធានការនេះ គឺធ្វើឡើងដើម្បីពង្រឹងនូវការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញ-ចូលប្រទេសជិតខាង ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា។ លោកបញ្ជាក់ក្នុងលិខិតថា៖ «ក្រសួងមហាផ្ទៃ សូមណែនាំដល់លោក លោកស្រី អភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ត្រូវកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដជាបន្ទាន់ ដើម្បីណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់នៅតាមតំបន់ព្រំដែន ឲ្យចូលរួមសហការគ្នាដាក់ចេញនូវវិធានការទប់ស្កាត់ការចេញចូលឆ្លងដែនដោយខុសច្បាប់តាមច្រករបៀងនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាង»។ ជាមួយគ្នានេះលោក ស ខេង ក៏បានណែនាំឲ្យអភិបាលខេត្ដជាប់ព្រំដែនត្រូវស្រាវជ្រាវស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ ដែលធ្វើចលនាអូសទាញប្រជាពលរដ្ឋខ្មែរ ឲ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានាផងដែរ។

លោកបន្ដថា៖ «ក្នុងករណីដែលសមត្ថកិច្ចនៃប្រទេសជិតខាង បានចាប់ឃាត់ខ្លួនបងប្អូនប្រជាពលរដ្ឋខ្មែរដែលបានឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាង តាមច្រករបៀងនានារដ្ឋបាលខេត្ដ ត្រូវទំនាក់ទំនង និងសម្របសម្រួលជាមួយសមត្ថកិច្ចនៃប្រទេសជិតខាង ដែលមានព្រំប្រទល់ជាប់គ្នាឲ្យបានឆាប់ ដើម្បីស្នើឲ្យសមត្ថកិច្ចនៃប្រទេសជិតខាងចាត់បញ្ជូនពួកគាត់វិលត្រឡប់មកកម្ពុជាវិញ និងយកចិត្ដទុកដាក់ត្រួតពិនិត្យសុខភាពការអនុវត្ដវិធានការចត្ដាឡីស័ក និងការដឹកជញ្ជូនបងប្អូនទៅកាន់លំនៅឋានរៀងៗខ្លួនឲ្យបានសមស្រប»។ លោក ស ខេង បញ្ជាក់ទៀតថា បច្ចុប្បន្នប្រទេសជិតខាងនៅតែបន្តដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅឡើយ។ លោកថា ហេតុនេះរដ្ឋបាលខេត្ដត្រូវអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសជិតខាង ក្នុងរយៈពេលនេះជាដាច់ខាត។ ត្រូវបន្ដយកចិត្ដទុកដាក់ អនុវត្ដនូវវិធានការ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ នៅកម្ពុជា ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមជុំវិញបញ្ហានេះបានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទលោកពុំមានអ្នកទទួល។

លោក ជា ពិសិដ្ឋ អ្នកនាំពាក្យរដ្ឋបាលខេត្ដឧត្ដរមានជ័យដែលជាខេត្ដជាប់ព្រំដែនប្រទេស ថៃ បានឲ្យដឹងថា បច្ចុប្បន្នពុំមានពលរដ្ឋខ្មែរធ្វើចំណាកស្រុកចេញពីកម្ពុជាតាមច្រកនៃព្រំដែនខេត្ដឧត្ដរមានជ័យនោះទេ ប៉ុន្ដែនាពេលកន្លងមកនេះ នៅតែមានពលករចំណាកស្រុកចេញពីប្រទេស ថៃ មកកម្ពុជាវិញជាបន្តបន្ទាប់។ លោកថ្លែងបន្តថា៖ «ខេត្ដឧត្ដរមានជ័យមានច្រកចេញចូលជាមួយប្រទេស ថៃ ចំនួន ៣ ច្រក ប៉ុន្ដែខេត្ដយើងមិនមានច្រករបៀងនោះទេ។ ច្រកទាំង ៣ នេះបច្ចុប្បន្នគឺបានបិទជាផ្លូវការតាមការណែនាំរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះមានតែពលរដ្ឋចាកចេញពីខាងប្រទេស ថៃ មកខ្មែរបើចូលពីខ្មែរទៅប្រទេសថៃ ពុំមានទេ លើកលែងតែការចរាចរទំនិញពាណិជ្ជកម្មដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមត្ថកិច្ចគយ»។

ចំណែកលោក សុខ សុទ្ធី អ្នកនាំពាក្យរដ្ឋបាលសាលាខេត្ដកោះកុងដែលមានព្រំដែនគោក និងសមុទ្រជាប់ប្រទេសថៃ ដែរនោះឲ្យដឹងថា មិនមានពលរដ្ឋខ្មែរលួចធ្វើចំណាកស្រុកឆ្លងពីកម្ពុជាទៅប្រទេសថៃ នោះទេ ហើយបច្ចុប្បន្នរដ្ឋបាលខេត្ដកំពុងអនុវត្ដតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។ លោកថ្លែងថា៖ «ឥឡូវនេះយើងកំពុងតែអនុវត្ដនូវអ្វីដែលជាប្រសាសន៍សម្ដេចក្រឡាហោម។ ខេត្ដកោះកុងយើង មិនមានពលករចេញ-ចូលនោះទេ ហើយជាទូទៅយើងបន្តអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលតាមប្រព័ន្ធចត្ដាឡីស័កជាប្រចាំ»។

លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central) បានថ្លែងថា ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ ១៩ នេះ ភាគីខ្មែរ និងថៃបានផ្អាកមួយរយៈនូវដំណើរការនៃការទទួលពលកររវាងប្រទេសទាំង ២ កត្ដានេះ ហើយដែលជាហេតុផលធ្វើឲ្យប្រជាពលរដ្ឋខ្មែរប្រថុយឆ្លងដែនតាមច្រករបៀងទៅរកការងារធ្វើនៅប្រទេស ថៃ។ លោកថ្លែងថា៖ «កត្ដា ២ ដែលធ្វើឲ្យពលរដ្ឋខ្មែរសម្រេចចិត្ដធ្វើចំណាកស្រុកទៅប្រទេសថៃនេះ គឺកត្ដាអូសទាញ និងកត្ដាជំរុញ។ កត្ដាអូសទាញមានអ្នកមកប្រាប់គាត់ថាធ្វើចំណាកស្រុកបានប្រាក់ខែច្រើនជាដើម ហើយកត្ដាជំរុញ គឺតម្រូវការក្រពះ។ នៅពេលពលរដ្ឋអត់មានចំណូល គ្មានលុយសម្រាប់ទិញម្ហូបអាហារគ្រប់គ្រាន់ គ្មានលុយសម្រាប់រ៉ាប់រងចំណាយប្រចាំថ្ងៃ និងសងបំណុលគេ រួមនឹងការងារនៅខ្មែរនៅមានភាពចង្អៀតនៅឡើយទើបជំរុញឲ្យពួកគាត់ត្រូវតែប្រថុយធ្វើចំណាកស្រុកបែបនេះ»។ លោក តុលា ស្នើឲ្យរាជរដ្ឋាភិបាលត្រូវមានយន្តការច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាចំពោះកត្ដាជំរុញនេះ ដើម្បីកុំឲ្យពលរដ្ឋខ្មែរបន្តធ្វើចំណាកស្រុកខុសច្បាប់ទៀត។ ជាមួយគ្នានេះ លោក តុលា ក៏បានស្នើឲ្យរដ្ឋាភិបាលប្រើប្រាស់ថវិកាបម្រុង សម្រាប់ទប់ស្កាត់បញ្ហាជំងឺកូវីដ ១៩ ដើម្បីជួយដល់ពលរដ្ឋដែលគ្មានការងារធ្វើក្នុងដំណាក់កាលនេះផងដែរ។ លោកឲ្យដឹងថា ប្រទេសថៃ បានចំណាយថវិកាបម្រុងក្នុងការជួយដល់ពលករនៅដំណាក់កាលនេះ តាមរយៈការបើកប្រាក់ខែ ៥០ ភាគរយ ហើយពលករខ្មែរដែលទើបវិលត្រឡប់មកពីថៃជិត ១០ ម៉ឺននាក់នោះ ភាគច្រើនគ្មានឯកសារច្បាស់លាស់ ឬធ្វើចំណាកស្រុកដោយខុសច្បាប់៕

website_news/2020150501.txt · Last modified: 2020/05/15 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki