website_news:2020150502

សម្តេចក្រឡាហោមបញ្ជាឲ្យតាមចាប់ខ្លួនមេខ្យល់ នាំប្រជាពលរដ្ឋខ្មែរឆ្លងដែនចូលទៅប្រទេសជិតខាង

http://btv.com.kh/ 13/05/2020

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួអងមហាផ្ទៃ បានបញ្ជាឲ្យស្រាវជ្រាវស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ដែលចលនាអូសទាញប្រជាពលរដ្ឋខ្មែរឱ្យឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា និងបញ្ជាឲ្យអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងទប់ស្កាត់ប្រជាពលរដ្ឋខ្មែរកុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា។ សម្តេចក្រឡាហោម ស ខេង បានជម្រាបទៅអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាងកាលពីថ្ងៃទី១៣ ខែឧសភា ថា នាពេលថ្មីៗនេះ មានប្រជាពលរដ្ឋមួយចំនួន ត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសជិតខាង ខណៈពេលដែលប្រទេសជិតខាងទាំងនោះកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។

ចំពោះករណីនេះ ដើម្បីពង្រឹងនូវការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញចូលប្រទេសជិតខាង ការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា ក្រសួងមហាផ្ទៃសុំណែនាំដល់អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវចាត់តាំងអនុវត្តនូវវិធានការនានាដូចខាងក្រោម៖ ត្រូវកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាបន្ទាន់ ដើម្បីណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់នៅតាមព្រំដែនឲ្យចូលរួមសហការគ្នាដាក់ចេញនូវវិធានការទប់ស្កាត់ការចេញចូលឆ្លងដែនខុសច្បាប់ តាមច្រករបៀងនៅតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាង។ ត្រូវស្រាវជ្រាវស្វែងរក និងតាមចាប់ខ្លួនមេខ្យល់ដែលចលនាអូសទាញប្រជាពលរដ្ឋខ្មែរឱ្យឆ្លងដែនខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា។

ក្នុងករណីដែលសមត្ថកិច្ច នៃប្រទេសជិតខាងបានចាប់ឃាត់ខ្លួនបងប្អូនប្រជាពលរដ្ឋខ្មែរដែលបានឆ្លងដែនខុសច្បាប់ចូលទៅជិតចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា រដ្ឋបាលខេត្ដត្រូវទំនាក់ទំនងនិងសម្របសម្រួលជាមួយសមត្ថកិច្ច នៃប្រទេសជិតខាង ដែលមានព្រំប្រទល់ជាប់គ្នាឲ្យបានឆាប់ ដើម្បីស្នើឲ្យសមត្ថកិច្ចនៃប្រទេសជិតខាងចាប់បញ្ជូនពួកគាត់វិលត្រឡប់មកកម្ពុជាវិញ និងយកចិត្តទុកដាក់ត្រួតពិនិត្យសុខភាព ការអនុវត្តវិធានការចត្តាឡីស័ក និងការដឹកជញ្ជូនបងប្អូនទៅកាន់លំនៅឋានរៀងខ្លួនឲ្យបានសមស្រប។ បច្ចុប្បន្នប្រទេសជិតខាងនៅបន្តដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ហេតុនេះរដ្ឋបាលខេត្តត្រូវអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យធ្វើដំណើរទៅកាន់ប្រទេសជិតខាងក្នុងរយៈពេលនេះជាដាច់ខាត។ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការនិងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាលក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅកម្ពុជាឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា ពលករដែលបានវិលត្រឡប់មកបណ្ដាប្រទេសនានា ពិសេសពលករដែលបានវិលមកពីប្រទេសថៃ ចូលកម្ពុជាវិញមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលគិតមកដល់ពេលនេះ មានចំនួនប្រមាណ ៨៥០០០នាក់៕

website_news/2020150502.txt · Last modified: 2020/05/15 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki