website_news:2020150601

ប៉ូលិសខេត្តឧត្ដរមានជ័យឃាត់ខ្លួនមេខ្យល់ ២នាក់នាំពលករទៅធ្វើការនៅប្រទេសថៃខុសច្បាប់

https://www.rfa.org/khmer/ ដោយ ជាតិ ចំណាន 2020-06-12

ប៉ូលិសខេត្តឧត្ដរមានជ័យឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលជាមេក្លោងនាំពលករខ្មែរទៅធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់តាមច្រករបៀងតំបន់ព្រំដែនសង្កាត់អូរស្មាច់ កាលពីរសៀលថ្ងៃទី១១ មិថុនា។ មន្ត្រីអង្គការសង្គមស៊ីវិលទទូចឱ្យសមត្ថកិច្ចផ្ដន្ទាទោសមេខ្យល់ទាំងនោះឱ្យបានធ្ងន់ធ្ងរ ដើម្បីកុំឱ្យអ្នកដទៃនាំពលករឆ្លងដែនខុសច្បាប់បន្តទៀត។

អធិការនគរបាលក្រុងសំរោង លោក ហម ភិរម្យ ឱ្យអាស៊ីសេរីដឹងនៅរសៀលថ្ងៃទី១២ មិថុនាថា មេខ្យល់ជនជាតិខ្មែរប្រុសម្នាក់ឈ្មោះ គង់ សារឿន អាយុ ៥០ឆ្នាំ និងស្រីម្នាក់ទៀត គឺឈ្មោះ ទិត្យ កុយ អាយុ ៥១ឆ្នាំ រស់នៅខេត្តឧត្ដរមានជ័យ ត្រូវបានចាប់ខ្លួន ខណៈពួកគេកំពុងនាំពលករខ្មែរចំនួន ២៧នាក់ឆ្លងដែនតាមច្រករបៀងក្បែរច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ដើម្បីទៅធ្វើការនៅទីក្រុងបាងកក និងនៅខេត្តសុរិន្ទប្រទេសថៃ ដោយខុសច្បាប់។ លោកបញ្ជាក់ថា មេខ្យល់ទាំង២នាក់នេះ បានយកប្រាក់ពីពលករម្នាក់ជិត ២ពាន់បាត (១.៧៥០) ស្មើនឹងជិត ៦០ដុល្លារអាមេរិក ដើម្បីជាថ្នូរនាំពួកគេឆ្លងដែនទៅដល់ដីថៃ៖ «មួយចំនួនគាត់បាននាំឆ្លងដែនផុតទៅហើយត្រូវបានថៃចាប់បញ្ជូនត្រឡប់មកវិញ មួយចំនួននៅក្រវាត់ព្រំដែនត្រូវបាននគរបាលការពារព្រំដែនឃាត់តាមច្រកព្រំដែនខាងត្បូងខ្លាឃ្មុំស្ថិតក្នុងភូមិសាស្ត្រអូស្មាច់។ មិនមានច្រើនទេ ដោយសារការយកចិត្តដាក់ពីអភិបាលខេត្តបានផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋកុំឱ្យឆ្លងដែនទៅប្រទេសថៃព្រោះវាអាចបង្កឱ្យមានការគ្រោះថ្នាក់ ហើយហានិភ័យនឹងការឆ្លងជំងឺកូវិដ១៩»។ លោកបន្តថា ប៉ូលិសបានបញ្ជូនមេខ្យល់ទាំង ២នាក់ ទៅសាលាដំបូងខេត្តឧត្ដរមានជ័យ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ហើយនៅព្រឹកថ្ងៃទី១២ មិថុនា។ ចំណែកក្រុមពលករទាំង ២៧នាក់ ត្រូវបានបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញភ្លាមៗ នៅក្រោយពេលឃាត់ខ្លួន។ នេះជាលើកទី១ ហើយ ក្នុងឆ្នាំ២០២០ ដែលប៉ូលិសខេត្តឧត្ដរមានជ័យចាប់បានមេក្លោងនាំពលករខ្មែរទៅធ្វើការប្រទេសថៃដោយខុសច្បាប់នោះ។

ទោះជាយ៉ាងណា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា ការចាប់មេខ្យល់តែ ២នាក់ មិនទាន់គ្រប់គ្រាន់នោះទេ ពីព្រោះរឿងនេះអាចមានអ្នកពាក់ព័ន្ធជាច្រើនទៀតទើបអាចដើរប្រមូលប្រជាពលរដ្ឋមកពីខេត្តឆ្ងាយៗ បានច្រើនបែបនេះ។ លោកអំពាវនាវឱ្យអាជ្ញាធរស្រាវជ្រាវរកចាប់មេខ្យល់ដទៃមក ផ្ដន្ទាទោសតាមច្បាប់ ដើម្បីទប់ស្កាត់កុំឱ្យពួកគេនាំពលករឆ្លងដែនដោយប្រថុយប្រថានបន្តទៀត។ លោកបញ្ជាក់ថា ការឆ្លងដែនអំឡុងពេលនេះប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដោយសាររដ្ឋាភិបាលថៃបានដាក់ប្រទេសរបស់គេក្នុងគ្រាមានអាសន្ន ដោយមានសមត្ថកិច្ចថៃយាមការពារតឹងតែងនៅតាមព្រំដែន៖ «ពីព្រោះច្បាប់បានហាមឃាត់ហើយ គាត់នៅតែប្រព្រឹត្តអីចឹង។ ជាពិសេសមែនទែនសុំខាងតុលាការអីឱ្យដាក់ទោសឱ្យធ្ងន់ទៅពីព្រោះដើម្បីបង្ហាញថា ការអនុវត្តច្បាប់ចំពោះជនប្រព្រឹត្តបទល្មើសហ្នឹងឱ្យវារាងចាលលើអ្នកដែលចង់ប្រកបមុខរបរហ្នឹងបន្តទៀត។ សម័យជំងឺកូវីដ១៩ បែបហ្នឹងហើយ នៅតែមានមេខ្យល់នាំប្រជាពលរដ្ឋឆ្លងដែនទៅក្រៅប្រទេសអីចឹងយើងយល់រឿងនេះជាបញ្ហាមួយ ដែលរដ្ឋត្រូវតែយកចិត្តទុកដាក់មែនទែនចំពោះប្រជាពលរដ្ឋខ្លួនឯង ព្រោះរដ្ឋមានកាតព្វកិច្ចមួយជួយការពារបំពេញឱ្យប្រជាពលរដ្ឋ»។

រដ្ឋាភិបាលថៃបានបិទព្រំដែនជាប់កម្ពុជាតាំងពីថ្ងៃទី២៣ មីនា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺរលាកផ្លូវដង្ហើមថ្មី ហើយមកទល់ថ្ងៃទី១២ មិថុនាមិនទាន់បើកឡើងវិញនៅឡើយទេ។ អំឡុងពេលអាជ្ញាធរថៃបិទព្រំដែននេះ មានពលករខ្មែរជាច្រើននាក់បានលួចឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់ ដោយសារពួកគាត់គ្មានការងារនៅក្នុងស្រុក ហើយត្រូវបានអាជ្ញាធរថៃចាប់ខ្លួនជាបន្តបន្ទាប់។ កាលពីខែឧសភា មានពលករខ្មែរជាង ២០០ (ពីររយនាក់) ត្រូវបានទាហានថៃចាប់ខ្លួននៅខេត្តស្រះកែវ ប៉ុន្តែក្រោយមកអាជ្ញាធរថៃបានបញ្ជូនពួកគេត្រឡប់ទៅកម្ពុជាវិញ តាមច្រករបៀងព្រំដែនក្នុងខេត្តបន្ទាយមានជ័យ៕

website_news/2020150601.txt · Last modified: 2020/06/15 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki