website_news:2020150603

ភាគីថៃបញ្ជូនសពពលករម្នាក់ ដែលគ្រោះថ្នាក់ចរាចរនៅលើដីថៃ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១៨:៥៧ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ សាកសពពលករខ្មែរម្នាក់ត្រូវបានភាគីថៃធ្វើការបញ្ជូនត្រឡប់តាមច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត រសៀលថ្ងៃទី១១ មិថុនា ២០២០ ក្រោយជួបគ្រោះអកុសល គ្រោះថ្នាក់ចរាចរ (ខ្លះថារថយន្តបុក ខ្លះថាដួលម៉ូតូដោយខ្លួនឯង)។ ជនរងគ្រោះឈ្មោះ ម៉ៅ សុខនី ភេទប្រុស អាយុ២៨ឆ្នាំ ធ្វើការផ្នែកដឹកជញ្ជូនហ្គាសចែកចាយនៅខេត្តសាមុទ្រប្រាកាន ប្រទេសថៃ និងមានទីលំនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមសាច់ញាតិសពប្រាប់កោះសន្តិភាពថា ជនរងគ្រោះបានជួបគ្រោះអកុសលគ្រោះថ្នាក់ចរាចរ កាលពីល្ងាចថ្ងៃទី៩ មិថុនា ២០២០ ខណៈជនរងគ្រោះបើកម៉ូតូដឹកជញ្ជូនហ្គាសចែកចាយឲ្យគេ។ ប្រភពដដែលបន្តថា គ្មានសាច់ញាតិណាដឹងពីកាពិតថា គ្រោះថ្នាក់ចរាចរខាងលើកើតឡើង ដោយរបៀបណាឡើយ ខណៈប្រភពអ្នកឃើញហេតុការណ៍ប្រាប់ពួកគាត់ថា ជនរងគ្រោះត្រូវ រថយន្តបុកតែចាប់រថយន្តនោះមិនបាន។

សពខាងលើក្រោយភាគីថៃធ្វើការបញ្ជូនដល់កម្ពុជា ក៏ដឹកបន្តតាមរថយន្តសង្គ្រោះរបស់យោធានៃកងពលតូចថ្មើជើងលេខ៥១ ទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី។ តាមមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ ប្រចាំច្រកទ្វារ អន្តរជាតិប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា សពពលករដែលជួបគ្រោះអកុសលផ្សេងៗ លើដីថៃ បញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតសម្រាប់ខែឧសភា និងមិថុនា មាន៤នាក់ ដោយក្នុងខែឧសភាមាន៣នាក់ និងដើមខែមិថុនាមានម្នាក់គឺសពពលករខាងលើតែម្តង៕ ដោយ ៖ មុត សារុន

website_news/2020150603.txt · Last modified: 2020/06/15 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki