website_news:2020150611

ស្រួង ភាវី មានសិទ្ធិស្នើសុំអន្តរាគមន៍ពីអាជ្ញាធរកូរ៉េខាងត្បូង បើស្ត្រីខ្មែររងការបំពាន

https://thmeythmey.com/ 14, Jun 2020 , 9:59 pm ដោយ: សឿន វណ្ណឌេត

កីឡាការិនី ស្រួង ភាវី មានសិទ្ធិស្នើសុំកិច្ចអន្តរាគមន៍ ពីក្រសួងសមធម៌យេនឌ័រកូរ៉េ ក្នុងការជួយដោះស្រាយបញ្ហាជូនស្ត្រីខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ ក្នុងករណីមានការបំពាន។ ការទទួលបានសិទ្ធិនេះ កើតឡើងក្រោយពីកីឡាការិនីមកពីខេត្តត្បូងឃ្មុំរូបនេះ ត្រូវបានកូរ៉េតែងតាំងឲ្យធ្វើជាសមាជិកគណៈកម្មការស្ត្រីនៃក្រសួងសមធម៌យេនឌ័រ និងគ្រួសាររបស់កូរ៉េខាងត្បូង។ កីឡាការិនីស្នូកឃ័រឆ្នើមកម្ពុជា ស្រួង ភាវី ត្រូវបានថ្នាក់ដឹកនាំប្រទេសកូរ៉េខាងត្បូង តែងតាំងឲ្យធ្វើជាសមាជិកគណៈកម្មការស្ត្រី នៃក្រសួងសមធម៌យេនឌ័រ និងគ្រួសាររបស់កូរ៉េខាងត្បូង។ បើតាម ភាវី មុខតំណែងនេះ នាងទទួលបានកាលពីថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៩ បន្ទាប់ពី នាង បានរួមចំណែកជួយក្នុងអំពើមនុស្សធម៌ និងសាងស្នាដៃនានាជូនប្រទេសកូរ៉េ និងកម្ពុជា។ ប៉ុន្តែនាង មិនបញ្ជាក់លម្អិតពីស្នាដៃដែលបានសាងទាំងនោះឡើយ។

ទោះបីយ៉ាងនេះក្តី យើងសង្កេតឃើញថា កីឡាការិនីវ័យ៣០ឆ្នាំរូបនេះ តែងតែចំណាយថវិកាផ្ទាល់ខ្លួនដែលបានមកពីការប្រកួតនានាប្រគល់ជូន និងទិញសម្ភារ និងគ្រឿងឧបភោគបរិភោគផ្សេងៗជួយដល់ជនក្រីក្រ និងជនរងគ្រោះនានាទាំងនៅប្រទេសកូរ៉េនិងប្រទេសកម្ពុជា។ នាង តែងតែត្រូវបានទូរទស្សន៍កូរ៉េសម្ភាសពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌ ប្រវត្តិផ្ទាល់ខ្លួន និងសមិទ្ធផលនានា ដែលនាងសម្រេចបាន។ កត្តាទាំងនេះហើយដែល ភាវី ចាត់ទុកជាមូលហេតុ ដែលជួយឲ្យរូបនាងទទួលបានតំណែងជាគណៈកម្មការស្ត្រីនៅប្រទេសកូរ៉េ។ «យើងជាស្ត្រីខ្មែររៀបការនៅប្រទេសកូរ៉េ ហើយយើងបានសាងកេរ្តិ៍ឈ្មោះ និងស្នាដៃនៅប្រទេសកូរ៉េ។ យើង ក៏ជាមនុស្សគំរូមួយសម្រាប់មនុស្សនៅជុំវិញខ្លួន»។ នេះជាការបញ្ជាក់ពីមូលហេតុបន្ថែមរបស់កីឡាការិនី ស្រួង ភាវី ដែលបានបន្ថែមថា មុខតំណែងជាសមាជិកគណៈកម្មការស្ត្រីនេះ មិនងាយមានស្ត្រីណាទទួលបាននោះទេ។

សម្រាប់មុខតំណែងនេះ ភាវី មានសិទ្ធិចូលរួមកិច្ចប្រជុំធំៗរបស់ក្រសួងសមធម៌យេនឌ័រ និងគ្រួសាររបស់កូរ៉េខាងត្បូង ហើយមានសិទ្ធិលើកជាគំនិត និងសំណើរផ្សេងៗ។ ជាពិសេស នាង មានសិទ្ធិស្នើសុំការអន្តរាគមន៍ពីក្រសួងនេះ ដើម្បីជួយដោះស្រាយបញ្ហានានាជូនស្ត្រីកូរ៉េ និងស្ត្រីខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ ក្នុងករណីពួកគេរងការបំពានពីស្វាមី ឬថៅកែ។ «ពលករគាត់លំបាក ហើយស្ត្រីខ្មែរដែលរៀបការរួចត្រូវប្តីធ្វើបាបចេះ ធ្វើបាបចុះ ពេលយើងស្នើគេ(ក្រសួងសមធម៌យេនឌ័រ និងគ្រួសាររបស់កូរ៉េខាងត្បូង)នឹងចុះទៅជួយ។ មានស្ត្រីខ្មែរខ្លះរៀបការមានកូនចូលសញ្ជាតិខ្មែរផង កូរ៉េផង ហើយត្រូវគេរើសអើងអ៊ីចឹង យើងត្រូវរកវិធីម៉េចកុំឲ្យគេរើសអើង។ បើយើងដឹងថា ស្ត្រី ឬកម្មការិនីទាំងនោះលំបាកមែន ខ្ញុំអាចស្នើសុំ(ការអន្តរាគមន៍)បាន»។ នេះជាការលើកឡើងរបស់កីឡាការិនី ស្រួង ភាវី។

កីឡាការិនីមកពីខេត្តត្បូងឃ្មុំរូបនេះ បានចូលប្រឡូកក្នុងវិស័យកីឡាប៊ីយ៉ា និងស្នូកឃ័រនៅឆ្នាំ២០១៣ ដោយផ្តើមចេញពីការនាំរបស់ស្វាមី ជាជនជាតិកូរ៉េខាងត្បូង។ ក្រោយប្រឡូកបានប្រមាណ៥ឆ្នាំ នាង បានឈ្នះមេដាយមាសក្នុងការប្រកួតជើងឯកអាស៊ី Asian Championship 3-Cushion Ladies។ បន្ទាប់មកនៅឆ្នាំ២០១៨ កីឡាការិនីរូបនេះ ទទួលបានមេដាយសំរឹទ្ធក្នុងការប្រកួតជើងឯកពិភពលោកនៅប្រទេសតួកគី មុនឈ្នះមេដាយមាសក្នុងការប្រកួតជើងឯកអាស៊ីនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៩។ ទោះបីកីឡាការិនី ស្រួង ភាវី មានស្វាមីជាជនជាតិកូរ៉ និងបានចាកចេញពីកម្ពុជាទៅរស់នៅប្រទេសកូរ៉េខាងត្បូងអស់រយៈពេលជាង១០ឆ្នាំក៏ដោយ តែរាល់ភាពជោគជ័យនៅឆាកអន្តរជាតិ នាង តែងតែងលើកទង់ជាតិ និងតំណាងឲ្យកម្ពុជាជានិច្ច៕

website_news/2020150611.txt · Last modified: 2020/06/15 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki