website_news:2020150701

លោក ហ៊ុន សែន ប្រកាសផ្ដល់ទុនចិញ្ចឹមត្រី ឲ្យកម្មករ និងពលករ ដែលបាត់បង់ការងារ ដោយសារវិបត្តិជំងឺកូវីដ១៩

https://www.rfa.org/khmer/ ដោយ ជាតិ ចំណាន 2020-07-14

រដ្ឋាភិបាល ប្រកាសផ្ដល់ទុន សម្រាប់ចិញ្ចឹមត្រី ដោយឥតគិតថ្លៃ ឲ្យកម្មករ និងពលករ ដែលរងវិបត្តិបាត់បង់ការងារធ្វើដោយសារវិបត្តិជំងឺកូវីដ១៩ (Covid-19)។ សហជីព និង អ្នកចិញ្ចឹមត្រី ស្វាគមន៍គម្រោងនេះ និង ស្នើសុំឲ្យជួយផ្ដល់ទុន ដល់ក្រុមអ្នកនេសាទផង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្ថែមថវិការដ្ឋចំនួនប្រាំលាន (៥លាន) ដុល្លារថែមទៀត សម្រាប់ជួយជំរុញឲ្យកម្មករ និងពលករ ងាកមកប្រកបមុខរបរចិញ្ចឹមត្រីវិញ។ លោក ហ៊ុន សែន ប្រាប់ថា ដើមទុន ដែលត្រូវឲ្យកម្មករ និងពលករ ដោយមិនគិតថ្លៃនោះមានដូចជា កូនត្រី តង់សម្រាប់ចិញ្ចឹមត្រី និងការជួយបង្ហាត់បង្រៀនពីរបៀបចិញ្ចឹមត្រី ជាដើម៖ «ខ្ញុំក៏អំពាវនាវកម្មករ កម្មការិនី និងបងប្អូនត្រឡប់មកពីថៃ ចូលរួមនៅក្នុងវិស័យកសិកម្ម ជំរុញវិស័យកសិកម្ម។ ឥឡូវបង្កើតមុខរបររបៀបចិញ្ចឹមត្រី។ ឥឡូវ បើថា ៥០ម៉ឺនដុល្លារហ្នឹង វាមិនគ្រប់ យើងបន្ថែមដើម្បីឲ្យអ្នកទាំងនោះ ចិញ្ចឹមត្រី ត្រីអណ្ដែង ឲ្យពួកគាត់មានដើមទុន មានដើមទុន។ អាហ្នឹង យើងឲ្យទទេហ្មង ឲ្យទទេ កូនត្រី ក៏យើងឲ្យទទេ អាតង់ក៏យើងឲ្យទទេ ហើយយើងទៅជួយបង្ហាត់បង្ហាញ ជួយឲ្យគាត់មានមុខរបរ»។

លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាល បានបញ្ចេញថវិការដ្ឋ ចំនួនហាសិបម៉ឺន (៥០ម៉ឺន)ដុល្លាររួចហើយ សម្រាប់ជួយដល់ការចិញ្ចឹមត្រីកន្លងមក។ លោកបន្តថា បច្ចុប្បន្នមានកសិករជាងបួនម៉ឺន ប្រាំមួយពាន់(៤៦.០០០) គ្រួសារ កំពុងប្រកបរបរចិញ្ចឹមត្រីក្នុងស្រះ។ លោក ហ៊ុន សែន បន្តណែនាំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឲ្យមានការចិញ្ចឹមត្រីបន្ថែមទៀត ឲ្យបានយ៉ាងហោចណាស់ ឲ្យបានចំនួនប្រាំម៉ឺន (៥០.០០០) គ្រួសារ។ លោក ថ្លែងបែបនេះ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី នៅស្រុកពាមរ ខេត្តព្រៃវែង នៅថ្ងៃទី១៤ កក្កដា ក្នុងពេលលោកជួបសំណេះសំណាលជាមួយកសិករចិញ្ចឹមត្រី។ ជុំវិញការប្រកាសផ្ដល់ទុនចិញ្ចឹមត្រីឲ្យកម្មករ និងពលករនេះដែរ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា កម្មករដែលបាត់បង់ការងារនៅរោងចក្រ ទំនងពិបាកក្នុងការ ងាកមកចាប់អាជីពចិញ្ចឹមត្រី នៅពេលភ្លាមៗនេះ ព្រោះកម្មករគ្មានជំនាញ និងគ្មានបទពិសោធន៍ខាងចិញ្ចឹមត្រី។ លោក អាត់ ធន់ ជំរុញឲ្យរដ្ឋាភិបាលជួយផ្ដល់ទុន ផ្នែកផ្សេង ក្នុងវិស័យកសិកម្ម ក្រៅពីការចិញ្ចឹមត្រី ដូចជាការធ្វើស្រែ ដាំដំណាំ និងចិញ្ចឹមសត្វគ្រប់ប្រភេទ តាមចំណូលចិត្ត ជំនាញ និងបទពិសោធន៍របស់កម្មករ ដែលរស់នៅតាមខេត្ត។ ឯកម្មកររស់នៅរាជធានីភ្នំពេញវិញ លោក អាត់ ធន់ ជំរុញឲ្យរដ្ឋាភិបាល ជួយរកការងារថ្មី ដូចជា ការងារនៅសិប្បកម្មដេរម៉ាស់ ទីតាំងផលិតសម្ភារៈពេទ្យ ជាដើម៖ «ហើយអ្នកខ្លះ ក៏គាត់ មិនជាអ្នកដែលចង់ធ្វើការផ្នែកកសិកម្មហ្នឹង ប៉ុន្មានដែរ។ អ៊ីចឹង មិនដឹងថា គាត់ហ្នឹង អាចទៅចាប់ នូវទីផ្សារ ឬក៏ចាប់ផ្នែកកសិកម្មហ្នឹង បានឬក៏អត់ទេ? តាមខ្ញុំមើល បើសិនជាឪពុកម្ដាយគាត់ ប្រហែលជាអាចទៅរួចជាងក្មេងៗ ហ្នឹង»។

ចំណែកប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត ស្វាគមន៍ការបង្កើតមុខរបរចិញ្ចឹមត្រីឲ្យពលរដ្ឋ ព្រោះលោក សង្កេតឃើញថា ត្រីនៅទន្លេសាបកាន់តែខ្សត់ទៅៗ ហើយនៅឆ្នាំនេះ ត្រីទំនង ជាក្សត់ជាងឆ្នាំមុនទៀត ព្រោះគ្មានទឹកភ្លៀង។ លោក ឡុង សូចែត យល់ថា នៅពេលផ្ដល់ទុនឲ្យហើយ រដ្ឋាភិបាលចាំបាច់ត្រូវយកចិត្តទុកដាក់ លើការបង្ហាត់បង្រៀនបច្ចេកទេសចិញ្ចឹមត្រី ដល់កម្មករ និងពលករទាំងនោះ ឲ្យបានទៀងទាត់ ព្រោះបើហ៊ានតែធ្វេសប្រហែល ខកខានការបង្ហាត់នោះ ត្រីដែលចិញ្ចឹមមិនអាចធំធាត់បានទេ។ ទោះយ៉ាងណា អ្នកជំនាញខាងចិញ្ចឹមត្រីរូបនេះ ក៏ចង់ឲ្យរដ្ឋាភិបាល ជួយផ្ដល់ទុន និងបច្ចេកទេស ដល់អ្នកនេសាទ និងអ្នកកំពុងប្រកបមុខរបរចិញ្ចឹមត្រីរាល់ថ្ងៃ បន្ថែមទៀតផងដែរ ព្រោះពួកគេ ក៏រងផលប៉ះពាល់ខ្លាំង ពីវិបត្តិជំងឺកូវីដ១៩ ដែរ។ លោក ឡុង សូចែត យល់ថា បើមានការជួយទុន និងបច្ចេកទេសដល់អ្នកនេសាទ និងអ្នកកំពុងចិញ្ចឹមត្រី នឹងធ្វើឲ្យទិន្នផលត្រីទទួលបានផលច្រើន និងជាការបង្កើនកំណើនត្រីឡើងវិញ៖ «បើគ្មានផ្នត់គំនិតក្នុងការចិញ្ចឹមទេ បើសិនយើង (រដ្ឋាភិបាល) ផ្ដល់ឲ្យគាត់ទៅហើយគាត់អត់សមត្ថភាពទៀត អត់ជំនាញទៀត អាហ្នឹងគឺដូចអត់ប្រយ័ត្នអ៊ីចឹងណា។ ប៉ុន្តែបើត្រឡប់អាហ្នឹងវិញ ដូចនិយាយមិញអ៊ីចឹង ត្រឡប់អាហ្នឹង បើសិនជាយើងមកជួយផ្គត់ផ្គង់ដល់អ្នកនេសាទ ដូចថា វាមិនមានជំនាញច្បាស់លាស់ទេ ប៉ុន្តែក៏គាត់មានការយល់ដឹងខ្លះដែរ ព្រោះគាត់មានបទពិសោធន៍ចិញ្ចឹមខ្លះដែរ។ ទោះជាវាមិនច្បាស់ទែង តែគាត់មានការយល់ដឹងខ្លះ វាល្អម្យ៉ាងដែរ….ប្រហែលជាអ្នកទទួលផលជាងអ្នកដែលធ្លាប់តែធ្វើការនៅតាមរោងចក្រ គ្នាអត់ជំនាញសោះ វាអត់រលីងបណ្ដោយណា»។

របាយការណ៍របស់រដ្ឋបាលជលផល បង្ហាញថា ផលនេសាទទឹកសាបក្នុងឆ្នាំ២០១៩ មានចំនួនជាង ៤៧ម៉ឺនតោន ធ្លាក់ចុះជាងឆ្នាំ២០១៨ ចំនួនជាង ៥ម៉ឺនតោន (ឆ្នាំ២០១៨ ជាង ៥៣ម៉ឺនតោន) ដោយសារ ការប្រែប្រួលអាកាសធាតុ បណ្ដាលឲ្យធ្លាក់ភ្លៀងតិច ដែលជាមូលហេតុនាំឲ្យត្រីធ្លាក់ចុះ៕

website_news/2020150701.txt · Last modified: 2020/07/15 13:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki