website_news:2020150708

ថៃបញ្ជាឲ្យបង្កើនសន្តិសុខនៅតាមព្រំដែនជុំវិញការភ័យខ្លាចឆ្លងកូវីដ១៩ជាថ្មី

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 14/07/2020

ថៃ៖ ប្រទេសថៃបានបញ្ជាឲ្យបង្កើនសន្តិសុខនៅតាមព្រំដែនគោករបស់ខ្លួន បន្ទាប់ពីក្ដីបារម្ភលើការកើនឡើងរលកទីពីរ នៃការឆ្លងវីរុសកូរ៉ូណាក្រោយការចាប់ខ្លួនជនចំណាកស្រុកខុសច្បាប់រាប់ពាន់នាក់កាលពីខែមុន។ អ្នកនាំពាក្យក្រុមការងារថៃលោក Taweesin Wisanuyothin បាននិយាយថា ចាប់តាំងពីដើមខែមិថុនាអាជ្ញាធរបានចាប់ខ្លួនពលករចំណាកស្រុកចំនួន ៣ ពាន់នាក់ពីបទប៉ុនប៉ងចូលមកប្រទេសតាមព្រំដែនដីគោក។ លោក Taweesin ក៏បានលើកឡើងពីការព្រួយបារម្ភអំពីបទប្បញ្ញត្តិខ្សោយសម្រាប់ការមកដល់របស់ភ្ញៀវទេសចរបរទេសតាមអាកាស បន្ទាប់ពីអ្នកទេសចរ ២ នាក់តេស្តវិជ្ជមានដោយម្នាក់បានបំពានច្បាប់ធ្វើចត្តាឡីស័ក ។ រដ្ឋាភិបាលបានកំណត់អត្តសញ្ញាណនាវិកអាយុ ៤៣ ឆ្នាំម្នាក់នៃយន្តហោះយោធាអេហ្ស៊ីប និងក្មេងស្រីអាយុ ៩ឆ្នាំនៅក្នុងគ្រួសារអ្នកការទូតស៊ូដង់ថាជាករណីថ្មីដែលអាចបង្កជារលកទីពីរ ។ លោក Taweesin បាននិយាយថា “នេះបង្ហាញពីចំណុចខ្សោយ ប៉ុន្តែមិនទាន់មានការខូចខាតណាមួយទេប្រសិនបើយើងអាចគ្រប់គ្រង ហើយកែតម្រូវចំណុចខ្សោយ និងចេញបទបញ្ជាហ្មត់ចត់ជាងនេះ” ។

ទាហានអេហ្ស៊ីប និងក្រុមគ្រួសារអ្នកការទូតបរទេសស្ថិតក្នុងចំណោមក្រុមជនបរទេសមួយចំនួនដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងប្រទេសចាប់តាំងពីខែមីនាក្នុងលក្ខខណ្ឌធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ។ ទោះបីជាប្រទេសថៃបានដកបម្រាមរបស់ខ្លួនលើជនបរទេសរួមទាំងអ្នកស្នាក់នៅជាអចិន្ត្រៃយ៍ អ្នកធ្វើដំណើរអាជីវកម្ម និងអ្នកទេសចរវេជ្ជសាស្ត្រក៏ដោយក៏ប្រទេសនេះនៅតែរារាំងភ្ញៀវទេសចរធម្មតា និងកម្មករចំណាកស្រុកដដែរ ។ ដោយគ្មានករណីឆ្លងក្នុងស្រុកត្រូវបានគេរាយការណ៍អស់រយៈពេលជាង ៦ សប្តាហ៍មកហើយនោះចាប់តាំងពីខែមករាមកប្រទេសថៃមានករណីឆ្លងកូវីដ ១៩ ចំនួន ៣,២២០ នាក់ និង ៥៨ នាក់បានស្លាប់ ៕

website_news/2020150708.txt · Last modified: 2020/07/15 13:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki