website_news:2020150901

ក្រសួងការងារនិងអង្គការILO រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ ស្តីពីការគាំទ្រពលករទេសន្តរប្រវេសន៍ ក្នុងពេលជំងឺរាតត្បាត COVID-19

https://www.cen.com.kh/ September 14, 2020

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមជំនួយថវិកាពីរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលកាណាដា រៀបចំសិក្ខាសាលាត្រីភាគីត្រៀមថ្នាក់ជាតិ សម្រាប់កម្ពុជាចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ (13th AFML) ស្តីពីការគាំទ្រពលករទេសន្តរប្រវេសន៍ ក្នុងពេលជំងឺរាតត្បាត COVID-19 សម្រាប់សហគមន៍អាស៊ានដែលមានការរួបរួម និងឆ្លើយតបទាន់ពេល ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣នេះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។ ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ហ៊ូ វុឌ្ឍី មានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ រាជរដ្ឋាភិបាលកម្ពុជា ត្រូវរៀបចំគណៈប្រតិភូត្រីភាគីជាតិ សម្រាប់ចូលរួមកិច្ចប្រជុំវេទិកាអាស៊ានលើកទី១៣ ដែលប្រទេសវៀតណាមនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកាឆ្នាំ២០២០ខាងមុខ។

បន្ទាប់មកកិច្ចប្រជុំ 13th AFML នឹងធ្វើការបូកសរុបអំពីភាពជឿនលឿនក្នុងការអនុវត្តអនុសាសន៍ បានផ្តល់ដោយវេទិកាអាស៊ានលើកទី១២ នាឆ្នាំកន្លងមក ដែលបានកំណត់ និងធ្វើការពិភាក្សាទៅលើប្រធានបទ “ការគាំទ្រពលករទេសន្តរប្រវេសន៍ អំឡុងពេលមានជំងឺរាតត្បាតសកលសម្រាប់សហគមន៍អាស៊ានមួយ ដែលមានការរួបរួម និងការឆ្លើយតបទាន់ពេល” និងអនុប្រធានបទថ្មីៗទៀត ដើម្បីលើកជាអនុសាសន៍សម្រាប់គាំទ្រដល់ការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ស្របតាមការប្រែប្រួលនានា នៃដំណាក់កាលថ្មីនៃយុគ្គឌីជីថល ដែលមានឥទ្ធិពលលើលក្ខខណ្ឌនានា នៅទីកន្លែងធ្វើការងារ និងប្រភេទការងារ និងជាពិសេសការប្រែប្រួលពិភពការងារដោយសារជំងឺរាតត្បាតកូវីដ-១៩ នៅស្ទើរតែគ្រប់ប្រទេសនៅលើសកលលោក។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តថា ការប្រែប្រួលនានា ដែលធ្វើឱ្យពិភពការងារមានស្ថានភាពកាន់តែស្មុគស្មាញបែបនេះ ទាមទារនូវវិធានការជាក់លាក់ ដែលអាចផ្តល់ជូនអ្នកធ្វើការនូវការគាំពារដ៏ត្រឹមត្រូវ ស្មើភាពគ្នា និងការធានាបាននិរន្តរភាពការងាររបស់ពួកគេ។ ទន្ទឹមនឹងនេះផងដែរ ក៏ត្រូវមានវិធានការដ៏ជាក់លាក់ ដើម្បីជួយឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានឱកាសការងារនៅបរទេស និងមានភាពទន់ភ្លន់ទៅតាមតម្រូវការការងារ ដែលកំពុងតែប្រែប្រួល និងវិវត្តន៍ទៅតាមការជឿនលឿនខាងបច្ចេកវិទ្យា។

សម្រាប់ការត្រៀមប្រជុំវេទិកាអាស៊ាន ខាងទេសន្តរប្រវេសន៍ការងារលើកទី១៣នេះ ការពិភាក្សាត្រូវប្រមូលផ្តុំទៅលើអនុប្រធានបទចំនួន២ រួមមាន៖ ១-ផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើពលករទេសន្តរប្រវេសន៍ និងការឆ្លើយតបទាន់ពេលក្នុងតំបន់អាស៊ាន និង ២-គោលនយោបាយទេសន្តរប្រវេសន៍ការងារ ប្រកបដោយបរិយាប័ន្ន និងឆ្លើយតបទាន់ពេលក្នុងតំបន់អាស៊ាន។ ក្នុងការពិភាក្សានេះ អង្គសិក្ខាសាលា បានពិនិត្យនិងយកចិត្តទុកដាក់ឱ្យបានស៊ីជម្រៅ ទៅលើគោលនយោបាយទេសន្តរប្រវេសន៍ការងារឆ្នាំ២០១៩-២០២៣ និងឯកសារជាបទដ្ឋានគតិយុត្តទាំងឡាយ នៃតំបន់អាស៊ាន និងរបស់ពិភពលោក៕ ដោយ៖បញ្ញាស័ក្តិ

website_news/2020150901.txt · Last modified: 2020/09/15 10:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki