website_news:2020151201

ការជួញដូរមនុស្សរយៈពេល៦ខែឆ្នាំ២០២០ កើនឡើងជិត១០០ករណី ខណៈកម្ពុជាកំពុងប្រឈមនឹងកូវីដ១៩

https://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ៖ 14/12/2020 ដោយ៖ហេង សុខនី

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឲ្យដឹងថា ខណៈដែលកំពុងមានការរាតត្បាតកូវីដ១៩ ឈ្មួញជួញដូរបានឆ្លៀតឱកាសនេះ ធ្វើសកម្មភាពជួញដូរមនុស្សតាមរូបភាពឆបោកនានា ដូចជារកការងារឱ្យធ្វើ និងការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសនៅក្រៅប្រទេសជាដើម។ រូបភាពទាំងអស់នេះ គឺជាហេតុផលដែលធ្វើឱ្យការជួញដូរមនុស្សក្នុង៦ខែឆ្នាំ ២០២០នេះ កើនឡើងជាង១០០ករណី។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ការជួញដូរមនុស្សនៅកម្ពុជាមានការកើនឡើងជាង១០០ករណី ក្នុងរយៈពេល៦ខែឆ្នាំ ២០២០ បើធៀបទៅនឹង៦ខែដូចគ្នា ក្នុងឆ្នាំ២០១៩ ដែលមានការជួញដូរមនុស្សត្រឹមតែជិត១០០ករណីប៉ុណ្ណោះ។ ខណៈដែលរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពកូវីដ១៩ មានឈ្មួញខិលខូច មានបំណងជួញដូរមនុស្ស បានបំផុសឱ្យប្រជាពលរដ្ឋ ធ្វើចំណាកស្រុកតាមច្រករបៀង តាមរយៈមេខ្យល់ជាអ្នកនាំផ្លូវ ដោយប្រជាពលរដ្ឋទាំងនោះ ត្រូវបង់ប្រាក់កម្រៃឱ្យទៅមេខ្យល់ ហើយក្រោយមកក៏បានក្លាយជាជនរងគ្រោះដោយសារអំពើជួញដូរទាំងនោះ។

នេះបើតាមលោកស្រី ជូ ប៊ុនអេង។ លោកស្រីបន្តថា ពួកគេមិនអាចរកការងារធ្វើបានតាមការសន្យារនោះឡើយ គឺមានតែត្រូវចំណាយប្រាក់ឱ្យមេខ្យល់ ហើយពួកគេត្រូវគេទុកចោលឲ្យរស់នៅក្រៅប្រទេសទៅតាមយថាកម្មនៅប្រទេសគេ ដោយខ្លះត្រូវបានគេចាប់ និងបញ្ជូនត្រឡប់មកប្រទេសកំណើតវិញ និងមានខ្លះទៀត ត្រូវមេខ្យល់នាំចេញឱ្យទៅរៀបការជាមួយជនបរទេស នៅក្រៅប្រទេសជាដើម ដែលស្ទើរតែមិនជឿសោះថា កាលៈទេសៈកូវីដ១៩បែបនេះ មានអ្នកគិតគូររឿងគូរស្រករឆ្លងដែន។ ជាមួយគ្នានេះ លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យពលរដ្ឋពិចារណាមុនធ្វើចំណាកស្រុក កុំឱ្យចាញ់បោកជនជួញដូរមនុស្ស ព្រោះការធ្វើចំណាកស្រុកពេលនេះ គឺជាការផ្សងព្រេង ដ៏ប្រថុយប្រថាន ដែលអាចទទួលបានត្រឹមតែការខាតបង់ប្រាក់កាសប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ការស៊ើបអង្កេត និងស្រាវជា្រវរបស់ក្រសួងជំនាញ បានរកឃើញស្រ្តីខ្មែរ ដែលរងគ្រោះដោយអំពើជួញដូរមនុស្សប្រមាណ២០នាក់ ចាប់តាំងពីកើតមានករណីផ្ទុះជំងឺកូវីដ១៩មក ក្នុងនោះស្រ្តីភាគច្រើនមានអាយុក្រោម១៨ឆ្នាំ ខណៈឆ្នាំកន្លងទៅ មិនមានករណីបែបនេះច្រើននោះទេ។

ឆ្លើយតបនឹងបញ្ហាប្រឈមនេះ លោកស្រី ជូ ប៊ុនអេង បញ្ជាក់ថាគណៈកម្មាធិការ ក៏ដូចជាក្រសួង នឹងបន្តវិធានការសំខាន់ៗ២ចំនុច ដែលទី១ជាការអនុវត្តន៍ច្បាប់ និងទី២ការស៊ើបរកជនជួញដូរមនុស្ស ដោយមានការស្នើឱ្យអាជ្ញាធរនៅជាប់ព្រំដែនអនុវត្តវិធានការតឹងរឹង បិទការធ្វើចរាចរណ៍តាមច្រករបៀងនានា និងតាមមធ្យោបាយអប់រំផ្សព្វផ្សាយផងដែរ ដែលការផ្សព្វផ្សាយនេះ ធ្វើឲ្យពលករចំណាកស្រុក១២ម៉ឺននាក់បានយល់និងត្រូវបានទប់ស្កាត់៕

website_news/2020151201.txt · Last modified: 2020/12/15 14:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki