website_news:2020151202

ក្រសួងមហាផ្ទៃ ណែនាំឱ្យអាជ្ញាធរ នៅតាមព្រំដែនបិទការធ្វើចរាចរណ៍តាមច្រករបៀងនានា

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ 2020 វិទ្យុជាតិកម្ពុជា ៖លោកជួន បូណា

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរនៅតាមព្រំដែនបិទការធ្វើចរាចរណ៍តាមច្រករបៀងនានា ដើម្បីទប់ស្កាត់ការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានស្នើឱ្យអាជ្ញាធរនៅតាមព្រំដែនអនុវត្តវិធានការតឹងរឹង និងបិទការធ្វើចរាចរណ៍តាមច្រករបៀងនានា និងស៊ើបរកមុខសញ្ញាជនជួញដូរមនុស្សយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ លោកជំទាវបានបញ្ជាក់ថា ការបិទការធ្វើចរាចរណ៍តាមច្រករបៀងនានានេះ ក្នុងពេលដែលកំពុងមានការរាតត្បាតជំងឺកូវីដ-១៩ ឈ្មួញជួញដូរបានឆ្លៀតឱកាសនេះ ធ្វើសកម្មភាពជួញដូរមនុស្សតាមរូបភាពឆបោកនានា ដូចជារកការងារឱ្យធ្វើ និងការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសនៅក្រៅប្រទេសជាដើម។ លោកជំទាវមានប្រសាសន៍ថា រាជ រដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពកូវីដ-១៩ បែរជាឈ្មួញខិលខូច មានបំណងជួញដូរមនុស្ស បានបំផុសឱ្យប្រជាពលរដ្ឋ ធ្វើចំណាកស្រុកតាមច្រករបៀង តាមរយៈមេខ្យល់ជាអ្នកនាំផ្លូវ ដោយប្រជាពលរដ្ឋទាំងនោះ ត្រូវបង់ប្រាក់កម្រៃឱ្យទៅមេខ្យល់ ហើយក្រោយមកក៏បានក្លាយជាជនរងគ្រោះដោយសារអំពើជួញដូរទាំងនោះ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យពលរដ្ឋពិចារណាមុនធ្វើចំណាកស្រុក កុំឱ្យចាញ់បោកជនជួញដូរមនុស្ស ព្រោះការធ្វើចំណាកស្រុកពេលនេះ គឺជាការផ្សងព្រេង ដ៏ប្រថុយប្រថាន ដែលអាចទទួលបានត្រឹមតែការខាតបង់ប្រាក់កាសប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែឆ្នាំ ២០២០ ការជួញដូរមនុស្សនៅកម្ពុជាមានការកើនឡើងជាង១០០ករណី បើធៀបទៅនឹង៦ខែដូចគ្នា ក្នុងឆ្នាំ២០១៩៕

website_news/2020151202.txt · Last modified: 2020/12/15 14:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki