website_news:2020151203

ក្រសួងអប់រំគ្រោងបញ្ចូល មេរៀនស្តីពីការទប់ស្កាត់ការជួញដូរមនុស្សទៅក្នុងកម្មវិធីសិក្សាកម្រិតបឋមសិក្សា និងមធ្យមសិក្សា

https://www.information.gov.kh/ ចេញផ្សាយ ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ 2020 វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា

MC៖ ក្រសួងអប់រំគ្រោងបញ្ចូល មេរៀនស្តីពីការទប់ស្កាត់ការជួញដូរមនុស្សទៅក្នុងកម្មវិធីសិក្សាកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដើម្បីចូលរួមទប់ស្កាត់ការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និង ទូលំទូលាយ។

ឯកឧត្តម រស់ សុវាចា អគ្គ លេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជននិងកីឡា បានសហការជាមួយអគ្គលេខាធិការដ្ឋាននៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដើម្បីកសាងនូវឯកសារសម្រាប់ធ្វើការបញ្ចូលមេរៀនមួយចំនួនទៅក្នុងកម្មវិធីសិក្សានៅកម្រិតបឋមសិក្សានិងមធ្យមសិក្សា តាមរយៈការបញ្ជ្រាបជាមួយខ្លឹមសារ សិទ្ធិ ច្បាប់ អនុសញ្ញាអន្តរជាតិនានា នៅតាមមុខវិជ្ជាមួយ ចំនួនដូចជា សិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ភាសាខ្មែរ វិទ្យាសាស្ត្រ ដើម្បីឱ្យសិស្សានុសិស្សបានយល់ ដឹងពីវិធីបង្ការទប់ស្កាត់ការជួញដូរមនុស្សនៅក្នុងសាលា រៀន ក៏ដូចជាក្នុងចំណោមយុវវ័យផងដែរ។ ឯកឧត្តមបញ្ជាក់ថា តាមរយៈការដាក់បញ្ចូលខ្លឹមសារ នៃការយល់ដឹងលើវិធានការទប់ស្កាត់ការជួញដូរមនុស្ស ក្នុងកម្មវិធីសិក្សានេះ ក្រសួង ក៏បានដាក់បញ្ចូលនូវខ្លឹមសារពាក់ព័ន្ធផ្សេងទៀតទៅក្នុងមេរៀនការទប់ស្កាត់បទល្មើសនានាដូចជា បទល្មើសគ្រឿង ញៀន បទល្មើសព្រហ្មទណ្ឌ បទល្មើសការជួញដូរផ្លូវភេទ បទល្មើសការជួញដូរមនុស្ស ជាដើម។

«ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ចូលខ្លឹមសារនៃការយល់ដឹងលើវិធានការទប់ស្កាត់ការជួញដូរមនុស្សក្នុងកម្មវិធីសិក្សាកម្រិតបឋម សិក្សា និងមធ្យមសិក្សា។ ជាក់ស្តែង ក្រសួងបានបញ្ជ្រាបជាមួយខ្លឹមសារ សិទ្ធិ ច្បាប់ អនុសញ្ញាអន្តរជាតិនានា នៅតាមមុខវិជ្ជាមួយចំនួនដូចជា សិក្សាសង្គម សីលធម៌ ពលរដ្ឋវិជ្ជា ភាសាខ្មែរ វិទ្យាសាស្ត្រ។ ខ្លឹមសារពាក់ព័ន្ធផ្សេងទៀតមានបញ្ចូលក្នុងមេរៀនការទប់ស្កាត់បទល្មើសនានាដូចជាបទល្មើសគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ បទល្មើសការជួញដូរផ្លូវភេទ បទល្មើសការជួញដូរមនុស្ស»។

សូមបញ្ជាក់ថា ការជួញដូរមនុស្សនៅតែបន្តកើតមាន ទោះបីឋិតក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ–១៩ ហើយបណ្តាប្រទេសជិតខាងកម្ពុជា បានបិទច្រកចេញចូលក៏ដោយ។ ពួកឱកាសនិយម បានលួងលោមប្រជាពលរដ្ឋ តាមគ្រប់រូបភាពផ្សេងៗ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយនាំទៅធ្វើការនៅក្រៅប្រទេស តាមផ្លូវកាត់ ប្រកបដោយគ្រោះថ្នាក់ ឬតាមរយៈអាពាហ៍ពិពាហ៍ ជាមួយប្តីបរទេសជាដើម ៕

website_news/2020151203.txt · Last modified: 2020/12/15 14:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki