website_news:2020160102

បញ្ជូនជនប្រុស-ស្រី ២ នាក់ ទៅតុលាការពាក់ព័ន្ធនាំមនុស្សទៅចិន

https://www.postkhmer.com/ គឹម សារុំ | Publication date 16 January 2020 | 13:08 ICT

ភ្នំពេញៈ ជនប្រុស-ស្រី ២ នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៤ មករា ក្រោយពីចាប់ខ្លួនបាន ១ ថ្ងៃ តាមដីការបស់តុលាការនៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមពាក់ព័ន្ធនឹងការនាំនារីខ្មែរទៅប្រទេសចិន ដោយខុសច្បាប់ដែលបានប្រព្រឹត្តនាខែកក្កដាឆ្នាំមុន។

លោកឧត្តមសេនីយ៍ទោ ប៉ាក យូលាង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនប្រាប់កាលពីថ្ងៃទី ១៤ មករា ថា ជនសង្ស័យប្រុស-ស្រី ២ នាក់នោះ ឈ្មោះ កាន គ្រីន ភេទស្រី អាយុ ៣០ ឆ្នាំនិងឈ្មោះ ឡាច ម៉ៅ ភេទប្រុស អាយុ ២៩ ឆ្នាំ ពួកគេរស់នៅភូមិស្រែរំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ជនសង្ស័យទាំង ២ ពាក់ព័ន្ធនឹងបទល្មើសនាំស្ត្រីខ្មែរឆ្លងដែនខុសច្បាប់ទៅប្រទេសចិននោះ គឺខាងនាយកដ្ឋានរបស់លោកអនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការដែលបង្គាប់ឲ្យចាប់ខ្លួន ដោយលោក រស់ សាម៉ីឌី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ។ លោកថ្លែងថា៖ «រឿងនោះខ្ញុំមិនដឹងថា ក្រុមជនសង្ស័យនាំមនុស្សខុសច្បាប់ឆ្លងដែនទៅប៉ុន្មាននាក់ទេ។ តែខាងខ្ញុំបានបញ្ជូនពួកគាត់ទៅតុលាការហើយនៅថ្ងៃនេះ (ថ្ងៃទី ១៤ មករា)»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេពីម្សិលមិញ។

ដោយឡែកលោកស្រី អៀម វណ្ណី ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទទួលផែនការប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនប្រាប់នៅថ្ងៃទី ១៤ មករា ថា ជនសង្ស័យទាំង ២ នាក់ខាងលើគឺកម្លាំងសមត្ថកិច្ចគ្រាន់តែសហការជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សក្នុងនាមអាជ្ញាធរដែនដីប៉ុណ្ណោះ។ «ករណីនេះខ្ញុំមិនដឹងថា ពួកគេនាំមនុស្សប៉ុន្មាននាក់ទេ ខ្ញុំគ្រាន់ដឹងថាពាក់ព័ន្ធនាំស្ត្រីខ្មែរទៅរៀបការប្តីនៅប្រទេសចិន»។

លោក ប៉ាក ជាតិ អធិការស្រុកស្ទឹងត្រង់ប្រាប់ដែរថា នៅវេលាម៉ោង ១៣ និង ១៥ នាទី ថ្ងៃទី ១៣ ខែមករា សមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរួមទាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលខេត្តកំពង់ចាមសហការជាមួយកម្លាំង សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់បានឃាត់ខ្លួនជនសង្ស័យ ២ នាក់តាមដីកាដែលការចាប់នេះធ្វើឡើងនៅទីកន្លែងដូចរៀបរាប់ខាងលើ។ ជនទាំង ២ នាក់ពាក់ព័ន្ធពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន និងអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែនដែលប្រព្រឹត្តនៅឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមកាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំមុន។

ទោះយ៉ាងណាមិនមានប្រភពណាមួយបញ្ជាក់ឲ្យដឹងពីចំនួនស្ត្រីខ្មែរប៉ុន្មាននាក់ ដែលត្រូវបានគេនាំយកឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសចិននោះទេ។ ករណីជួញដូរមនុស្សនេះត្រូវបានលោកស្រី ធីម ណារិន មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពង់ចាមបញ្ជាក់ថា សកម្មភាពនៃអំពើជួញដូរមនុស្សនៅខេត្តកំពង់ចាមបានកក្រើកខ្លាំងនៅអំឡុងឆ្នាំ ២០១៤ តែលោកស្រីមិនបានចាំតួលេខទេ។ ប៉ុន្តែសកម្មភាពជួញដូរបានថយចុះជាបណ្តើរៗដោយនៅក្នុងឆ្នាំ ២០១៩ កន្លងមកមានតែ ២ ករណីប៉ុណ្ណោះ ដែលបានកើតឡើងក្នុងខេត្តមួយនេះ។ លោកស្រី ណារិន បញ្ជាក់ថា៖ «ដោយសារតែពេលស្ត្រីដែលចង់ទៅចិន គាត់ទៅធ្វើលិខិតបញ្ជាក់នៅសាលាឃុំហើយពេលនោះមន្ត្រីឃុំពន្យល់ពួកគាត់ពីបញ្ហាប្រឈមនានាក្នុងប្រទេសចិន។ អ៊ីចឹងវាថយចុះចំនួនអ្នកទៅចិនហើយមេខ្យល់ក៏អត់ហ៊ានបោកដែរ»៕

website_news/2020160102.txt · Last modified: 2020/01/16 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki