website_news:2020160302

បទល្មើសទៅលើកុមារ២៧៤ករណី ក្នុងឆ្នាំ២០១៩ ក្នុងនោះបទល្មើសឃាតកម្មលើកុមារ២៤ករណី

http://www.cen.com.kh/ March 13, 2020

ភ្នំពេញ៖ អង្គភាពការពារកុមារ បានផ្តល់ជូននូវរបាយការណ៍ប្រចាំឆ្នាំ២០១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ។ អង្គភាពការពារកុមារ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលជាតិកម្ពុជា បានធ្វើការស៊ើបអង្កេតបទល្មើស ទៅលើកុមារចំនួន២៧៤ករណី ក្នុងឆ្នាំ២០១៩ ដែលក្នុងនោះមានបទល្មើសឃាតកម្ម ទៅលើកុមារចំនួន២៤ករណី នេះបើតាមការផ្សាយរបស់ អង្គការ Child Protection Unit នៅថ្ងៃទី១៣ខែមីនានេះ។

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក James McCabe នាយកទទួល បន្ទុកប្រតិបត្តិការ របស់អង្គភាពការពារកុមារ CPU ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងារប្រចាំ២០១៩ របស់ខ្លួននាពេលកន្លងមក។

អង្គភាពការពារកុមារបានកោតសរសើរយ៉ាងខ្លាំង ទៅដល់ក្រសួងមហាផ្ទៃ ចំពោះការខឹតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការ ក្នុងការប្រឆាំងបទល្មើសលើកុមារ។ អង្គភាពការពារកុមារ ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលជាតិកម្ពុជា បានធ្វើការស៊ើបអង្កេតបទល្មើស ទៅលើកុមារចំនួន២៧៤ករណីក្នុងឆ្នាំ២០១៩ ដែលក្នុងនោះមានបទល្មើសឃាតកម្ម ទៅលើកុមារចំនួន២៤ករណី។ ជាលទ្ធផលនៃការស៊ើបអង្កេតទាំនេះ អត្រានៃការចាប់ខ្លួនជនល្មើសគឺស្មើ ៨៧% ដែលនេះជាលទ្ធផលយ៉ាងល្អមួយ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់នគរបាលជាតិកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំងបទល្មើសទៅលើកុមារ និងធ្វើឲ្យប្រាកដថាគ្រប់ជនដែលបានប្រព្រឹត្តបទល្មើសទាំងនេះ នឹងត្រូវទទួលការផ្តន្ទាទោស។

លោក ប៊ុន ហុន បានវាយតម្លៃចំពោះសកម្មភាពការងារអង្គភាពការពារកុមារ CPU ដែលបានអនុវត្តតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងការរំលោភបំពានលើកុមារកម្ពុជា និងជំនួយបច្ចេកទេសនានា ដល់កងកម្លាំងនគរបាលជាតិកម្ពុជា។ លោក បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍ដ៏ល្អ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមក្រសួងមហាផ្ទៃ នៅតែបន្តគាំទ្រសកម្មភាពការងាររបស់អង្គភាពការពារកុមារ CPU។ លោក Jame McCabe បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ដល់សកម្មភាពការងាររបស់អង្គភាពខ្លួន ហើយបានប្រគល់របាយការណ៍ស្តីពីសកម្មភាពការងារឆ្នាំ២០១៩ ជូន លោករដ្ឋលេខាធិការ ។ អង្គភាពការពារកុមារទន្ទឹងរង់ចាំ នឹងបន្តកិច្ចសហការដ៏ល្អមួយនះ ជាមួយនគរបាលជាតិកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងការប្រឆាំងបទល្មើសទៅលើកុមារ ថែមទាំងបទល្មើសលើកុមារ តាមបណ្តាញអ៊ីនធឺណិតផងដែរ នៅក្នុងឆ្នាំ២០២០។ សូមអបអរសាទរដល់គ្រប់បុគ្គល និងស្ថាប័ន្តពាក់ព័ន្ធដែលបានជួយក្នុងការងារដ៏សំខាន់មួយនេះ ដើម្បីប្រឆាំងបទល្មើសទៅលើកុមារ៕ដោយ៖បញ្ញាស័ក្តិ

website_news/2020160302.txt · Last modified: 2020/03/16 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki