website_news:2020160401

នាយករដ្ឋមន្ត្រី អំពាវនាវឲ្យពលករ-ពលការនីខ្មែរ គោរពតាមច្បាប់ និងបទបញ្ញាត្តិរបស់អាជ្ញាធរថៃ

https://dap-news.com/national/ ByKD102 Posted on April 15, 2020

ភ្នំពេញ៖ ក្រោយពីឃើញបណ្ដាញសារព័ត៌មាន មួយចំនួនបានចុះផ្សាយថា ពលករខ្មែរមួយក្រុមត្រូវបាន អាជ្ញាធរថៃឃាត់ខ្លួនបន្ទាប់ពីពួកគេជួបជុំគ្នា ផឹកស៊ីយ៉ាងសប្បាយ ដែលបំពានទៅនឹងបម្រាមហាមឃាត់ ទូទាំងប្រទេសរបស់រដ្ឋាភិបាលថៃ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឲ្យ ពលករ-ពលការីខ្មែរ ដែលស្នាក់នៅនិងធ្វើការងារ នៅក្នុងប្រទេសថៃទាំងអស់ ចូលរួមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលបានដាក់ចេញដោយអាជ្ញាធរថៃ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ មេសានេះ សម្ដេចតេជោ ហ៊ុនសែន បានផ្ញេីសារជូនពរឆ្នាំថ្មីដល់បងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស និងអរគុណចំពោះការយកចិត្តទុកដាក់ ធ្វើតាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ ហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើង។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា “សូមកូនក្មួយ កុំធ្វេីអ្វីដែលខុសច្បាប់ នៅក្នុងប្រទេសគេ ដែលកំពុងដាក់ ក្នុងគ្រាអាសន្នអោយសោះ ។ ទន្ទឹមនឹងនេះដែរ សូមអំពាវនាវដល់បងប្អូនកូនក្មួយ និងពលករពលការនី ដែលកំពុងរស់នៅ ធ្វើការក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសគេបានដាក់ចេញ រួមទាំងច្បាប់បម្រាមគោចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់លៀងជាក្រុមដែលពេលនេះ ប្រទេសគេកំពុងមាន ការហាមឃាត់តឹងរឹងបំផុត ក្នុងការទប់ស្កាត់ ការចម្លងរោគកូវីដ-១៩។” សម្ដេចបន្តថា សំខាន់ណាស់នៅពេលនេះ គឺសុវត្ថិភាពសុខភាព អាយុជីវិតបងប្អូនកូនក្មួយ ពលករពលការនីផ្ទាល់។ សូមបងប្អូនយោគយល់ និងគោរពច្បាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេស នៅក្នុងស្ថានភាពដែលប្រទេសភាគច្រើន បានដាក់ចេញនូវបទបញ្ញត្តិ និងបម្រាមដ៏តឹងរឹង ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩។ សម្ដេចតេជោ ក៏បានបួងសួងសូមទេវតាឆ្នាំថ្មីនាំមកនូវសិរីសួស្តី និងលាភសំណាងដល់បងប្អូន និងកូនក្មួយទាំងអស់គ្នា ហើយសូមបានចៀសផុតពីជំងឺឆ្លងកូនវីដ-១៩ គ្រប់ៗគ្នា៕

website_news/2020160401.txt · Last modified: 2020/04/16 15:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki