website_news:2020160601

កិច្ចជំនួបសម្តែងការគួរសមរបស់អង្គការបេសកកម្មយុត្តិធម៌ អន្តរជាតិ (IJM) ជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

https://www.facebook.com/deputygovernoryousophear/ 15-06-2020

ខេត្តសៀមរាប ៖ ព្រឹកថ្ងៃចន្ទ ១០រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានទទួលជួបជាមួយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) នៅរដ្ឋបាលសាលាខេត្តសៀមរាប ។

នៅក្នុងកិច្ចជំនួបសម្តែងការគួរសមនេះផងដែរ ក្រុមការងាររបស់អង្គការខាងលើ បានធ្វើការថ្លែងអំណរគុណដល់លេខាធិការដ្ឋាន និងក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាបទាំងអស់ ដែលបានសហការ និងសម្របសម្រួលដែលបានបង្កលក្ខណៈងាយស្រួល ជូនក្រុមការងារអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ ក្នុងការចុះអនុវត្យសកម្មភាពការងារនៅក្នុងខេត្តសៀមរាប កន្លងមកនេះ ហើយអង្គការបានស្នើសុំបន្តកិច្ចសហការដ៏ល្អនេះជាបន្តទៀត លើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសអំពើជួញដូរពលកម្មក្នុងស្រុក និងឆ្លងដែន លើពលរដ្ឋកម្ពុជា។

មានប្រសាសន៍នៅក្នុងកិច្ចជំនួបនេះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ បានថ្លែងអំណរគុណដល់ក្រុមការងាររបស់អង្គការ IJM ដែលបានសហការនិងគាំទ្រលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើជួញដូរកម្លាំងពលកម្ម លើពលរដ្ឋកម្ពុជា ក្នុងការផ្តល់សេវាផ្នែកច្បាប់ និងសង្គមកិច្ច ពិសេសការគាំទ្រទៅបច្ចេកទេសដល់សមត្ថកិច្ចក្នុងខេត្តសៀមរាប ក្នុងការស៊ើបអង្កេត និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សជាដើមផងដែរ។ លោកស្រីបានបញ្ជាក់បន្ថែមថា លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប សូមស្វាគមន៍ចំពោះកិច្ចសហការរបស់អង្គការ IJM ក៏ដូចជាបណ្តាអង្គការដៃគូជាតិ អន្តរជាតិ ក្នុងការសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសកម្មភាពនានាដែលធានាដល់ការអភិវឌ្ឍន៍សង្គម ការការពារ ការទប់ស្កាត់ការរំលោភបំពាននានា និងធានាដល់ផលប្រយោជន៍របស់ពលរដ្ឋកម្ពុជា។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប លើការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) បានឧបត្ថម្ភ ម៉ាសចំនួន១កេស និងសោមដៃចំនួន២កេស ដល់លេខាធិការដ្ឋាន ផងដែរ សម្រាប់ក្រុមការងារយកទៅប្រើប្រាស់ក្នុងអំឡុងពេលស្ថានភាពជំងឺកូវីដ១៩ នៅបន្តកើតមាននៅក្នុងប្រទេសកម្ពុជា ក៏ជាបណ្តាប្រទេសនៅក្នុងពិភពលោកផងដែរ។

website_news/2020160601.txt · Last modified: 2020/06/16 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki