website_news:2020160701

សម្ដេច ស ខេង ជំរុញឲ្យស្រង់ឈ្មោះគ្រួសារក្រីក្រ និងជនទេសន្តរប្រវេសន៍ ទទួលប្រាក់ពីកម្មវិធីផ្ទេរប្រាក់ ជូនគ្រួសារក្រីក្រ ដោយតម្លាភាព

https://dap-news.com/national/ ByPH104 Posted on July 15, 2020

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យក្រសួង ផែនការ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវស្រង់ឈ្មោះគ្រួសារក្រីក្រ និងជនទេសន្តរប្រវេសន៍ ឲ្យបានច្បាស់លាស់ ដើម្បីទទួលសាច់ប្រាក់ពីកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ» ដែលរាជរដ្ឋាភិបាលប្រកាសដាក់ឲ្យប្រើប្រាស់ នាពេលថ្មីៗនេះ ប្រកបដោយតម្លាភាព ។ ក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័ន ពាក់ព័ន្ធរាជ រដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ វិលត្រឡប់ក្នុងស្ថានភាព នៃការរាតត្បាតជំងឺកូវីដ-១៩ នាថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវគ្រប់គ្រងឲ្យបានល្អ ចំពោះសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងសង្គម ជាពិសេសគ្រប់គ្រងចលនាជនទេសន្តរប្រវេសន៍ព្រមទាំងផ្ដល់សេវាសាធារណៈនានា ឲ្យមានភាពឆ្លើយតបទាន់ពេលវេលា និងលើកកម្ពស់របស់ប្រជាពលរដ្ឋផងដែរ។ សម្ដេចបន្ថែមទៀត «ក្រសួងផែនការ និងរដ្ឋបាលថ្នាក់ក្រោម គប្បីត្រូវខិតខំធ្វើបច្ចុប្បន្នភាពជន ក្រីក្រពិតប្រាកដ ជាពិសេស ជនទេសន្តរប្រវេសន៍ដែលត្រឡប់មកពីប្រទេសជិតខាងវិញ ដើម្បីទទួលបានសេវាពីកម្មវិធីផ្ទេរសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងកិច្ចគាំពារផ្នែកសេដ្ឋកិច្ចផ្សេងៗ ទៀតរបស់រាជរដ្ឋាភិបាល»។

ឆ្លៀតឱកាសនោះ សម្ដេចស ខេង ក៏បានស្នើទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា សម្របសម្រួលជាមួយទីភ្នាក់ងារអង្គការប្រជាជាតិ ប្រចាំប្រទេសនានាក្នុងតំបន់ ដើម្បីរកដំណោះស្រាយ ក្នុងការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែន ពលករទេសន្តរប្រវេសន៍រវាងប្រទេសបញ្ជូន និងប្រទេសទទួល។ សម្ដេចបន្ដថា ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកទៅលើកម្មវិធីសន្ដិសុខ ស្បៀង និងអាហាររូបឧបត្ថម្ភ របស់ប្រជាពលរដ្ឋ ហើយទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត ត្រូវសម្របសម្រួលគៀងគរ ធនធានសម្រាប់ដោះស្រាយ ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ហើយត្រូវបន្ដសហការរៀបចំប្រព័ន្ធគ្រប់គ្រងជនចំណាក់ស្រុកដែលបានវិលត្រឡប់មកកម្ពុជាវិញ ។ សម្ដេចក្រឡាហោម ក៏បានអំពាវនាវឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្ដពង្រឹងការគ្រប់គ្រងពលករចំណាកស្រុក ដែលត្រឡប់មកកម្ពុជាវិញ ព្រមទាំងពង្រឹងវិធានការគ្រប់គ្រង ព្រំដែន ហើយត្រូវសហការជាមួយប្រទេសជិតខាង ដើម្បីធ្វើការស្រាវជ្រាវ និងបង្ក្រាបមេខ្យល់ដែលនាំពលករ ឆ្លងដែនខុសច្បាប់ផងដែរ៕ ដោយ អេង ប៊ូឆេង

website_news/2020160701.txt · Last modified: 2020/07/16 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki