website_news:2020160703

កូវីដ-១៩៖ UN ផ្តល់ថវិកា១លានដុល្លារលើគម្រោងការពារពលករខ្មែរដែលធ្វើមាតុភូមិនិវត្តន៍

https://thmeythmey.com/ 15, Jul 2020 , 3:43 pm ដោយ: អ៊ូ សុខមាន

ភ្នំពេញ៖ អង្គការសហប្រជាជាតិ(UN)ប្រចាំកម្ពុជា បានអនុម័តគម្រោងថវិកា១លានដុល្លារ ដល់កម្ពុជា ដើម្បីជួយការពារពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ និងការពារការចម្លងជំងឺដល់សហគមន៍។ គម្រោងថវិកាសម្រាប់គាំពារដល់ពលករនេះ ត្រូវបានសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងស្ថាប័នពាក់ព័ន្ធដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ កក្កដា ឆ្នាំ២០២០។ សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់ថា គម្រោងថវិកា១លានដុល្លារអាមេរិកនេះ សម្រាប់រយៈពេល៦ខែដែលនឹងអនុវត្តឡើងនៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប ដែលមានពលករខ្មែរត្រឡប់មកពីបរទេសច្រើនជាងគេនៅកម្ពុជា ពិសេសគឺមកពីប្រទេសថៃ។ បើតាមប្រសាសន៍សម្តេច ក្នុងរយៈពេល៦ខែនេះប្រសិនបើកម្ពុជាពិសេសក្រសួងមហាផ្ទៃប្រើប្រាស់ថវិកាសម្រាប់ជួយដល់ពលករទេសន្តរប្រវេសន៍ មានប្រសិទ្ធភាពបានល្អ និងចំគោលដៅ នោះនឹងទទួលបានថវិកាគាំទ្របន្ថែមទៀតពីអង្គការសហប្រជាជាតិ។ យ៉ាងណាមិញរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ មិនទាន់អាចបញ្ជាក់ពីពេលវេលាក្នុងការប្រើប្រាស់កញ្ចប់ថវិកា១លានដុល្លារ សម្រាប់ជួយដល់ពលករនៅឡើយ ដោយកំពុងសិក្សាអំពីលទ្ធភាពនៃការប្រើប្រាស់កញ្ចប់ថវិកានេះ ជាមួយស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ បច្ចុប្បន្ន មានពលរដ្ឋខ្មែរចំនួន១០០,៥៦៨នាក់ ដែលបម្រើការងារនៅប្រទេសថៃបានវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីកម្ពុជាប្រកាសបិទព្រំដែនថៃ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់អ្នកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានលើកឡើងក្នុងកិច្ចប្រជុំជាន់ខ្ពស់ខាងលើ។ អ្នកស្រីជូ ប៊ុនអេង បញ្ជាក់ថា ចំនួនពលរដ្ឋខ្មែរដែលបានត្រឡប់មកពីប្រទេសថៃទាំងជាង១០ម៉ឺននាក់នេះ គឺគិតចាប់ពីថ្ងៃទី២១មីនា ក្រោយការប្រកាសបិទព្រំដែនរបស់រាជរដ្ឋាភិបាលថៃ មកដល់ថ្ងៃទី៧កក្កដា ឆ្នាំ២០២០។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរូបនេះ បានបន្តថាក្នុងចំណោមពលរដ្ឋខ្មែរដែលបានត្រឡប់ពីថៃនោះ មានជិត ៦០ភាគរយ ជាអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង និងសៀមរាប។

គិតត្រឹមថ្ងៃទី១៥កក្កដា ឆ្នាំ២០២០ ប្រទេសថៃ មានអ្នកឆ្លងកូវីដ-១៩ចំនួន៣,២២៧នាក់ ដោយមានអ្នកជាសះស្បើយ៣,០៩១នាក់ និងស្លាប់៥៨នាក់។ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដចំនួន១៦៥នាក់ ក្នុងនោះ១៣៣នាក់បានជាសះស្បើយ និង៣២នាក់ទៀតកំពុងសម្រាកព្យាបាលជំងឺនេះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត និងនៅមណ្ឌលសុខភាពចាក់អង្រែ៕

website_news/2020160703.txt · Last modified: 2020/07/16 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki