website_news:2020160704

អាជ្ញាធរថៃដាក់លួសបន្លាតាមព្រំដែនទប់ស្កាត់ពលករខ្មែរឆ្លងដែនសុខច្បាប់ដើម្បីការពារ កុំឱ្យឆ្លងជំងឺកូវីដ១៩

https://www.rfa.org/khmer/ ដោយ សេក បណ្ឌិត 2020-07-15

អាជ្ញាធរថៃ ដាក់លួសបន្លាតាមព្រំដែនជាប់កម្ពុជាទប់ស្កាត់ពលករខ្មែរឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ និងដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។ មន្ត្រីសង្គមស៊ីវិលយល់ថា ពលរដ្ឋឆ្លងដែនអំឡុងពេលអាជ្ញាធរថៃរឹតបន្តឹងតាមព្រំដែននេះ ជាការប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតខ្លាំងជាងពេលមុនៗ។

ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកការពារព្រំដែន លោក អ៊ុំ សុផល ឱ្យដឹងនៅថ្ងៃទី១៥ កក្កដាថា អាជ្ញាធរថៃបានដាក់ពង្រាយលួសបន្លាជាច្រើនកន្លែងនៅតំបន់ព្រំដែនខាងដីថៃជាប់ខេត្តបន្ទាយមានជ័យ ជាពិសេសតំបន់ដាច់ស្រយាលពុំមានមនុស្សរស់នៅ និងមិនសូវមានទាហានថៃប្រចាំការ ដូចជានៅព្រំដែនជាប់ឃុំអូរបីជាន់ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងនៅទីតាំងមួយចំនួនក្នុងសង្កាត់ប៉ោយប៉ែតជាដើម។ លោកបញ្ជាក់ទៀតថា អាជ្ញាធរថៃដាក់លួសបន្លានេះ ដើម្បីទប់ស្កាត់ពលករខ្មែរឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ដើម្បីទប់ស្កាត់កុំឱ្យការរាតត្បាតជំងឺកូវីដ១៩ (Covid19)៖ «ខ្ញុំបានសួរគាត់ហើយ ប៉ុន្តែគាត់ដាក់ក្នុងដីថៃទេមិនមែនដាក់ព្រំប្រទល់ដីខ្មែរទេ គាត់ចម្ងាយពីផ្លូវជាតិរបស់ថៃប្រមាណ ៣០ម៉ែត្រ នៅកន្លែងណាដែលគាត់ខ្វះកម្លាំងយាមកាម ការពារបទល្មើសឆ្លងដែន។ខ្មែរយើងក៏ការពារដែរ អីចឹងអាជ្ញាធរគាត់ដាក់កម្លាំងដូចខ្មែរយើងអីចឹង កន្លែងខ្លះគាត់ខ្វះកម្លាំងគាត់ដាក់បន្លាលួសទៅ»។ លោក អ៊ុំ សុផលឱ្យដឹងទៀតថា សព្វថ្ងៃក្រុមមេខ្យល់នៅតែបន្តនាំពលករខ្មែរជាច្រើននាក់ឆ្លងដែនទៅប្រទេសថៃតាមច្រករបៀងព្រំដែនជារៀងរាល់ថ្ងៃ។ លោកថា ពួកគេច្រើននាំគ្នាឆ្លងដែននៅពេលយប់ គឺចន្លោះពេលដែលអាជ្ញាធរកម្ពុជានិងថៃពុំបានយាមការពារដិតដល់។លោកបន្ថែមថា ក្រុមពលករទាំងនោះភាគច្រើនត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញស្ទើរតែរាល់ថ្ងៃ ក៏ប៉ុន្តែលោកមិនចាំតួលេខមានពលករប៉ុន្មាននាក់ក្នុងមួយថ្ងៃនោះទេ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចារ (Prayut Chan-o-Cha) មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនៅទីក្រុងបាងកកកាលពីថ្ងៃទី១៤ កក្កដាថា រដ្ឋាភិបាលថៃបានបន្ថែមកងកម្លាំងជាច្រើននាក់ដាក់ពង្រាយការពារតាមព្រំដែន ជាពិសេស តំបន់ព្រំដែនខេត្តស្រះកែវ(Sra Kao)និងខេត្តសុរិន (Surin) ដែលពលករខ្មែរលួចឆ្លងដែនច្រើនជាងគេ ដើម្បីការពារកុំឱ្យរាលដាលជំងឺកូវិដ១៩ ឆ្លងចូលប្រទេសថៃតាមរយៈពលករទាំងនោះ។

ប្រជាពលរដ្ឋនៅតំបន់ព្រំដែនស្រុកអូរជ្រៅម្នាក់ លោកស្រី ឡុង សុគន្ធី ថ្លែងថា ពលករជាច្រើននាក់លួចឆ្លងដែនចូលទៅប្រទេសថៃតាមច្រករបៀងព្រំដែនក្បែរផ្ទះរបស់លោកស្រីជារៀងរាល់ថ្ងៃ។ លោកស្រីបន្តថា ពលករលួចឆ្លងដែនទៅបានដោយសារអាជ្ញាធរខ្មែរប្រចាំនៅតំបន់នោះអនុវត្តច្បាប់ធូររលុង៖ «ដែលយ៉ាប់ដែលអ្នកចេញចូលទៅថៃហើយ គេចាប់ទៀត គាត់មិនមានលុយដោះបំណុលគេ។ខ្ញុំមានការអាណិតអាសូរគាត់ណាស់ដល់ពេលទៅលឺគេចាប់គេអីអីចឹង បើទៅបានការងារធ្វើមិនអីទេ ដល់ពេលគេចាប់អីចឹងទៅអាណិតអ្នកនៅផ្ទះ អ្នកនៅផ្ទះឯនេះណេះដែលសង្ឃឹមថា កូនចៅទៅរកស៊ីមកដោះបំណុលគេថាបានអីចឹងទៅ»។

ចំណែកមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ធគា កត់សំគាល់ថា ពលករឆ្លងដែនអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ នេះ ដោយសារតែពួកគេមានជីវភាពក្រីក្រ និងគ្មានការងារធ្វើនៅក្នុងស្រុករកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។ ទោះជាយ៉ាងណា លោកយល់ថា ពលករឆ្លងដែនអំឡុងពេលអាជ្ញាធរថៃរឹតបន្តឹងតាមព្រំដែននេះ គឺជាការប្រថុយប្រថាននឹងគ្រោះថ្នាក់ដល់អាយុជីវិតផង និងប្រឈមទាហានថៃចាប់ដាក់គុកផង។ លោកសំណូមពរឱ្យពលរដ្ឋកុំឆ្លងដែនទៅប្រទេសថៃអំឡុងពេលការរាតត្បាតជំងឺរលាកផ្លូវដង្ហើមថ្មីនេះ ហើយគួរតែនាំគ្នាដាំដុះ ឬរកការងារធ្វើនៅក្នុងស្រុកមួយរយៈប្រសើរជាងធ្វើចំណាកស្រុក៖ «អីចឹងនៅថៃនៅមានទីផ្សារការងារមានសំណង់មានអីហើយ គេដាក់ប្រទេសក្នុងគ្រាមានអាសន្នមែន ប៉ុន្តែរោងចក្រសហគ្រាសរបស់គេឱ្យធ្វើការដោយមានការប្រុងប្រយ័ត្ន អីចឹងហើយការងារគេមានដំណើរការចំណែកកម្ពុជាយើងថ្មីៗ នេះ មានរោងចក្របិទទ្វាររាប់រយរោងចក្រ ហើយមនុស្សសល់គរជើងច្រើន អីចឹងគេមានការប្រុងប្រយ័តមានការអីទាំងអស់ហ្នឹង»។

របាយការណ៍ប៉ូលិសអន្តោប្រវេសន៍ថៃឱ្យដឹងថា ចាប់តាំងពីចុងខែមីនាដល់មិថុនា មានពលករខ្មែរប្រមាណ ៣.០០០នាក់ ហើយត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ដោយសារតែពួកគេឆ្លងដែនចូលទៅធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់។ ក្រុមពលករទាំងនោះត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីធ្វើពួកគេកិច្ចសន្យាឱ្យឈប់ឆ្លងដែនខុសច្បាប់នៅថ្ងៃក្រោយទៀត៕

website_news/2020160704.txt · Last modified: 2020/07/16 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki