website_news:2020161001

នារីខ្មែរ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅចិន ត្រូវបានសង្គ្រោះហើយ

https://thmeythmey.com/ 15, Oct 2020 , 8:29 pm

នារីខ្មែរម្នាក់ ដែលនិយាយតាមវីដេអូឃ្លីបថា នាង ត្រូវមេខ្យល់បោកយកទៅធ្វើការនៅចិន ហើយរងការធ្វើបាបនោះ ត្រូវអាជ្ញាធរកម្ពុជា ស្រាវជ្រាងរកឃើញអាសយដ្ឋានរបស់នាង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ និងបានបញ្ជូនទៅស្នាក់នៅបណ្តោះអាសន្នក្នុងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ថា បច្ចុប្បន្ននារីរខ្មែររូបនេះកំពុងស្ថិតក្រោមការគាំពារពីសំណាក់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងសៀងហៃ។ លោក បន្តថា ស្ថានអគ្គកុងស៊ុល កំពង់រៀបចំបែបបទ ដើម្បីបញ្ជូននាងមកកម្ពុជាវិញ នៅចុងខែតុលា ឆ្នាំ២០២០។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ មន្ត្រីនគរបាលប្រឆាំងនឹងការជួញដូរមនុស្សរូបនេះ មានប្រសាសន៍ថា៖« ដោយសារតែនាងមានបញ្ហាសុខភាព អ៊ីចឹង យើងមិនទាន់សួរនាងទេ។ ពេលនាង មកដល់កម្ពុជាវិញ យើង នឹងសម្ភាសព័ត៌មានពីនាង និងសួររកមេខ្យល់ ដើម្បីស្រាវជ្រាវតាមចាប់ យកមកចាត់ការតាមច្បាប់»។

នារីខ្មែររូនោះ មានស្រុកកំណើត នៅស្រុកចម្ការលើ ខេត្តកំពង់ចាម។ ថ្មីៗនេះ គេ បានឃើញវីដេអូអំពីនាង នៅលើបណ្តាញសង្គម។ នាង និយាយថា នាង ត្រូវបានមេខ្យល់បោកយកទៅធ្វើការនៅចិនអស់រយៈពេលប្រមាណពីរឆ្នាំហើយ ហើយនាង រងការធ្វើបាបនិងជួបការលំបាកជាច្រើន។ នាង រៀបរាប់ថា សូម្បីតែនាងឈឺ ក៏គេ មិនបញ្ជូននាងទៅមន្ទីរពេទ្យដែរ។ នាង បន្តថា នាង គ្មានទាំងទូរស័ព្ទ ដើម្បីទាក់ទងមកគ្រួសារនៅកម្ពុជា រហូតដល់បានពឹងគេ ឲ្យជួយថតវីដេអូ បង្ហោះលើបណ្តាញសង្គម ដើម្បីសុំឲ្យរដ្ឋាភិបាលជួយ។ ក្នុងវីដេអូ នាង និយាយបណ្តើរយំបណ្តើរ ដោយលើកដៃសំពះ ស្នើទៅសម្តេចនាយករដ្ឋមន្ត្រីថា៖«ខ្ញុំ ចង់ទៅស្រុកវិញ។ ខ្ញុំ សំណូមពរលោកអ៊ុំ ហ៊ុន សែន ជួយខ្ញុំផង លោកឯកឧត្តមណាក៏ដោយ ឲ្យតែលោក ជួយខ្ញុំបាន។…ខ្ញុំ សង្ឃឹមថា លោកអ៊ុំ ជួយខ្ញុំ ឲ្យខ្ញុំទៅស្រុកកំណើតជួបម៉ែឪខ្ញុំវិញ»។ ពេលឃើញវីដេអូអំពីនារីខ្មែររូបនោះ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនករណីរបស់នាង ទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីជួយធ្វើអន្តរាគមន៍៕

website_news/2020161001.txt · Last modified: 2020/10/16 11:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki