website_news:2020161102

ការពង្រឹងសមត្ថភាពក្រុមការងារប្រយុទន្ធប្រឆាំងអំពើជួញដូរមនុស្ស នៅក្រុងសៀមរាប

https://www.facebook.com/deputygovernoryousophear 13-11-2020

ថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) សហការជាមួយរដ្ឋបាលក្រុងសៀមរាប និងអង្គការមូលនិធិ អេ២១ បានចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ក្រុង និងថ្នាក់សង្កាត់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញផ្សេងៗ និងការផ្តល់សេវាឱ្យបានសមស្របដល់ជនរងគ្រោះ និងងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

កញ្ញា Kristen Scharf នាយិកាប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិA21 បានលើកឡើងថាបញ្ហាអំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋ ដែលមានលក្ខណៈពិបាកក្នុងការកំណត់ថាជាអំពើជួញដូរមនុស្ស។ ទោះបីស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវិដ១៩យ៉ាងក៏ដោយក៏បញ្ហាអំពើជួញដូរមនុស្សនៅតែបន្តកើតមានជាបន្តបន្ទាប់នៅតាមគ្រប់រូបភាព។ បន្ថែមពីនោះ កញ្ញា Kristen Scharf នាយិការប្រចាំប្រទេសកម្ពុជារបស់អង្គការមូលនិធិA21 បានថ្លែងអំណរគុណដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប ដែលបានសហការជាមួយអង្គការ និងការចូលរួមរបស់មន្ទីរ អង្គភាព ព្រមទាំងអាជ្ញាធរគ្រប់ថ្នាក់ ក្នុងការទប់ស្កាត់ ការបង្រ្កាប ការផ្តន្ទាទោស និងការជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចផ្សេងៗ ពិសេសកុមារ។ អង្គការមូលនិធិA21 រីករាយនឹងសហការជាមួយគ្រប់អ្នកពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជាផងដែរ។

មានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានលើកឡើង អំពីការអភិវឌ្ឍលើគ្រប់វិស័យ តាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយបានផ្តោតខ្ពស់លើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការកេងកម្លាំងពលកម្ម ការធ្វើអាជីវកម្មផ្លូវភេទលើស្រ្តី កុមារនិងជនងាយរងគ្រោះ ព្រមទាំងបានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ និងជំរុញឲ្យក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ថ្នាក់ ខិតខំអនុវត្តច្បាប់ និងសហការកាន់តែខ្លាំងក្លាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ ងននតរជាតិ និងជំរុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីរូមចំណែកលុបបំបាត់អំពើជួញដូរមនុស្សឲ្យបានជាស្ថាពរ។ លោកស្រី ក៏បានបន្ថែមទៀតថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មដ៏រាំរ៉ៃ មួយដែលកើតមាននៅគ្រប់បណ្តាប្រទេសនៅលើពិភពលោក ក្នុងចំណោមឧក្រិដ្ឋកម្មដទៃទៀតដែលកំពុងតែធ្វើឲ្យប៉ះពាល់ដល់សន្តិសុខមនុស្ស និងប្រទេសជាតិ។

ម៉្យាងទៀតប្រជាពលរដ្ឋមួយចំនួនធំ បាននិងកំពុង ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ នូវអំពើជួញដូរមនុស្ស តាមរយៈការកេងប្រវ័ញ្ចគ្រប់រូបភាព លើការរំលោភបំពានលើសិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់មនុស្ស និងដោយបានបំផ្លាញដល់រាងកាយ និងបញ្ញាស្មារតីជនរងគ្រោះ ដែលបញ្ហាទាំងនេះ ធ្វើឲ្យមានវិបត្តិក្នុងសង្គមកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការទប់ស្កាត់ និងលុបបំបាត់ទាន់ពេលវេលានោះ។ លោកស្រី ក៏បានបញ្ជាក់ផងដែរថា កិច្ចការទាំងនេះចាំបាច់ទាមទារឲ្យយើងគ្រប់គ្នាត្រូវតែចូលរួម ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដោយមិនអាចខ្វះមួយណាបានឡើយ។ ម៉្យាងទៀតគ្រប់បណ្តាក្រុង ស្រុក ណាមួយក៏មិនអាចលុបបំបាត់នូវបទឧក្រិដ្ឋជួញដូរមនុស្សតែឯងបានឡើយ។ ដើម្បីធ្វើកិច្ចការទាំងនេះបាន គឺទាំមទារឲ្យមាននូវការបណ្តុះបណ្តាលនូវចំណះដឹងដូចគ្នា ដោយមានឆន្ទះ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តតួនាទី ភារកិច្ច ប្រកបទៅដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចសហការល្អ ក្នុងការឆ្ពោះទៅកាន់គោលដៅរួមតែមួយ ដើម្បីសេចក្តីសុខសាន្តរបស់មនុស្សជាតិ។

website_news/2020161102.txt · Last modified: 2020/11/16 13:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki