website_news:2020161107

ថៃអនុញ្ញាតឱ្យពលករចំណាកស្រុករាប់ពាន់នាក់ពន្យារអាជ្ញាប័ណ្ណណការងារ

https://khmer.voanews.com/ 14 វិច្ឆិកា 2020

ពលករចំណាកស្រុករាប់ពាន់នាក់នៅប្រទេសថៃ ដែលលិខិតអនុញ្ញាតឱ្យធ្វើការរបស់ពួកគេត្រូវផុតកំណត់នោះ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសនេះ រយៈពេលពីរឆ្នាំទៀត ប៉ុន្តែក្រុមអ្នកធ្វើយុទ្ធនាការបាននិយាយថា ការចំណាយលើការពន្យារពេលនេះ អាចជំរុញឱ្យមានបំណុល និងការកេងប្រវ័ញ្ចកម្មករ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ Reuters។ ក្រសួងការងារថៃនៅសប្តាហ៍នេះ បាននិយាយថា ជនចំណាកស្រុកសរុបប្រមាណ ១៣០.០០០ នាក់ មកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ ដែលបានចូលប្រទេសនេះ ក្រោមកិច្ចព្រមព្រៀងការងារទ្វេភាគី ហើយដែលលិខិតអនុញ្ញាតរបស់ពួកគេ ត្រូវផុតកំណត់ចាប់ពីខែនេះរហូតដល់ខែធ្នូ ឆ្នាំ ២០២១នោះ នឹងមានសិទ្ធិពន្យារ។

រដ្ឋមន្រ្តីក្រសួងការងារថៃ លោក Suchat Chomklin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ធ្វើដូច្នេះគឺ ដើម្បីកាត់បន្ថយការរាលដាលនៃវីរុសកូរ៉ូណា និងដោះស្រាយកង្វះខាតពលកម្ម និងការពារសិទ្ធិពលករ ចំណាកស្រុក ដែលមកប្រទេសថៃដោយស្របច្បាប់»។ ប្រទេសថៃមានពលករចំណាកស្រុក ដែលបានចុះឈ្មោះប្រហែល ២,៨ លាននាក់ ដែលភាគច្រើនមកពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ។ ប៉ុន្តែអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មានពលករចំនួន ២ លានបន្ថែមទៀត ធ្វើការដោយគ្មានការចុះបញ្ជីផ្លូវការនៅទូទាំងប្រទេសថៃ ក្នុងវិស័យជាច្រើនដូចជានេសាទ សំណង់និងកសិកម្ម។

កាលពីខែមីនា យ៉ាងហោចណាស់មានពលករចំណាកស្រុកចំនួន ៩០.០០០ នាក់ បានសម្រុកចេញពីប្រទេសថៃ នៅពេលព្រំដែនគោកត្រូវបានបិទនៅពេលនោះ ដើម្បីទប់ស្កាត់រាតត្បាតនៃជំងឺកូវីដ១៩។ រហូតមកដល់ពេលនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ៦០ នាក់ក្នុងចំណោមអ្នកឆ្លងយ៉ាងហោចណាស់ ៣.៨៥០ នាក់។ ជនចំណាកស្រុកដែលចង់ពន្យារការអនុញ្ញាតឱ្យធ្វើការបន្តនេះ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព និងបង់ថ្លៃសេវាចំនួន ១.៩០០ បាត គឺប្រមាណ ៦៣ ដុល្លារដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកធ្វើយុទ្ធនាការ ដែលថា ការចំណាយនេះអាចត្រូវបានបំប៉ោង ដោយនិយោជកនិងមេខ្យល់ការងារ និងជំរុញឱ្យកម្មករជំពាក់បំណុលកាន់តែច្រើន៕

website_news/2020161107.txt · Last modified: 2020/11/16 13:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki