website_news:2020161109

ពលករខ្មែរម្នាក់ ដេកស្លាប់ក្រោយផឹកស្រាថ្នាំ យីហោ «ឆ្អឹងខ្លា»

http://kampucheathmey.com/ November 15, 2020

ពលករខ្មែរម្នាក់ ដែលមានមុខនាទីជាជាងភ្លើង ក្នុងខេត្ត ឈុនបុរី ប្រទេសថៃបានស្លាប់នៅក្នុងបន្ទប់ស្នាក់នៅ ដោយមានចំណងជាប់នៅដៃផង ដែលបញ្ហានេះបានធ្វើឲ្យប៉ូលិសថៃ មានមន្ទិលយ៉ាងខ្លាំង និងបង្កការភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០។ ពលករខ្មែររូបនេះ មានឈ្មោះ សង ត្រៀមចិត្រ ភេទប្រុស អាយុ ៣០ ឆ្នាំ មានមុខងារជា ជាងភ្លើង ក្នុងក្រុមហ៊ុនឯកជនមួយ នៅក្នុងខេត្តឈុនបុរី ។

តាមការអះអាងពីសាក្សីដែលស្នាក់នៅក្បែរបាននិយាយថា កាលពីវេលាម៉ោង ៧ និង ៣០ នាទី យប់ថ្ងៃទី ១៣ ខែ វិច្ឆិកា ជនរងគ្រោះរូបនេះបានជួបជុំគ្នាជាមួយមិត្តភ័ក្ដិចំនួន ២ នាក់ ដោយពួកគេបាននាំគ្នាផឹកស្រាថ្នាំយីហោ « ឆ្អឹងខ្លា » អស់ចំនួន ៤ ដបធំ រហូតដល់ម៉ោង ១០ យប់ទើបពួកគេបែកផ្លូវគ្នាចូលទៅសម្រាករៀងៗខ្លួន លុះព្រឹកឡើងនៅពេលដែលមិត្តភ័ក្ដិចូលទៅហៅដើម្បីចេញទៅធ្វើការ ទើបមានការភ្ញាក់ផ្អើលតែម្តង ដោយសារតែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងសភាពដៃច្រង៉ាង ។

ដោយឡែកលោក រៀន ហ៊ាន អាយុ ៥០ ឆ្នាំ ត្រូវជា ឪពុកមា បង្កើតរបស់សព បានអះអាងប្រាប់សមត្ថកិច្ចថៃថា នៅព្រឹកថ្ងៃកើតហេតុ បន្ទាប់ពីមានការឆោឡោថា ក្មួយរបស់គាត់បានស្លាប់រួចមក គាត់ក៏បានចូលទៅមើល ហើយក៏បានហៅម្ចាស់ផ្ទះជួលឲ្យមកមើលដែរ ដោយសារតែក្មួយរបស់គាត់ដេកស្លាប់មានលក្ខណៈអាក្រក់មើលពេក គាត់ក៏បានទាញដៃទាំងពីរយកមកចងភ្ជាប់គ្នា រួចក៏បានហៅសមត្ថកិច្ចមកពិនិត្យ ។

ដំបូងឡើយ សមត្ថកិច្ចថៃមានការឈឺក្បាល ដោយគិតថា វាគឺជាករណីឃាតកម្ម ដោយសារតែសពមានការចងដៃជាប់គ្នា ប៉ុន្តែក្រោយពីបានស្តាប់សាក្សីបំភ្លឺ និងក្រោយពីបានពិនិត្យទៅលើរាងកាយសពមិនមានស្លាកស្នាមអ្វីមួយ ដែលអាចពាក់ព័ន្ធទៅនិងករណីឃាតកម្មនោះទេ ទើបប្រគល់សពទៅឲ្យក្រុមអង្គភាពជំនាញដើម្បីធ្វើការតាមនីតិវិធី៕ អត្ថបទ ៖ សោ និយមរ័ត្ន

website_news/2020161109.txt · Last modified: 2020/11/16 13:36 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki