website_news:2020170102

បុរសជនជាតិចិនម្នាក់ ចាប់នារីខ្មែរចងដៃរំក្រណាត់ជុំវិញខ្លួន លើកដាក់គូទរថយន្តបើករត់ តែសមត្ថកិច្ចចាប់ជាប់

http://www.freshnewsasia.com/ 2020-01-17

(ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ បានចាប់នារីខ្មែរចងដៃរំក្រណាត់ដាក់គូទរថយន្ត បើករត់តែសំណាងល្អ សមត្ថកិច្ចឃាត់ទាន់ ដែលហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៩យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់មួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនជាតិចិនម្នាក់ បានចាប់បីនារីជនជាតិខ្មែរម្នាក់ ដោយមានសភាពដៃជាប់ចំណង និងរុំក្រណាត់ជុំខ្លួនលើកយ៉ាងប្រញាប់ប្រញាល់ ដាក់ក្នុងគូទរថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-8491 ដោយបើកចេញពីផ្ទះសំណាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប។ ភ្លាមៗនោះអ្នកឃើញហេតុការណ៍ បានទូរស័ព្ទទៅសមត្ថកិច្ចជំនាញ ដើម្បីឲ្យចេញអន្តរាគមន៍ តាមចាប់រថយន្តខាងលើ។ មិនយូរប៉ុន្មានកម្លាំងអធិការខណ្ឌជ្រោយចង្វារ បានចេញគ្រប់គោលដៅតាមចាប់រថយន្តខាងលើ បាននៅម្ដុំផ្លូវមាត់ទន្លេរួចកម្លាំងអន្តរាគមន៍ បានបើករថយន្តខាងលើ ក៏ប្រទះឃើញនារីរងគ្រោះ ក្នុងគូទរថយន្ត រួចធ្វើការទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យកាល់ម៉ែត្រផងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ច បានដឹកជនសង្ស័យខាងលើទៅអធិការខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរ និងចាត់វិធានការទៅតាមផ្លូវច្បាប់៕

website_news/2020170102.txt · Last modified: 2020/01/17 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki