website_news:2020170401

ពលករខ្មែរធ្វើការលើទូកនេសាទថៃរត់គេចចូលមកកម្ពុជាវិញ ទាំងដៃជាប់ខ្នោះ

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 17 April 2020 | 09:23 ICT

កោះកុងៈ ពលករខ្មែរម្នាក់ធ្វើការនៅលើទូកនេសាទមួយក្នុងប្រទេស ថៃ បានរត់គេចខ្លួនត្រឡប់មកកម្ពុជាវិញទាំងដៃជាប់ខ្នោះ ហើយត្រូវបានសមត្ថកិច្ចនគរបាលស្រុកមណ្ឌលសីមា ខេត្តកោះកុងប្រទះឃើញ និងឃាត់ខ្លួនកាលពីព្រឹកថ្ងៃពុធ ដើម្បីសួរនាំ។ នេះបើតាមការប្រាប់ពីមន្ត្រីនគរបាលមូលដ្ឋានពីម្សិលមិញ។

លោក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមាប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពលករខ្មែរដែលរត់ភៀសខ្លួនពីប្រទេសថៃទាំងដៃជាប់ខ្នោះខាងលើនេះ ឈ្មោះ រស់ រឿន អាយុ ៣៤ ឆ្នាំ មានលំនៅភូមិព្រៃស្វា ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានមុខរបរជាកម្មករបម្រើការងារតាមទូកនេសាទនៅក្នុងប្រទេសថៃ។ លោក សារិន បញ្ជាក់ថា៖ «គាត់ [រស់ រឿន] ត្រូវបានកម្លាំងនគរបាលយើងប្រទះឃើញនៅចំណុចព្រៃរបោះមួយក្បែរច្រកចាំយាម ខណៈគាត់កំពុងដើរឆ្លងកាត់ព្រំដែនពីខេត្តត្រាតប្រទេស ថៃ ចូលមកក្នុងទឹកដីកម្ពុជា ដោយដៃខាងស្ដាំរបស់គាត់មានជាប់ខ្នោះ និងមានរបួសហើមលឹបក្លាយជាដំបៅទៀតផង»។ បើតាមលោក សារិន ក្រោយការឃាត់ខ្លួនពលករខាងលើនេះក្រុមសមត្ថកិច្ចនគរបាលកម្ពុជាបានទាក់ទងសួរនាំទៅកាន់ភាគីថៃ។ ប៉ុន្តែភាគីថៃបានរាយការណ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមិនមានបទល្មើសអ្វីកើតឡើងនោះទេ។ លោកបន្ថែមថា៖ «ដោយពិនិត្យឃើញខ្នោះដៃនោះរឹតដៃគាត់រហូតដល់ក្លាយជាដំបៅ សមត្ថកិច្ចយើងបានសម្រេចជួយដោះខ្នោះដៃនោះចេញដោយយករណារអារដែកមកអារ និងបានជួយព្យាបាលរបួសនោះឲ្យគាត់។ បន្ទាប់មកយើងបញ្ជូនគាត់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុងដើម្បីសួរនាំគាត់បន្ថែម និងចាត់វិធានការបន្ត»។

ក្រោយពីការសួរនាំដោយមន្ត្រីនគរបាលជំនាញ នៃការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងលោក រស់ រឿន រៀបរាប់ថាកាលពីចុងខែមីនា ឆ្នាំ ២០២០ នៅពេលទូកនេសាទដែលគាត់បានបម្រើការជាមួយនោះចូលចត ដើម្បីនាំយកត្រី បង្គា មឹក និងក្ដាមទៅឲ្យអតិថិជន នៅឯកំពង់ផែមួយក្នុងខេត្តត្រាតប្រទេសថៃពេលនោះគាត់ស្នើសុំបើកលុយពីថៅកែទូក ដើម្បីវិលត្រឡប់ទៅលេងផ្ទះនៅឯខេត្តព្រៃវែងវិញ។ ប៉ុន្តែថៅកែទូកនោះមិនអនុញ្ញាតក៏មានការឈ្លោះប្រកែកគ្នា ហើយថៅកែនោះបានប្រើអំពើហិង្សាឲ្យកម្មករផ្សេងទៀតមកចាប់វាយដាក់ខ្នោះដៃគាត់ថែមទៀត។ តែគាត់បានរើបម្រះរួច ហើយរត់គេចខ្លួនដោយមិនទទួលបានប្រាក់ឈ្នួលអ្វីទាំងអស់។ នេះបើតាមសម្ដីរបស់លោក ឃឹម សាណេ ស្នងការរងខេត្តកោះកុងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌពីម្សិលមិញ។

លោក សាណេ និយាយថា៖ «យោងតាមសេចក្ដីរាយការណ៍ពីភាគីថៃប្រចាំខេត្តត្រាត លោក រស់ រឿន មិនធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសក្នុងប្រទេសថៃនោះទេ។ ចំពោះករណីដែលគាត់បានរៀបរាប់នេះ សមត្ថកិច្ចថៃសន្យាថា នឹងជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ជូនគាត់វិញប្រសិនបើគាត់វិលត្រឡប់ទៅប្រទេសថៃ ដើម្បីដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់នោះ»។ លោក សាណេ បានបន្ថែមថាដោយសារតែគាត់ទើបឆ្លងដែនពីប្រទេសថៃ និងមានរបួសជាប់ខ្លួន ដូច្នេះគាត់ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅកាន់មជ្ឈមណ្ឌលសំចតដែលរៀបចំដោយគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ដើម្បីឲ្យគាត់ស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងរយៈពេល ២ សប្ដាហ៍នេះ គាត់គ្មានរោគសញ្ញាណាមួយពាក់ព័ន្ធការឆ្លងជំងឺកូវីដ ១៩ គាត់នឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅជួបជុំគ្រួសារនៅឯខេត្តព្រៃវែង៕

website_news/2020170401.txt · Last modified: 2020/04/17 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki