website_news:2020170604

សម័យកូវីដ១៩ មិនដឹងឆ្លងតាមច្រកណា! ជាង១០នាក់ត្រូវថៃចាប់ខ្លួន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១០:៣៩ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ យោងតាមគេហទំព័រ និងកាសែតក្នុងស្រុកថៃមួយបានចេញផ្សាយថា ពលករខ្មែរចំនួន១៤នាក់ត្រូវបានតម្រួតថៃចាប់នៅចំណុចផ្លូវ៣៣៩៥ រវៀងស្រុកវ៉ាថាណាណាក់ខន និងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ កាលពីរសៀលថ្ងៃទី១៦ មិថុនា លើរថយន្តថៃ១គ្រឿង ។

ពលករទាំង១៤នាក់ខាងលើ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ក្នុងនោះ ប្រុស១៣នាក់ និងស្រីម្នាក់ ហើយក៏មិនដឹងថា លួចឆ្លងដែនតាមច្រករបៀងណានោះទេ ចំណែករថយន្ដដែលដឹកពលករខ្មែរ និងអ្នកបើកបរត្រូវសមត្ថកិច្ចថៃឃាត់និងចាប់ខ្លួនផងដែរ។ ករណីពលករលួចឆ្លងដែនខុសច្បាប់តាមច្រករបៀងនេះ គឺកើតមានជាញឹកញាប់មកហើយ បើទោះជាព្រំដែនត្រូវបានភាគីថៃបិទ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលមេរោគកូវីត១៩ ហើយប្រមុខក្រសួងមហាផ្ទៃដាក់បទបញ្ជាឲ្យកម្លាំងជួរមុខរួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ក៏ដោយ ។

គេគិតថា បើក្រុមការងារប្រចាំនៅទីតាំងទទួលពលករបញ្ជូនពីថៃតាមកិច្ចព្រមព្រៀង នៃខេត្តបន្ទាយមានជ័យ និងស្រះកែវ(ច្រករបៀងអូរបីជាន់)សាកសួរលម្អិត ពលករដែលថៃបញ្ជូនត្រឡប់មកវិញអាចនឹងដឹងថាពួកគេ(ពលករ)ឆ្លងព្រំដែនតាមច្រកណាឬចំណុចណា និងអាចឈានទៅចាប់បានទាំងអ្នកពាក់ព័ន្ធ(មេខ្យល់)ខ្លះជាក់ជាមិនខាន ព្រោះក្រុមពលករមិនអាចដើរពីស្រុកកំណើតទៅដល់ដីថៃដោយខ្លួនពួកគេផ្ទាល់នោះទេ។ មតិចម្ងល់ជាច្រើនលើកឡើងថា ហេតុអ្វីសម័យកូវីដ១៩ គេរឹតបណ្តឹងតាមព្រំដែននៃប្រទេសទាំង២ បែរជាមានពលករលួចឆ្លងដែនចូលទៅដល់ដីថៃបាន? (កែសម្រួលដោយ ៖ ធីតា)

website_news/2020170604.txt · Last modified: 2020/06/17 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki