website_news:2020170606

ILO និង UNICEF ព្រមានថា វិបត្តិជំងឺកូវីដកំពុងជំរុញឲ្យកុមាររាប់លាននាក់លើពិភពលោកធ្លាក់ចូលក្នុងពលកម្មកុមារ

https://www.postkhmer.com/ រី សុចាន់ | Publication date 17 June 2020 | 10:44 ICT

ភ្នំពេញៈ អង្គការពលកម្មអន្តរជាតិ (ILO) និង UNICEF បានព្រមានថា វិបត្តិជំងឺកូវីដ ១៩ កំពុងជំរុញឲ្យកុមាររាប់លាននាក់បន្ថែមទៀតនៅលើពិភពលោកជួបហានិភ័យធ្លាក់ចូលទៅក្នុងពលកម្មកុមារ ខណៈដែលកម្ពុជាបាននិងកំពុងកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ ១៩ ដោយគិតត្រឹមថ្ងៃទី ១ ខែមិថុនា រកឃើញគ្រួសារក្រីក្រចំនួន ៥៦៧ ៥០៥ គ្រួសារ។

យោងតាមរបាយការណ៍របស់ ILO និង UNICEF ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១២ ខែមិថុនាឲ្យដឹងថា ពលកម្មកុមារបានថយចុះចំនួន ៩៤ លាននាក់ចាប់តាំងពីឆ្នាំ ២០០០ តែថា ការថយចុះនេះកំពុងមានហានិភ័យនាពេលនេះ។ សេចក្តីប្រកាសព័ត៌មានថា៖ «ការប៉ាន់ប្រមាណជាសកលក្នុងឆ្នាំ ២០១៧ បានបង្ហាញថា កុមារចំនួន ១៥២ លាននាក់ ស្ថិតនៅក្នុងពលកម្មកុមារ ទូទាំងសកលលោក»។ សេចក្តីប្រកាសបន្ថែមថា ជំងឺកូវីដ ១៩ អាចបណ្តាលឲ្យភាពក្រីក្រកើនឡើងហេតុនេះហើយក៏នឹងធ្វើឲ្យកើនឡើងនូវពលកម្មកុមារផងដែរ ខណៈគ្រួសារកុមារបានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីរស់រានមានជីវិត។ សេចក្តីប្រកាសព័ត៌មានថា៖«ខណៈដែលការរាតត្បាត នេះ ធ្វើឲ្យហិនហោចប្រាក់ចំណូលគ្រួសារ បើគ្មានការឧបត្ថម្ភ គ្រួសារជាច្រើនអាចងាកទៅរកពលកម្មកុមារ»។

លោក Guy Ryder អគ្គនាយក ILO ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ការគាំពារសង្គម ពិតជាសំខាន់ក្នុងពេលមានវិបត្តិ ដោយការគាំពារនេះត្រូវផ្តល់ការឧបត្ថម្ភដល់អ្នកដែលងាយរងគ្រោះបំផុត។ ការធ្វើសមាហរណកម្មកង្វល់ពលកម្មកុមារក្នុងគោលនយោបាយកាន់តែទូលំទូលាយ សម្រាប់ការអប់រំ គាំពារសង្គម យុត្តិធម៌ ទីផ្សារការងារ និងសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិការងារធ្វើឲ្យមានភាពខុសគ្នាច្រើន»។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ មិនអាចទាក់សុំសេចក្តីអធិប្បាយ ជុំវិញករណីនេះបានទេ។ ប៉ុន្តែលោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងសង្គមកិច្ចថ្លែងថា រដ្ឋាភិបាលបានវិនិយោគលើកុមារ តាមរយៈការផ្ទេរសាច់ប្រាក់ទៅឲ្យស្ត្រីមានផ្ទៃពោះក្រីក្រ និងកុមារអាយុក្រោម ២ ឆ្នាំរយៈពេលប្រហែល ១ ឆ្នាំមកហើយ។

បើតាមទំព័រហ្វេសប៊ុកក្រសួងផែនការចុះផ្សាយកាលពីថ្ងៃទី ១២ ខែមិថុនា ក្រសួងផែនការបានធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០ ដោយរកឃើញគ្រួសារក្រីក្រទូទាំងប្រទេសសរុបចំនួន ៥៦៧ ៥០៥ គ្រួសារ ដែលមានប្រជាជនក្រីក្រសរុបប្រមាណ ២,៣ លាននាក់ (គិតត្រឹមថ្ងៃបញ្ចប់ការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ ១៩ នៅជនបទ)។ ក្រសួងនឹងកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅទីប្រជុំជន ដែលនឹងបញ្ចប់នាចុងខែមិថុនា ឆ្នាំ ២០២០ ដើម្បីផ្តល់នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលដល់ពួកគេ ដែលនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗ។

កាលពីថ្ងៃទី ១ ខែមិថុនា អង្គការ Save the Children និងយូនីសេហ្វបានព្រមានថា បើគ្មានវិធានការបន្ទាន់ទេ កុមារក្រីក្រក្នុងប្រទេសមានប្រាក់ចំណូលកណ្តាលកម្រិតទាបអាចកើនឡើងដល់ជាង ៦៧២ លាននាក់នៅត្រឹមឆ្នាំនេះ។ អង្គការនេះឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ ថាចាប់តាំងពីពេលដែលមានករណីជំងឺកូវីដ ១៩ មក រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកវិសាលភាពកម្មវិធីគាំពារសង្គមរបស់ខ្លួន។ អង្គការទាំងនេះបន្តថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ប្រចាំខែជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបចំពោះតម្រូវការរបស់ក្រុមប្រជាជនដែលងាយរងគ្រោះបំផុតរាប់បញ្ចូលទាំងតម្រូវការរបស់កុមារអាយុពី ០-៥ ឆ្នាំ ជនមានពិការភាព ចាស់ជរា និងអ្នកដែលរស់នៅជាមួយនឹងមេរោគអេដស៍/ជំងឺអេដស៍។ អង្គការថ្លែងថា៖ «កម្មវិធីនេះនឹងផ្ដល់ថវិកាបន្ថែមទៅលើកម្មវិធីដែលមានស្រាប់ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុ ០-២ ឆ្នាំ និងកម្មវិធីផ្ដល់អាហារូបករណ៍ដល់កុមារដែលកំពុងរៀននៅបឋមសិក្សា និងមធ្យមសិក្សាដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន»៕

website_news/2020170606.txt · Last modified: 2020/06/17 15:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki