website_news:2020170702

ពលរដ្ឋបន្តលួចចូលប្រទេសថៃស្វែងរកការងារធ្វើ សងបំណុលធនាគារក្នុងវិបត្តិជំងឺកូវីដ-១៩

https://www.rfa.org/khmer/ ដោយ ខែ សុណង 2020-07-16

សង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិពលករមើលឃើញថា មានកត្តាពីរសំខាន់ដែលជំរុញឱ្យពលរដ្ឋខ្មែរបន្តប្រថុយប្រថានឆ្លងដែនចូលប្រទេសថៃ ក្នុងអំឡុងវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ (Covid19)។ មន្ត្រីជំនាញអះអាងថា រដ្ឋាភិបាលកំពុងអប់រំផ្សព្វផ្សាយនិងផ្ដល់ការងារផ្នែកកសិកម្មឱ្យពលរដ្ឋ ខណៈអាជ្ញាធរប្រទេសថៃ ប្រើវិធានការព័ទ្ធលួសបន្លាតាមព្រំដែនដើម្បីទប់ស្កាត់ពលករខ្មែរ កុំឱ្យចូលទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ និងដើម្បីការពារជំងឺឆ្លងកូវីដ១៩។ កត្តាពីរសំខាន់ដែលជំរុញឱ្យពលករខ្មែរប្រថុយប្រថានគ្រោះថ្នាក់និងខាតបង់ប្រាក់ ដើម្បីបានចូលទៅរកការងារធ្វើនៅប្រទេសថៃនោះ គឺកត្តាជីវភាព និងការអូសទាញពីមេខ្យល់ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ថ្លែងថា ទោះបីប្រឈមស្លាប់រស់យ៉ាងណាក្ដី ក៏ពលរដ្ឋប្រថុយឆ្លងចូលដីថៃវិញ ដោយសារតែពួកគាត់ខ្វះខាតជីវភាព និងជំពាក់បំណុលគេដែលជាបញ្ហាដែលត្រូវដោះស្រាយជាចាំបាច់។ ជាមួយគ្នានេះ មេខ្យល់បានឆ្លៀតឱកាសអូសទាញឱ្យពួកគាត់បានត្រឡប់ចូលប្រទេសថៃវិញ ដោយផ្សងប្រថុយប្រថានបើទោះជាមានហានិភ័យខ្ពស់ក្ដី ឬដឹងថា នឹងត្រូវប្រឈមជាប់ពន្ធនាគារ គ្រោះថ្នាក់ដល់ជីវិត ឬពិន័យប្រាក់ក៏ដោយចុះ៖ «យើងអត់អាចហាមឃាត់គាត់អត់ឱ្យចំណាកស្រុកទេ កាលណាយើងអត់មានគោលនយោបាយគាំពារឱ្យគាត់អាចរស់បានជាអូតូម៉ាទិចគឺគាត់ត្រូវតែភៀសខ្លួនហើយ»។ ការអះអាងរបស់មន្ត្រីសិទ្ធិការងារបែបនេះ បន្ទាប់ពីពលករខ្មែររាប់ម៉ឺននាក់ វិលត្រឡប់ចេញពីប្រទេសថៃ កាលពីចុងខែមិថុនា ដោយអាជ្ញាធរថៃ ដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

អាជ្ញាធរថៃកាលពីថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០២០ បានប្រកាសឱ្យពលករចាកចេញទៅប្រទេសកំណើតរៀងៗខ្លួនវិញ។ ពលករខ្មែរបានចាប់ផ្ដើមធ្វើដំណើរចេញជាបណ្ដើរៗមុនថ្ងៃកំណត់ ពោលគឺតាំងពីថ្ងៃទី២១ ខែមិថុនា តាមច្រកអន្តរជាតិប៉ោយប៉ែត។ លំហូរនៃអ្នកចំណាកស្រុកវិលចូលកម្ពុជាវិញរាប់ម៉ឺននាក់ នៅពេលនោះ ធ្វើឱ្យកកស្ទះណែនណាន់តាន់តាប់ស្ទើរទប់មិនជាប់។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា រយៈពេលជិត៤ខែ ចាប់ពីថ្ងៃទី២១ ខែមិនា រហូតដល់ថ្ងៃទី១៣ ខែកក្កដា មានពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃជាង ១០ម៉ឺននាក់ (១០១ ២១៧)។ ប៉ុន្តែមន្ត្រីសិទ្ធិការងារប៉ាន់ប្រមាណថា មានប្រមាណ ១២ម៉ឺននាក់។ ទោះបើតួលេខនេះល្អៀងគ្នាបន្តិចក្ដី ប៉ុន្តែបញ្ហាសំខាន់នៅពេលនេះ ត្រង់ថា ពលករទាំងនោះបានប្រថុយត្រឡប់ទៅប្រទេសថៃវិញស្ទើរទាំងអស់ទៅហើយ។ ពលរដ្ឋថា ដោយភាពអត់ឃ្លាន ខ្វះខាតជីវភាព និងជំពាក់ប្រាក់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផង បានតម្រូវឱ្យពួកគាត់លួចប្រថុយឆ្លងទៅប្រទេសថៃវិញ ដោយខុសច្បាប់។ ពលកររោងចក្រអេតចាយនៅខេត្តបថុមថានី ប្រទេសថៃ លោក ជីម សុផាត ឱ្យដឹងថា ក្នុងចំណោមពលករខ្មែរនៅក្នុងរោងចក្រជាមួយលោកជាង ៣រយនាក់ មានជាងពាក់កណ្ដាលបានត្រឡប់ទៅស្រុកខ្មែរវិញ ប៉ុន្តែពួកគាត់ក៏បានវិលមកដល់ប្រទេសថៃវិញស្ទើរទាំងអស់ហើយដែរ។ លោកថា ពួកគាត់ត្រូវចំណាយលុយឱ្យទៅមេខ្យល់ និងថ្លៃធ្វើដំណើរម្នាក់ពី ៤ពាន់បាត ទៅ៦ពាន់បាត ឬប្រមាណ២រយដុល្លារ ដើម្បីវិលមកដេករង់ចាំក្រែងមានការងារធ្វើ និងខ្លះបានធ្វើការ ប៉ុន្តែអ្នកខ្លះខាតបង់ប្រាក់ទាំងស្រុងនៅពេលប៉ូលិសអន្តោប្រវេសន៍ចាប់បញ្ជូនទៅវិញ៖ «ដល់តែទៅខ្មែររយៈពេល២ខែលឺថា ថៃបិទមិនឱ្យចូលគាត់គ្មានជម្រើសទេ បើនៅយូរគាត់ជំពាក់លុយធនាគារផង ស្បៀងអាហារខ្វះខាតក៏សម្រេចចិត្តមកវិញ អ្នកខ្លះនៅពេលទៅទិញម៉ូតូទុកជិះដល់តែត្រឡប់មកវិញលក់ម៉ូតូទៀត អ៊ីចឹងម៉ូតូមួយគ្រាន់តែថ្លៃធ្វើដំណើរពីរនាក់ប្ដីប្រពន្ធអស់បាត់ហើយ។ គ្មានជម្រើសទេមិនអាចឱ្យគាត់នៅស្រុកខ្មែរបានកើតតទៅទៀតទេ បើនៅស្រុកខ្មែរប្រឈមធនាគាររឹបអូសផ្ទះ ធ្វើដំណើរមកវិញក៏ប្រឈមអស់លុយច្រើន»។

ទោះបើប្រាក់ក៏បង់ថង់ក៏ដាច់ ក៏ពួកគាត់ស៊ូប្ដូរចេញរកការងារនៅប្រទេសថៃយ៉ាងប្រថុយ។ ពលករធ្វើការផ្នែកជាងជួសជុលរថយន្តនៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ លោក ផុន ពេជ្រ អំពាវនាវឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ៖ «ចូលវិញដោយសារគ្មានលុយបង់ធនាគារគេរឹបអូសយកទ្រព្យសម្បត្តិគាត់ដីធ្លីគាត់ ជួលឡានផ្លូវកាត់ចូលតាមច្រករបៀង ច្រករ៉ុងក្រឿ ច្រកប៉ោយប៉ោយប៉ែតចូលមកក៏គេចាប់ចងត្រឡប់ទៅវិញគួរឱ្យខ្មាសគេ។ សូមផ្ដាំទៅរដ្ឋាភិបាលគួរយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្មែរផង មកធ្វើការឆ្លងកាត់មកប្រទេសគេ ខ្មាសជាតិសាសន៍គេដទៃណាស់»។ សន្ទុះនៃការបន្តលួចឆ្លងដែនចូលប្រទេសថៃ និងក្ដីបារម្ភពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ អាជ្ញាធរថៃបាន ដាក់ពង្រាយលួសបន្លាជាច្រើនកន្លែងនៅតំបន់ព្រំដែនក្នុងទឹកដីថៃជាប់ខេត្តបន្ទាយមានជ័យ ពិសេសនៅតំបន់ដាច់ស្រយាលពុំមានមនុស្សរស់នៅ និងមិនសូវមានទាហានថៃប្រចាំការ ដូចជានៅព្រំដែនជាប់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងនៅទីតាំងមួយចំនួនក្នុងសង្កាត់ប៉ោយប៉ែតជាដើម។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-Cha) កាលពីថ្ងៃទី១៤ កក្កដា ថា រដ្ឋាភិបាលថៃបានបន្ថែមកងកម្លាំងជាច្រើននាក់ដាក់ពង្រាយការពារតាមព្រំដែន ជាពិសេសតំបន់ព្រំដែនខេត្តស្រះកែវ (Sra Kao) និងខេត្តសុរិន្ទ (Surin) ដែលពលករខ្មែរលួចឆ្លងដែនច្រើនជាងគេ។

ប៉ូលិសអន្តោប្រវេសន៍ថៃឱ្យដឹងថា ចាប់តាំងពីចុងខែមីនា ដល់ខែមិថុនា មានពលករខ្មែរប្រមាណ ៣ពាន់នាក់ ដែលត្រូវបានអាជ្ញាធរថៃចាប់ ដោយសារតែពួកគេឆ្លងដែនចូលទៅធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់។ ក្រុមពលករទាំងនោះត្រូវបានអាជ្ញាធរកម្ពុជានិងថៃឱ្យធ្វើកិច្ចសន្យាឈប់ឆ្លងដែនខុសច្បាប់នៅថ្ងៃក្រោយទៀតមុននឹងដោះលែងវិញ។

ជុំវិញបញ្ហានេះ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា រលកនៃការជំរុញឱ្យពលរដ្ឋខ្មែរត្រឡប់ទៅវិញគឺដោយសារការអូសទាញពីមេខ្យល់ ពុំមែនជារឿងខ្វះខាតជីវភាពតែមួយជ្រុងនោះទេ។ អ្នកស្រីថា ដោយសារអ្នកចំណាកស្រុកទាំងនោះពុំមានភាពនឹងនរក្នុងការរស់នៅក្នុងសហគមន៍ចេះតែចល័តចុះឡើង នាំឱ្យរដ្ឋាភិបាលពិបាកក្នុងការដាក់បញ្ចូលពួកគាត់ទៅក្នុងក្រុមមនុស្សដែលកំពុងយកចិត្តទុកដាក់ លើបញ្ហាជីវភាព និងរៀបចំនីតិវិធីត្រឡប់ទៅវិញដោយស្របច្បាប់នៅពេលប្រទេសទទួល បើកឡើងវិញ ដែលជាគម្រោងរបស់អង្គការសហប្រជាជាតិសហការជាមួយរដ្ឋាភិបាល៖ «យើងបានដឹងតាំងពីដំបូងជំងឺកូវីដនេះ មិនងាយមានពេលដែលឈានទៅធម្មតាវិញទេ អ៊ីចឹងយ៉ាងហោចក៏គាត់ត្រៀមខ្លួនរស់នៅស្រុកខ្មែរ ៣ខែ ឬអាច៦ខែ ១ឆ្នាំ ឬជាង១ឆ្នាំ អាស្រ័យលើស្ថានភាពជំងឺនៅទូទាំងពិភពលោក ឬមួយនៅប្រទេសគោលដៅបាននឹងនរ ឬថយចុះបានដែរឬអត់? អ្វីដែលយើងគិតគឺមិនខុសទេ ពួកគាត់មិនអាចត្រឡប់ទៅវិញបាន គាត់ត្រូវតែមូលអារម្មណ៍ដាក់ចិត្តដាក់ថ្លើមថា យើងនឹងនៅទីនេះដែលជាភូមិកំណើតរបស់យើងហ្នឹង គាត់ត្រូវតែអត់ធ្មត់ប្រឈមការលំបាកដូចអ្នកនៅក្នុងស្រុកអ៊ីចឹងគឺយើងយកចិត្តទុកដាក់ដូចគ្នា»។ ទោះរដ្ឋាភិបាលអះអាងពីវិធានការរបស់ខ្លួនយ៉ាងនេះក្ដី មន្ត្រីសិទ្ធិការងារស្នើឱ្យរដ្ឋាភិបាល គួររៀបចំផែនការឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបបញ្ហាប្រឈមទាំងនេះ ដូចជា ផ្សព្វផ្សាយបញ្ហាប្រឈមពីការចំណាកស្រុកខុសច្បាប់ឱ្យបានទូលំទូលាយដល់ពលរដ្ឋនៅតំបន់ជនបទ បង្ហាញគោលនយោបាយគាំពារពីតម្រូវការចាំបាច់ នូវពេលវេលាជាក់លាក់ និងស្នើឱ្យរដ្ឋាភិបាលដាក់បម្រាមកំណត់ចំពោះការផ្អាកបង់សងបំណុល រួមទាំងជំរុញផលិតផលដាំដុះក្នុងស្រុកទប់ស្កាត់ការនាំបន្លែចូលពីប្រទេសជិតខាង ទើបអាចឱ្យពលរដ្ឋមានភាពនឹងនរក្នុងការរស់នៅ។

ក្នុងគ្រាដែលប្រជាពលរដ្ឋបន្តលួចឆ្លងចូលទៅប្រទេសថៃអំឡុងវិបត្តិជាសាកលនៃជំងឺកូវីដ-១៩ មិនប្រាកដទេថា ពួកគាត់មានការងារធ្វើនោះឡើយ។ ពលករដែលកំពុងធ្វើការនៅប្រទេសថៃឱ្យដឹងថា ប្រទេសថៃបច្ចុប្បន្នមិនសំបូរការងារដូចមុនទេ ពួកគាត់ខ្លះនៅមានការងារធ្វើតែខ្សត់ជាងមុន ខ្លះបន្តដេករង់ចាំការងារព្រោះរោងចក្រ សហគ្រាស ពួកគេខ្លះមិនទាន់បើកដំណើរការឡើងវិញនៅឡើយ។ សារព័ត៌មានថៃប៉ុស្តិ៍ (Thai post) បានចុះផ្សាយការពីដើមខែកក្កដាថា ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ពលរដ្ឋថៃបានបាត់បង់ការងារធ្វើប្រមាណ ៨លាន ៣សែននាក់ ហើយគោលនយោបាយថៃក៏នឹងត្រៀមកាត់បន្ថយការនាំចូលពលករដែលមានកិច្ចព្រមព្រៀងអនុសារណៈ ឬ(MOU)។

របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីឆ្នាំ២០១៩ បានឱ្យដឹងថា ពលករខ្មែរប្រមាណជាង ១លាន ២សែននាក់ កំពុងធ្វើការងារស្របច្បាប់នៅប្រទេសថៃ។ ប៉ុន្តែរបាយការណ៍របស់អង្គការសង់ត្រាល់ថា ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់ និងខុសច្បាប់ មានប្រមាណ ២លាននាក់៕

website_news/2020170702.txt · Last modified: 2020/07/17 15:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki