website_news:2020170703

ភាគីកម្ពុជាអះអាងថា ភាគីថៃរាយបន្លាលួសក្នុងដែនដីរបស់ថៃ មិនប៉ះដល់ដែនដីកម្ពុជាទេ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 16 July 2020 | 09:38 ICT

បាត់ដំបង/បន្ទាយមានជ័យៈ អាជ្ញាធរខេត្ដបាត់ដំបង និងបន្ទាយមានជ័យនៃប្រទេសកម្ពុជាតាមបណ្ដោយព្រំដែនអះអាងថា ការរាយរបងបន្លាលួសរបស់ភាគីថៃ គឺធ្វើឡើងនៅលើទឹកដីថៃតែប៉ុណ្ណោះ និងនៅឆ្ងាយពីព្រំដែននៃប្រទេសទាំង ២ មិនប៉ះពាល់ដល់ដែនដីកម្ពុជានោះឡើយ។

ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ១៤ កក្កដា ថាតាមរយៈការផ្សព្វផ្សាយនៅលើបណ្ដាញព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ១៣ និង ១៤ ខែកក្កដា ពីការរាយបន្លាលួសនេះគឺជាព័ត៌មានពិតមែន។ ប៉ុន្ដែការរាយបន្លាលួសនេះគឺភាគីថៃបានរាយនៅលើតែទឹកដីរបស់ខ្លួននៅតាមថ្នល់ជាតិ និងច្រកចេញចូលរបៀងមួយចំនួនដើម្បីការពារពលរដ្ឋលួចចេញចូលខុសច្បាប់។ លោកបានថ្លែងថា៖ «គេរាយនៅផ្លូវកៅស៊ូរបស់គេ។ គេមិនមែនយកមករាយតាមព្រំដែនទេ។ នៅច្រកណាដែលគេយាមមិនដល់គេដាក់បន្លាលួសនេះ។ គេធ្វើនៅលើដីគេ នៅឆ្ងាយពីព្រំដែនឆ្ងាយណាស់នៅថ្នល់កៅស៊ូរបស់គេឯណោះមិនមានរឿងអ្វីត្រូវរាយការណ៍មកយើងទេ»។ លោកស្នងការបានបញ្ជាក់ថា សមត្ថកិច្ចខេត្ដបន្ទាយមានជ័យបានខិតខំទប់ស្កាត់មិនឱ្យពលរដ្ឋខ្មែរលួចធ្វើចំណាកស្រុកតាមច្រកព្រំដែនទៅកាន់ប្រទេសថៃទេ។ ប៉ុន្ដែមានពលរដ្ឋមួយចំនួននៅតែលួចចូលទៅនៅពេលយប់ ដែលបង្កការលំបាកក្នុងការទប់ស្កាត់។ លោក អាត់ ខែម ថ្លែងថា៖ «តាមដំណឹងពីខាងក្នុងមក(ប្រទេសថៃ) មានការណាត់ពលរដ្ឋខ្មែរឱ្យទៅធ្វើការងារនៅទីនោះចេះតែមាន។ ខាងព្រំដែនទីនេះមានការលំបាកក្នុងការទប់ស្កាត់ពួកគាត់ ពិសេសពីចំណុចព្រំដែនប៉ោយប៉ែតទៅកាន់ជួរភ្នំដងរែកតាមភាគខាងជើង»។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់កាលពីថ្ងៃទី ១៤ កក្កដា ដែរថា ពលរដ្ឋខ្មែរនៅតែលួចធ្វើចំណាកស្រុកទៅតាមច្រកព្រំដែនបាត់ដំបង ពិសេសលួចចូលទៅពេលយប់ដូចនៅខេត្ដបន្ទាយមានជ័យដែរ ប៉ុន្ដែមិនមានចំនួនច្រើនទេ។ លោកបានថ្លែងថា៖ «យើងបានសុំការយោគយល់គ្នាជាមួយខេត្ដជាប់ព្រំដែនជាមួយភាគីថៃលើរឿងនេះក្នុងការសហការគ្នា។ បើចាប់បានពលរដ្ឋខ្មែរលួចធ្វើចំណាកស្រុកឱ្យជួយចាប់បញ្ជូនមកកម្ពុជាវិញ រួចយើងក៏ធ្វើចត្ដាឡីស័កពួកគាត់តាមការណែនាំរបស់រដ្ឋាភិបាល»។ លោកអភិបាលរងបានថ្លែងថា នៅតាមក្បែរបណ្ដោយព្រំដែនក្នុងខេត្ដបាត់ដំបងមិនទាន់ឃើញមានការរាយបន្លាលួសរបស់ភាគីថៃនោះទេ។ លោកអះអាងថា លោកបានទៅព្រំដែននៅតំបន់ភ្នំព្រឹកកាលពីពេលថ្មីៗក៏បានទទួលព័ត៌មាន និងមិនឃើញមានការរាយបន្លាលួសរបស់ភាគីថៃនៅក្បែរបន្ទាត់ព្រំដែនក្នុងដែនដីខេត្ដបាត់ដំបងនោះដែរ។

លោក តូច រ៉ា នាយសេនាធិការរងយោធភូមិភាគទី ៤ និងជាប្រធានការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនប្រចាំច្រកព្រំដែនអន្តរជាតិជាំបានឱ្យដឹងកាលពីម្សិលមិញដែរថា នៅច្រកព្រំដែននេះប្រជាពលរដ្ឋកម្ពុជា-ថៃនៅមានការធ្វើចរាចរណ៍ពាណិជ្ជកម្មដោយដឹកទំនិញទៅវិញទៅមក។ ប៉ុន្ដែមិនមានការបើកឱ្យប្រជាពលរដ្ឋចេញចូលនោះទេ។ លោកបានថ្លែងថា៖ «នៅតាមច្រកព្រំដែន យើងនិយាយគ្នាជាមួយភាគីថៃហើយថា អ្វីក៏ដោយ គឺមិនត្រូវឱ្យមានការប្រែប្រួលខុសពីសភាពដើមឡើយ ពីមុនយ៉ាងម៉េចគឺរក្សាដដែល»។

លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលើកឡើងថា សកម្មភាពរាយបន្លាលួសនេះគឺស្ថិតក្នុងទិដ្ឋភាព ២ គឺទី១ ប្រទេសថៃ មានការបារម្ភអំពីបញ្ហាជំងឺកូវីដ ១៩។ ព្រោះពិបាកកំណត់ថាអ្នកណាម្នាក់មានឆ្លងមេរោគនេះឬអត់ព្រោះកន្លងមកពលរដ្ឋខ្មែរមួយចំនួនប្រើផ្លូវកាត់ចូលទៅធ្វើការនៅប្រទេសថៃ។ ដូច្នេះការរាយបន្លាលួសនេះអាចជារបងការពារ។ លោកបន្ដថា៖ «ទី២ ក្នុងនាមយើងជាខ្មែរយើងក៏ត្រូវដឹងដែរថា ការរាយបនា្លលួសនោះក្នុងន័យការពារប្រជាពលរដ្ឋយើងក្នុងការឆ្លងដែនខុសច្បាប់ទៅស្រុកគេមែន ឬក៏ជាលេសមួយដើម្បីដាក់លួសនេះទាមទាររឿងអ្វីផ្សេង ដូចដែលយើងបានឃើញកន្លងមកដែលខ្មែរយើងបានប្រឈមមុខ»៕

website_news/2020170703.txt · Last modified: 2020/07/17 15:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki