website_news:2020171101

ការពង្រឹងសមត្ថភាពក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅស្រុកសូទ្រនិគម

https://www.facebook.com/deputygovernoryousophear 16-11-2020

ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង។អំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) សហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម និងអង្គការមូលនិធិ អេ២១ បានចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ស្រុក និងថ្នាក់ឃុំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញផ្សេងៗ និងការផ្តល់សេវាឱ្យបានសមស្របដល់ជនរងគ្រោះ និងងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ថ្លែងនៅក្នុងកិច្ចស្វាគមន៍ លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ស្រុក បានលើកឡើងអំពីការយកចិត្តទុកដាក់របស់ក្រុមការងារទាំងគ្រប់កម្រិតបន្ថែមពីនោះស្របតាមយន្តការ និងការណែនាំពីគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ ខ ប ជ) ស្រុកសូទ្រនិគម បានបង្កើត និងកែសម្រួលលើសេចក្តីសម្រេចការងារនៅថ្នាក់ស្រុក និងថ្នាក់ឃុំ ជាបន្តបន្ទាប់ ដើម្បីពង្រឹងលើការបង្ការទប់ស្កាត់អំពើជួញដូរមនុស្សនៅក្នុងសង្គម។ លោកអភិបាលស្រុកបានជម្រានជូនផងដែរថា ក្រុមការងារថ្នាក់ស្រុកបានធ្វើការប្រជុំតាមដាននិងត្រួតពិនិត្យលើការងារនេះជាប្រចាំ និងបានជំរុញទៅដល់ថ្នាក់ឃុំឲ្យយកចិត្តទុក្ខដាក់លើការងារបង្ការទប់ស្កាត់ និងការជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើហិង្សាទាក់ទងនឹងយេនឌ័រឲ្យបានសមស្រប និងមានប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលនេះទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋបាលខេត្តសៀមរាប និងអង្គការមូលនិធិA21។

មានប្រសាសន៍នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានលើកឡើង អំពីការអភិវឌ្ឍលើគ្រប់វិស័យ តាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយបានផ្តោតខ្ពស់លើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការកេងកម្លាំងពលកម្ម ការធ្វើអាជីវកម្មផ្លូវភេទលើស្រ្តី កុមារនិងជនងាយរងគ្រោះ ព្រមទាំងបានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ និងជំរុញឲ្យក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ថ្នាក់ ខិតខំអនុវត្តច្បាប់ និងសហការកាន់តែខ្លាំងក្លាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ និងជំរុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីរូមចំណែកលុបបំបាត់អំពើជួញដូរមនុស្សឲ្យបានជាស្ថាពរ រួមមាន៖

1,ជំរុញលើការពង្រឹងលើការរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យ តាមដានលើបទល្មើសទាក់ទងនឹងអំពើជួញដូរមនុស្សនៅតាមមូលដ្ឋាន

2,ត្រូវពង្រឹងលើការកំណត់អត្តសញ្ឋ្ញណជនរងគ្រោះឲ្យបានត្រឹមត្រូវ ដោយមានកិច្ខសហការជាមួយគ្រប់អ្នកពាក់ព័ន្ធ និងការផ្តល់ សេវាជូនជនរងគ្រោះឲ្យបានសមស្របប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ទៅតាមនីតិវិធី

3,ជំរុញលើការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់សម្រាប់ជនល្មើសជួញដូរមនុស្ស និងជនប្រព្រឹត្តបទល្មើសរំលោភបំពានលើស្រ្តី និងកុមារ។

4, ជំរុញលើកិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ

5, ជំរុញឪ្យមានការគ្រប់គ្រងលើប្រព័ន្ធបញ្ចូនជនរងគ្រោះ តាមរយៈមន្រ្តីសង្គមកិច្ច

6, ជំរុញឲ្យមានការចូលរួមរាល់នីតិវិធីតុលាការ ពីមន្រ្តីសង្គមកិច្ច អាណាព្យាបាលឬ មន្រ្តីកិច្ចការនារី ឬអ្នកទទួលបន្ទុកកិច្ចការនារីឃុំ ក្នុងដំណើរការនីតិវិធីតុលាការរឿងក្តីរបស់កុមារ។

7, ជំរុញលើការរៀបចំរបាយការណ៍លទ្ធផលនៃការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការគ្រប់គ្រងករណីដោយត្រូវបន្ស៊ីតួលេខជាមួយថ្នាក់ឃុំ ថ្នាក់ស្រុក និងអង្គការដៃគូ ឲ្យបានច្បាស់លាស់ មុននឹងបញ្ចូនទៅក្រុមការងារថ្នាក់ខេត្ត ជៀសវាងជាន់ករណីគ្នាដែលធ្វើឲ្យមានការកើនឡើងទិន្នន័យ (ករណីតែមួយតែរាយការណ៍ច្រើនលើក)។

website_news/2020171101.txt · Last modified: 2020/11/17 13:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki