website_news:2020171103

ក្រោយផ្ទុះការតវ៉ា រោងចក្រ GFN នៅថៃសន្យាដោះស្រាយតាមការទាមទាររបស់ពលករកម្ពុជា

https://vodkhmer.news/ លោក ត្រាន់ តិចសេង ១៦ វិច្ឆិកា ២០២០ ម៉ោង ១៨:២៣

ក្រោយផ្ទុះការតវ៉ាពីសំណាក់ពលករកម្ពុជារាប់ពាន់នាក់នៅថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុនកែច្នៃសាច់មាន់ GFN នៅខេត្តឈុនបុរី ប្រទេសថៃ បានសម្រេចដោះស្រាយបញ្ហារបស់ពលរទាំងនោះតាមសំណើ ខណៈអ្នកឃ្លាំមើលសិទ្ធិជនអន្តោប្រវេសន៍រង់ចាំមើលការអនុវត្តជាក់ស្តែង។ ពលករចំណាកស្រុកកម្ពុជាផ្នែកពន្លះសាច់មាន់នៅរោងចក្រនេះ លោក សុខ នៅ លើកឡើងថា ខាងរោងចក្របានយល់ព្រមដោះស្រាយតាមសំណើរបស់ពួកគាត់ និងសន្យាសងត្រឡប់លុយដែលបានកាត់សម្រាប់ថ្លៃជួសជុលបន្ទប់និងលាបថ្នាំអាគារស្នាក់នៅរបស់ពលករ ហើយពិនិត្យមើលឡើងវិញលើថ្លៃពន្យារទិដ្ឋការធ្វើការ។ យ៉ាងណា លោកថា ការយល់ព្រមរបស់ភាគីថៅកែរោងចក្រ គឺធ្វើឡើងដោយសារថៅកែរោងចក្រគ្មានជម្រើស នៅក្រោមសម្ពាធនៃកម្លាំងសាមគ្គីរបស់ពលករខ្មែររាប់ពាន់នាក់ ខណៈការតវ៉ាពីពលករក្នុងចំនួនខ្ទង់រយនាក់នាពេលកន្លងមក គ្មានប្រសិទ្ធភាព។ លោក សុខ នៅ និយាយថា៖ «ដោយសារតែគាត់ពិបាករកដង្ហើមហើយ បានគាត់រកដំណោះស្រាយឱ្យហ្នឹងនោះ។ បើសិនល្មមៗ គាត់មិនដោះស្រាយឱ្យទេ។ សូម្បីតែពលករតវ៉ាដល់ថ្នាក់ហ្នឹងហើយ គាត់នៅចង់រកលេសនិយាយអញ្ចេះនិយាយអញ្ចុះទៀត ប៉ុន្តែដោយសារពលករមិនព្រម»។

ពលករចំណាកស្រុកមកពីខេត្តកំពង់ធំម្នាក់ ឈ្មោះ អ៊ុំ សុយ៉ុង លើកឡើងថា មូលហេតុនៃការផ្ទុះការតវ៉ាទ្រង់ទ្រាយធំនៅរោងចក្រ GFN គឺបណ្តាលមកពីពលករខ្មែរមិនអាចទ្រាំទ្រនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម បន្ថែមពីលើសេរីភាពដើរហើរពីសំណាក់ថៅកែថៃបានតទៅទៀត ក្នុងរយៈពេល៣ខែចុងក្រោយនេះ។ កម្មករផ្នែកពន្លះសាច់មាន់រូបនេះ បន្តថា លោកនិងកម្មករដទៃទៀត មិនដែលប្តឹង មិនដែលស្នើទៅមេការដោះស្រាយបញ្ហាពួកគាត់ទេពីមុនមក ដោយសារតែពួកគេមិនហ៊ាន ខ្លាចបាត់បង់ការងារ រហូតដល់គ្រប់គ្នាទ្រាំលែងបានចំពោះការរឹតត្បិតសេរីភាពនិងសម្ពាធសេដ្ឋកិច្ច។ លោក សុយ៉ុង បន្ថែមថា ខាងរោងចក្របានកាត់លុយថ្លៃស្នាក់នៅកាន់តែច្រើន ដោយឡើងពី៣០០បាតដល់៩០០បាត ហើយតម្រូវឱ្យលោកធ្វើការកាត់សាច់មាន់ឱ្យគ្រប់តាមចំនួនកំណត់ ដែលហួសពីសមត្ថភាពរបស់លោក និងបានធ្វើឱ្យលោកបាត់បង់ចំណូលពីការធ្វើការថែមម៉ោងដូចមុន។ លោក សុយ៉ុង ប្រាប់ថា៖ «ពីមុនមក វាអត់សូវតឹងតែងទេ ឥលូវវាតឹងតែងដល់កម្រិត កាត់សាច់ខុសបន្តិចមិនបាន ឱ្យចូល១០០ភាគរយពេញហ្មង។ ឱ្យយើងធ្វើ១០០ភាគរយហើយ ឱ្យយើងម៉ៅ យើងម៉ៅ យើងធ្វើម៉េចបានបង។ ធម្មតាយើងម៉ៅ យើងមិនត្រូវធ្វើលឿន។ ដល់ពេលនេះ វាឱ្យយើងម៉ៅ ហើយឱ្យធ្វើ១០០ភាគរយ អញ្ចឹងយើងធ្វើម៉េចបានលឿន»។

វីអូឌី មិនអាចសុំការបញ្ជាក់ពីអ្នកគ្រប់គ្រងកម្មករកម្ពុជានៅរោងចក្រ GFN លោក ស៊ីម ចាន់ថន បានទេនៅថ្ងៃចន្ទនេះ។ មន្រ្តីផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃ នៃមជ្ឈមណ្ឌលសម័ន្ធភាពការងារ និងសិទ្ធិមនុស្ស ឬហៅកាត់ សង់ត្រាល់ លោក លឹង សុផុន លើកឡើងថា តំណាងរោងចក្រ បានព្រមទទួលយកសំណើរបស់កម្មករទៅដោះស្រាយគ្រប់លក្ខខណ្ឌ ប៉ុន្តែយ៉ាងណា លោកនៅរង់ចាំមើលលទ្ធផលជាក់ស្តែងនៅពេលខាងមុខសិន។ លោក សុផុន ប្រាប់ថា៖ «យើងឃើញថា ខាងរោងចក្រគេបានទទួលសន្យានូវអ្វីដែលពលករបានលើកឡើងនូវបញ្ហារបស់ពួកគាត់អញ្ចឹង។ តែអ្វីដែលយើងមិនទាន់ឃើញច្បាស់ថា តើរោងចក្រហ្នឹង គាត់បានគោរពតាមច្បាប់ តាមលក្ខន្តិកៈនៅឡើយឬយ៉ាងណា គឺខាងរោងចក្រមិនទាន់បង្ហាញទេ»។

កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ពលករចំណាកស្រុកកម្ពុជាប្រមាណ៥រយនាក់ ប្រមូលផ្តុំគ្នាលើកសំណើទៅតំណាងរោងចក្រ ស្នើឱ្យជួយដោះស្រាយបញ្ហារបស់ពួកគេ៣ចំណុច ដែលរួមមាន ការឡើងថ្លៃបន្ទប់ស្នាក់នៅ និងថ្លៃពន្យារទិដ្ឋការការងារ ការហាមឃាត់ពលករខ្មែរចេញក្រៅរោងចក្រ ដោយតម្រូវឱ្យពួកគេទិញម្ហូបដាក់លក់ខាងក្នុងរោងចក្រដែលមានតម្លៃខ្ពស់ និងការរឹតបន្ដឹងលក្ខខណ្ឌការងារដែលធ្វើឱ្យប្រាក់ខែរបស់ពួកគេធ្លាក់ចុះទាប៕

website_news/2020171103.txt · Last modified: 2020/11/17 13:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki