website_news:2020180205

បទល្មើសព្រហ្មទណ្ឌ ថយចុះជាង២០០លើក បើប្រៀបធៀបទៅឆ្នាំមុន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ម៉ោង ១១:៣២ ចន ណារិទ្ធ

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំ សម្រាប់ឆ្នាំ២០១៩កន្លងមកនេះ បទល្មើសព្រហ្មទណ្ឌ កើតមាន ៨៣៨លើក/១.០៤៦លើក ថយចុះចំនួន២០៨លើក (ស្លាប់៣៣នាក់/ ៤៥នាក់, របួស១១៧នាក់/២៣២នាក់) ក្នុងនោះ បទល្មើសឧក្រិដ្ឋ ១០៨លើក/១៣៩លើក ថយចុះ៣១លើក និងបទល្មើសមជ្ឈិម ៧៣០លើក/៩០៧លើក ថយចុះ ១៧៧លើក បើធ្វើការប្រៀបធៀបទៅឆ្នាំ២០១៨កន្លងមក ។ របាយការណ៍ បានបន្តថា មួយឆ្នាំកន្លងមកនេះ សមត្ថកិច្ចបានខិតខំបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន ៧៤៩ករណី ស្មើនឹង ៨៩,៣៧% នៃបទល្មើសរួម ឃាត់ខ្លួន ១.០៨៩នាក់ (បង្ក្រាបជាក់ស្តែង ៥៩៨ករណី ឃាត់ខ្លួន ៨១៨នាក់ និងបង្ក្រាបដោយស៊ើបអង្កេត ១៥១ករណី ឃាត់ខ្លួន ២៧១នាក់) ក្នុងនោះបទល្មើសឧក្រិដ្ឋ៨៩ករណី ឃាត់ខ្លួន១៦២នាក់ និង បទល្មើសមជ្ឈិម ៦៦០ករណី ឃាត់ខ្លួន ៩២៧នាក់។ក្រៅពីនេះបង្ក្រាបតាមដីកា ១៧ដីកា ឃាត់ខ្លួន ១៨នាក់ (បទល្មើសឧក្រិដ្ឋ ១ករណី ១នាក់ និងបទល្មើសមជ្ឈិម ១៦ករណី ១៧នាក់) ជនសង្ស័យ និងវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

របាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងទៀតថា សម្រាប់បទល្មើសគ្រឿងញៀនបង្ក្រាប បាន២.២៧៧ករណី/២.០២៣ករណី កើន ២៥៤ករណី ឃាត់ខ្លួន ៤.៧៦១នាក់/៣.៦៧០នាក់ (ស្រី ២៦៤នាក់) កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ក្នុងនោះ ករណីជួញដូរគ្រឿងញៀន ១.២២៣ករណី ឃាត់ខ្លួន ២.០៤៥នាក់(ស្រី ៩៩នាក់), ករណីប្រើប្រាស់គ្រឿងញៀន ១.០៥៤ករណី ឃាត់ខ្លួន ២.៧១៦នាក់ (ស្រី ១៦៥នាក់) និងឃាត់ តាមដីកា ៧ដីកា ឃាត់ខ្លួន ៧នាក់។ ក្រៅពីនោះ បានបើកកិច្ចប្រតិបត្ដិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅតាមក្លឹបកំសាន្ដធំៗចំនួន៣គឺ៖ នៅមជ្ឈមណ្ឌល កំសាន្ដរ៉ក់ ឃាត់ខ្លួន ចំនួន ៣១១នាក់ (ស្រី ៥៥នាក់), ក្លឹបកំសាន្ដម៉ៃអាមី ឃាត់ខ្លួន ចំនួន ៥០នាក់ (ស្រី ១២នាក់) និងក្លឹបលុចសារី ឃាត់ខ្លួន ចំនួន ៤០៨នាក់ (ស្រី ១៨២នាក់) កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ សរុបចំនួន ៤១នាក់ និងបណ្ដេញចេញពីព្រះរាជាណាចក្រ កម្ពុជា ចំនួន ៤៥នាក់។ ចំណែក ល្បែងស៊ីសងខុសច្បាប់ បង្ក្រាបបាន៩៤ករណី ឃាត់ខ្លួន៤៨៦នាក់ (ស្រី ១១០នាក់) កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន ៨៥នាក់ និងធ្វើកិច្ចសន្យាអប់រំ ៤០១នាក់។

ការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ៖ បង្ក្រាបបាន ៤៧ករណី ឃាត់ខ្លួន ១០៤នាក់ ស្រី ៣៨នាក់ (ជនបរទេស ៥នាក់) រួមមាន ករណីរួមភេទជាមួយអនីតិជន ២៨ករណី ឃាត់ខ្លួន ២៩នាក់, ករណីអាជីវកម្មផ្លូវភេទ ២ករណី ឃាត់ខ្លួន ២នាក់, ករណីសញ្ចារកម្ម ៧ករណី ឃាត់ខ្លួន ៦១នាក់ (ស្រី ៣៥នាក់), ប្រព្រឹត្ដអំពើអាស ៦ករណី ឃាត់ខ្លួន ៦នាក់, ករណីនាំចេញដោយមិន ស្របច្បាប់សម្រាប់ឆ្លងដែន ៣ករណី ឃាត់ខ្លួន ៥នាក់ (ស្រី ៣នាក់) និងករណីផលិតរូបភាពអាស អាភាស ១ករណី ឃាត់ខ្លួន ១នាក់។ ជនសង្ស័យ និងវត្ថុតាង កសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញ និងរំដោះនារីរងគ្រោះ ចំនួន ៦០នាក់ បញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៣៣នាក់ និងប្រគល់ជូនក្រុមគ្រួសារ២៧នាក់។ ក្រៅពីនេះបានសហការបង្ក្រាបករណីសញ្ចារកម្ម ៤ករណី ឃាត់ខ្លួន ៨នាក់ (ស្រី ៦នាក់) ប្រគល់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជន ចាត់ការតាមនីតិវិធី

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងារ របស់ខ្លួនប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈនេះ និងគ្រោងអញ្ជើញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា)

website_news/2020180205.txt · Last modified: 2020/02/18 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki