website_news:2020180503

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រុមការងារចុះជួបកម្មករ ពលករចំណាកស្រុក និងប្រជាពលរដ្ឋនៅមូលដ្ឋាន

http://www.freshnewsasia.com/ 2020-05-16

(ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចុះទៅជួបសាកសួរសុខទុក្ខកម្មករ ពលករចំណាកស្រុក និងប្រជាពលរដ្ឋ មកពីភូមិទាំង១៨ក្នុងឃុំ ដែលបានមកជួបជុំប្រមូលផ្តុំគ្នានៅ៥កន្លែងផ្សេងគ្នា សរុបចំនួន ១១០នាក់ តំណាងឱ្យគ្រួសារជួបការលំបាកដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩។ ការចុះសាកសួរសុខទុក្ខនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ដោយមានការអមដំណើរពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងសហការី ប្រធានក្រុមប្រឹក្សា និងអភិបាលស្រុក ព្រមទាំងលោកស្រី អស់លោកក្នុងក្រុមការងារចុះជួយឃុំធាយនិងស្រុកបាភ្នំ។ ក្នុងពេលជួបសំណេះសំណាល លោករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារបានលើកឡើងកោតសរសើរចំពោះការខិតខំប្រឹងប្រែងដោយផ្ទាល់របស់បងប្អូនកម្មករ ពលករចំណាកស្រុកនិងក្រុមញាតិគ្រួសាររបស់ខ្លួន រួមជាមួយការជ្រោមជ្រែងជាប្រចាំរបស់ក្រុមការងារនិងអាជ្ញាធរមូលដ្ឋាន ដែលបានពុះពារការលំបាកជម្នះរាល់បញ្ហាប្រឈមជាផលប៉ះពាល់នៃជំងឺកូវីដ១៩។

ទោះបីជាមានចលនារបស់ប្រជាពលរដ្ឋចំណាកស្រុកចេញចូលមូលដ្ឋានជាបន្តបន្ទាប់ អាស្រ័យដោយស្ថានភាពមុខរបរ និងការងារ ហើយពេលខ្លះទៀតតម្រូវឱ្យមានការធ្វើចត្តាឡីស័កចំពោះបងប្អូនដែលទើបត្រឡប់ពីក្រៅប្រទេសក៏ដោយក្តី ប៉ុន្តែលើការជាក់ស្តែងការខិតខំប្រឹងប្រែងរួមនេះ បានរួមចំណែកយ៉ាងសំខាន់ទប់ស្កាត់មិនឱ្យជំងឺដ៏កាចសាហាវនេះឆ្លងចូលក្នុងសហគមន៍បានឡើយ។ ហេតុនេះស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី នៅពេលខាងមុខនេះ ទន្ទឹមនឹងការលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នទប់ស្កាត់ឱ្យបាននូវការរីករាលដាលជាលើកទី២ យើងទាំងអស់គ្នាត្រូវបន្តសាមគ្គីជួយយកអាសារគ្នាក្នុងគ្រួសារនិងក្នុងសហគមន៍ភូមិឃុំនីមួយៗ រួមគ្នាជម្នះការលំបាកជាបណ្តោះអាសន្នសំដៅតស៊ូប្រយុទ្ធឱ្យឈ្នះកូវីដ១៩ ក៏ដូចជាពុះពារដោះស្រាយឱ្យបាននូវរាល់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម ដើម្បីនាំសង្គមជាតិយើងត្រឡប់ទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ។ ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីនិងក្រុមការងារក៏បានជូនអំណោយមួយចំនួនដល់ប្រជាពលរដ្ឋរួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ទឹកសុទ្ធ ម៉ាសពាក់មុខ សាប៊ូលាងដៃនិងថវិកាមួយចំនួនផង៕

website_news/2020180503.txt · Last modified: 2020/05/18 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki