website_news:2020180508

អគ្គរាជទូតខ្មែរនៅជប៉ុន អញ្ជើញចុះសួរសុខទុក្ខ និងណែនាំកម្មសិក្សាការី និងពលករជំនាញ ត្រូវស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន ទប់ស្កាត់ការឆ្លងកូវដី១៩

http://www.freshnewsasia.com/ 2020-05-17

(ជប៉ុន)៖ នៅអាទិត្យទី១៧ ខែឧសភា ឆ្នាំ២០២០ លោក អ៉ឹង រចនា អគ្គរាជទូត នៃព្រះរាជណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយកម្មសិក្សាការី និងពលករជំនាញ ដែលធ្វើកម្មសិក្សា និងធ្វើការនៅ ខេត្តឈីបា ប្រទេសជប៉ុន និងបានណែនាំឲ្យចូលរួមស្តាប់ការណែនាំរបស់អាជ្ញាធរ ដើម្បីទប់ស្កាត់ការឆ្លងកូវដី១៩។

លោក ហុងដា តាដាស៊ី តំណាងក្រុមហ៊ុន ថប មេនផៅវ័រ (TOP Manpower Co., Ltd.) នៅប្រទេសជប៉ុន បាននិយាយប្រាប់អំពីទឹកចិត្តរបស់សិក្ខាកាម និងពលករជំនាញកម្ពុជា មានសេចក្តីរំភើប សប្បាយរីករាយ និងកក់ក្តៅខ្លាំងណាស់ នៅពេលបានជួបផ្ទាល់ជាមួយឯកអគ្គរាជទូត ជាពិសេសមតិសំណេះសំណាល ការណែនាំ ដើម្បីឲ្យសិក្ខាកាម និងពលករជំនាញ ប្រឹងហ្វឹកហាត់ជំនាញ ដើម្បីយកមកអភិវឌ្ឍន៍ប្រទេស និងសន្សំប្រាក់មកផ្ទះវិញ។ ទន្ទឹមនោះ លោកក៏មានការចាប់អារម្មណ៍ នឹងកោតសរសើរចំពោះ កាយវិការ ដ៏សាមញ្ញរបស់អគ្គរាជទូត និងសហការី ដែលតែងតែចុះមកសួរសុខទុក្ខ និងដោះស្រាយជូនសិក្ខាកាម និងពលករជំនាញ នៅពេលជួបផលលំបាកជាដើម។ ហើយលោក ក៏សូមឆ្លៀតឱកាសពេលនេះ សូមកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានស្ថានឯកអគ្គរាជទូតកម្ពុជា ជាតំណាងក្នុងការបំពេញបេសកម្មបម្រើជាតិ និងប្រជាជនកម្ពុជា ដែលខិតខំឆ្លៀតពេលដ៏មានតម្លៃដើម្បីចុះមកសួរសុខទុក្ខផ្ទាល់ដល់ សិក្ខាកាម និងពលករជំនាញ។ ជាចុងក្រោយ តាំងនាម លោកជាសម្របសម្រួល របស់ក្រុមហ៊ុន ថប មេនផៅវ័រ និងសិក្ខាកាមនិងពលករជំនាញកម្ពុជា សូមគោរពដឹងគុណដល់អគ្គរាជទូត និងសហការី និងជូនពរការងារកាន់តែជោគជ័យទៀត៕

website_news/2020180508.txt · Last modified: 2020/05/18 14:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki